​ប្រធានាធិបតី​ប្រទេស​ប៉ូឡូញ បាន​បញ្ជា​ឱ្យ​បិទ​ច្រក​ព្រំប្រទល់​សំខាន់​មួយ​រវាង​ប្រទេស​បេឡា​រុស បន្ទាប់ពី​អ្នក​សារព័ត៌មាន​របស់​ខ្លួន​មួយរូប ត្រូវបាន​ចាប់ខ្លួន កាលពី​ថ្ងៃ​ពុធ​សប្តាហ៍​នេះ ហើយ​ត្រូវបាន​តុលាការ​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល ៨ ឆ្នាំ ពាក់ព័ន្ធ​បំផុស​ព័ត៌មាន​ញុះញង់​ជាតិ​សាសនា។​

​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ប៉ូឡូញ បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ នៅ​ព្រឹក​ថ្ងៃនេះ​ថា ប្រទេស​ខ្លួន​នឹង​សម្រេចចិត្ត​បិទ​ច្រកព្រំដែន​សំខាន់​មួយ​ជាមួយ​បេឡារុស​នៅ​ស្រុក Bobrowniki ចម្ងាយ ២០០ គីឡូម៉ែត្រ ភាគ​ឦសាន​នៃ​ទីក្រុង Warsaw ដែលជា​ច្រក​ឆ្លងកាត់​ដ៏​សំខាន់​រវាង​ប្រទេស​ទាំងពីរ រហូតដល់​មានការ​ជូនដំណឹង​ជាថ្មី ស្រប​ពេលដែល​ទំនាក់ទំនង​រវាង​ទីក្រុង​នៃ​ប្រទេស​ទាំងពីរ​កំពុង​ធ្លាក់ចុះ​ដល់​កម្រិត​ទាប​ជា​រៀងរាល់ថ្ងៃ។

​ការកាត់ទោស​អ្នកកាសែត​ប៉ូឡូញ Andrzej Poczobut ឱ្យ​ជាប់ពន្ធនាគារ​កាលពី​ថ្ងៃ​ពុធ​នេះ គឺ​ដោយសារ​តែគេ​បាន​បំផុស​ព័ត៌មាន​ញុះញង់​ជាតិ​សាសនា ឱ្យ​ប្រជាជន​បេឡា​រុស​ឱ្យ​ប្រឆាំង​ជាមួយ​នឹង​ណាស៊ី ដែល​វា​ធ្វើឱ្យ​ប៉ះពាល់​ដល់​នយោបាយ​បេឡារុស ហើយ​ត្រូវបាន​តុលាការ​ធ្វើការ​កាត់ក្តី​ឱ្យ​ជាប់ទោស​រយៈពេល ៨ ឆ្នាំ នៅ​ក្នុង​ពន្ធនាគារ​នា​ប្រទេស​ខ្លួន។


​លោក​ប្រធានាធិបតី​ប្រទេស​ប៉ូឡូញ Marius Kaminski បាន​បង្ហោះ​សារ​រៀបរាប់​ពី​ការសម្រេចចិត្ត​របស់ខ្លួន​នៅក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ Twitter ថា «​ដោយសារតែ​ផលប្រយោជន៍​សំខាន់​នៃ​សន្តិសុខ​រដ្ឋ ខ្ញុំ​បាន​សម្រេច​ចិត្ត​ផ្អាកការ​ឆ្លងដែន​រហូតដល់​មានការ​ជូនដំណឹង​បន្ថែម​ចាប់ពី​ម៉ោង ១១ ក្នុង​ស្រុក ថ្ងៃទី ១០ ខែកុម្ភៈ​តទៅ ដោយ​នឹង​បិទ​ការធ្វើ​ដំណើរ​នៅ​ច្រកព្រំដែន​ប៉ូឡូញ-បេឡារុស​ក្នុងស្រុក Bobrowniki»។

​លោក Anton Bychkovsky អ្នកនាំពាក្យ​ខាង​ព្រំដែន​ប្រទេស​បេឡារុស បាន​ប្រាប់​ទៅដល់​ប៉ុស្តិ៍​ទូរទស្សន៍ STV ក្នុង​ស្រុក​ខ្លួន​ថា ការ​សម្រេច​ចិត្តបិទ​ច្រកព្រំដែន​មួយ​សំខាន់​ជាងគេ​ក្នុង​ចំណោម​បង្គោល​ទាំង ៦ រវាង​ប្រទេស​ខ្លួន​នឹងធ្វើ​ឱ្យមាន​ការប៉ះពាល់​ដល់​សេវាកម្ម ការដឹកជញ្ជូន និងការ​ធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​ជាដើម។


​គួរបញ្ជាក់​ផងដែរ​ថា ប្រទេស​ប៉ូឡូញ បាន​ក្លាយជា​ជម្រក​ដ៏​សំខាន់​សម្រាប់​សម្ព័ន្ធមិត្ត​អ៊ុយក្រែន​ចាប់តាំង​ពី​ភាគី​ប្រទេស​បេឡារុស​និង​ប្រទេស​រុស្ស៊ី បាន​ឈ្លានពាន​ប្រទេស​នេះ​កាល​ពី​ខែកុម្ភៈ​ឆ្នាំមុន រហូត​មកទល់​ពេលនេះ។

​កាលពី​ឆ្នាំ ២០២១ ប្រទេស​ប៉ូឡូញ និង​សហភាព​អឺរ៉ុប​ក៏បាន​ធ្វើការ​រិះគន់ ទៅលើ​បេឡារុស ពីការ​ព្រងើយកន្តើយ​ទៅលើ​វិបត្តិ​ជនភៀសខ្លួន​តាម​ប្រទេស​របស់​ខ្លួន​ផងដែរ។

​ហើយ​ថ្មីៗ​នេះ​ប្រទេស​ប៉ូឡូញ ក៏បាន​ថ្កោលទោស​ទៅលើ​ប្រទេស​បេឡារុស ពី​ការបំផ្លិចបំផ្លាញ​ផ្នូរ​របស់​ប្រជាជន​ប៉ូឡូញ​របស់ខ្លួន​នៅ​ទីនោះ ដែល​ដើមឡើយ​ទឹកដី​បេឡារុស​មួយ​ភាគតូច​គឺជា​របស់​ប៉ូឡូញ រហូតដល់​ចប់​សង្គ្រាម​លោក​លើក​ទីពីរ ទើបត្រូវ​បាន​គូស​គំនូស​ខណ្ឌ​ចែក​ម្តងទៀត៕​