ថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ ២០២៣ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បានចេញផ្សាយថា ប្រទេសចិនជាប្រទេសទីបីហើយដែលបានបញ្ជូនមនុស្សទៅកាន់លម្ហអាកាស បន្ទាប់ពីសហភាពសូវៀត និងសហរដ្ឋអាមេរិក។ សព្វថ្ងៃនេះ ចិនកំពុងរៀបចំសាងសង់ស្ថានីយទាក់ទងបណ្តាញផ្កាយរណបពីភពផែនដីមួយនៅតំបន់អង់តាក់ទិក ដើម្បីទុកជាទីតាំងផ្ដល់ការគាំទ្រផ្នែកបណ្តាញផ្សេងៗទៅកាន់ផ្កាយរណបដែលកំពុងធ្វើការឆ្លុះមើល និងត្រួតពិនិត្យទៅលើផ្ទៃមហាសមុទ្រ។
យ៉ាងណាក៏ដោយ ការកើនឡើងនៃស្ថានីយទាក់ទងបណ្តាញផ្កាយរណបពីភពផែនដីផ្ទាល់របស់ចិន ដែលបង្កើតឡើងដើម្បីគាំទ្រមុខងារបន្ថែមទៀតដល់ផ្កាយរណបនៅលើអាកាសជាច្រើន ជាពិសេសមហិច្ឆតាចង់ពង្រីកវិស័យអវកាសរបស់ចិន បានធ្វើឱ្យបណ្ដាប្រទេសមួយចំនួនមានការព្រួយបារម្ភថា ចិនអាចនឹងប្រើប្រាស់បច្ចេកវិទ្យាអវកាសនេះ សម្រាប់ធ្វើចារកម្ម។ ប៉ុន្តែការលើកឡើងពីការព្រួយបារម្ភនេះ ត្រូវបានចិនបដិសេធថាជារឿងមិនពិតទាំងស្រុង។
គួររំឭកថា កាលពីឆ្នាំ ២០២០ ក្រុមហ៊ុនអវកាសរបស់ប្រទេសស៊ុយអែត ធ្លាប់បានផ្គត់ផ្គង់ស្ថានីយទាក់ទងបណ្តាញផ្ដាយរណបពីភពផែនដីដែលអាចជួយគាំទ្រដល់យានអវកាសរបស់ចិន ដូចជាការជួយសម្រួលដល់ការបញ្ជូនទិន្នន័យជាដើម។ ប៉ុន្តែក្រោយមក ក្រុមហ៊ុននេះបានបដិសេធមិនបន្តកិច្ចសន្យាជាមួយប្រទេសចិន ឬទទួលបានសំណើអាជីវកម្មថ្មីៗពីប្រទេសចិនទៀតនោះទេ ដោយសារតែមូលហេតុនៃការផ្លាស់ប្តូរស្ថានភាពភូមិសាស្ត្រនយោបាយ។
យោងតាមសារព័ត៌មានគ្រប់គ្រងដោយរដ្ឋចិនឈ្មោះថា China Space News បានរាយការណ៍ថា ក្រុមហ៊ុនវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាអវកាសចិន (China Aerospace Science and Technology Group) នឹងធ្វើការសាងសង់ស្ថានីយសម្រាប់ជាមូលដ្ឋានស្រាវជ្រាវនៅឯទីក្រុងចុងសាន (Zhongshan) ដែលជាស្ថានីយស្រាវជ្រាវអចិន្ត្រៃយ៍មួយក្នុងចំណោមពីរទៀតស្ថិតនៅទ្វីបអង់តាក់ទិក។ គម្រោងសាងសង់នេះបានផ្ដួចផ្ដើមឡើង បន្ទាប់ពីក្រុមហ៊ុននេះបានឈ្នះការដេញថ្លៃ ក្នុងតម្លៃ ៦,៥៣ លានដុល្លារសហរដ្ឋអាមេរិក។
យ៉ាងណាមិញ គេសង្កេតឃើញថា មិនទាន់មានព័ត៌មានលម្អិតអំពីបច្ចេកទេសនៃគម្រោងនេះ ត្រូវបានចេញផ្សាយនៅក្នុងរបាយការណ៍នៅឡើយទេ បើទោះបីជាសារព័ត៌មាន China Space News បានបោះពុម្ពផ្សាយរូបភាពចំនួនពីរ ដែលបានរចនាឡើងដោយវិចិត្រករម្នាក់។ ក្នុងរូបភាពនោះ បានបង្ហាញអំពីស្ថានីយចំនួន ៤ កន្លែងស្ថិតនៅទីក្រុងចុងសាន ដែលមានទីតាំងនៅភាគខាងកើតឆ្នេរ Prydz Bay នៃទ្វីបអង់តាក់ទិក និងដែលត្រូវជាភាគខាងត្បូងនៃមហាសមុទ្រឥណ្ឌា។
គួរដឹងដែរថា គម្រោងនេះគឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើមដ៏ទូលំទូលាយយ៉ាងច្រើនទៀតរបស់ប្រទេសចិន ក្នុងគោលបំណងកសាងសេដ្ឋកិច្ចសមុទ្រ និងប្រែក្លាយប្រទេសចិនទៅជាមហាអំណាចសមុទ្រ នេះបើយោងតាមសារព័ត៌មានរដ្ឋដដែលខាងលើ។
ជាក់ស្ដែង ស្ថានីយមួយដែលសាងសង់ដោយចិនស្ថិតនៅតំបន់ Patagonia របស់ប្រទេសអាហ្សង់ទីន បានធ្វើឱ្យមានការព្រួយបារម្ភអំពីគោលបំណងរបស់ចិន បើទោះបីជាមានការអះអាងម្ដងហើយម្ដងទៀតពីភាគីចិនថា គោលដៅរបស់ស្ថានីយនេះគឺបង្កើតឡើងដើម្បីសង្កេតមើលដំណើរអវកាសប្រកបដោយសន្តិភាព និងជួយសម្រួលដល់បេសកកម្មយានអវកាសតែប៉ុណ្ណោះក៏ដោយ។
គួររំឭកផងដែរថា កាលពីឆ្នាំមុន ចិនបានសំចតកប៉ាល់តាមដានយោធាមួយគ្រឿងនៅឯកំពង់ផែហាំបាន់តូតា (Hambantota) ក្នុងប្រទេសស្រីលង្កា ដែលជាកំពង់ផែសាងសង់ឡើងដោយក្រុមហ៊ុនរដ្ឋចិន។ អ្នកវិភាគមួយចំនួនយល់ឃើញថា កប៉ាល់នេះបានប្រើប្រាស់សម្រាប់ឃ្លាំមើលការបាញ់បង្ហោះផ្កាយរណប គ្រាប់រ៉ុក្កែត និងគ្រាប់មីស៊ីល ប៉ុន្តែវាបានបង្កឱ្យមានប្រតិកម្មប្រឆាំងយ៉ាងខ្លាំងពីសំណាក់ប្រទេសជិតខាង ជាពិសេសប្រទេសឥណ្ឌា ដែលការព្រួយបារម្ភទាំងអស់នោះគឺផ្ដោតទៅលើសក្តានុពលនៃចារកម្មរបស់ចិន។
កាលពីខែតុលា ប្រទេសចិនបានបើកដំណើរការស្ថានីយអវកាសចំនួន ៣ ទីតាំង ដែលជាស្ថានីយចុងក្រោយបង្អស់របស់ខ្លួន។ វាបានក្លាយជាស្ថានីយទីពីរហើយដែលមានមនុស្សរស់នៅជាអចិន្ត្រៃយ៍នៅក្នុងគន្លងវិលជុំវិញផែនដីកម្រិតទាប បន្ទាប់ពីស្ថានីយអវកាសអន្តរជាតិដឹកនាំដោយក្រុមហ៊ុនអវកាសណាសា (NASA)៕
វីដេអូ៖