អធិការ​បតី​អាល្លឺម៉ង់​លោក Olaf Scholz ​កាល​ពីថ្ងៃ​សៅរ៍​ទៅនេះ ​បាន​អំពាវនាវ​ស្វែង​រក​ជំនួយ​ និង​ការ​គាំទ្រ​មួយ​នៅ​ក្នុង​កិច្ច​ពិភាក្សា​ដោយ​សម្ងាត់​ដោយ​មិន​ឱ្យ​ឥណ្ឌា​រារាំង​ដល់​លោក​ខាងលិច​នៅក្នុង​ការ​យក​ចិត្ត​ទុកដាក់​ក្នុង​ការ​ដាក់​ប្រទេស​រុស្សី ឱ្យ​នៅ​ដាច់​ដោយឡែក​បន្ទាប់​ពី​ធ្វើ​ការ​ឈ្លានពាន​យ៉ាង​សាហាវ​ទៅលើ​ប្រទេស​អ៊ុយក្រែន។​

នៅក្នុង​កិច្ច​ពិភាក្សា​ជា​មួយ​នាយក​រដ្ឋមន្ត្រី​ប្រទេស​ឥណ្ឌា​លោក​Narendra Modi,​លោក​ Scholz ​បាន​សង្កត់ធ្ងន់​ទៅលើ​ផល​អវិជ្ជមាន​នៅក្នុង​ប្រទេស​អ៊ុយក្រែន​ដែល​បណ្តាល​មកពី​សង្គ្រាម​របស់​ប្រទេស​រុស្សី​​ និង​សង្ឃឹមថា ​ឥណ្ឌា​នឹង​ជួយ​ដល់​ការ​ផ្គត់ផ្គង់​តាម​ការ​ស្នើសុំពី​បណ្តា​ប្រទេស​អាស៊ី ​អាហ្រ្វិក ​និង​អាមេរិក​ផងដែរ។


លោក Modi បាន​ឆ្លើយតប​ដោយ​ប្រុងប្រយ័ត្ន​ ដោយ​លោក​សង្ឃឹមថា ​សង្គ្រាមនេះ​ នឹង​ត្រូវបាន​បញ្ចប់​តាម​រយៈកា​រ សន្ទនា​រវាង​ការទូត​។ ​លោកក៏​បាន​បដិសេធ​ផងដែរ​ដោយ​មិនឱ្យ​មាន​ការ​រិះគន់ចំៗ​ណា​មួយ​ទៅលើ​រុស្សី​ឡើយ​ ដោយសារ​ទីក្រុង​ម៉ូស្គូ​ជា​អ្នក​ផ្គត់ផ្គង់​អាវុធ​ ប្រេង ​និង​តម្រូវការ​សេដ្ឋកិច្ច​ផ្សេងៗ​ទៅដល់​ឥណ្ឌា។​​ ប៉ុន្តែ​លោក​ Scholz បាន​និ​យាយថា​ សង្គ្រាម​អ៊ុយក្រែន​បាន​រំលោភ​បំពាន​ទៅលើ​គោល​ការណ៏​ជា​មូលដ្ឋាន ​លើ​ការ​មិន​ផ្លាស់​ប្តូរ​ព្រំដែន​តាម​រយៈ​ការ​ប្រើប្រាស់​អំពើ​ហិង្សា។​​

នៅក្នុង​ជំនួប​ពិភាក្សា​លើក​ទី៤​របស់ ​លោក Scholz​ និង​លោក Modi​ នេះ​ ក៏​បា​ន​លើក​ឡើងពី​ការ​ធ្វើ​ពាណិជ្ជកម្ម​ដោយ​សេរី​រវាង​ប្រទេស​ឥណ្ឌា ​និង​សហភាព​អ៊ឺរ៉ុប​ ផងដែរ​។


សូម​បញ្ជាក់​ផង​ដែរថា​ លោក​ Scholz​ ការ​ធ្វើដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​ឥណ្ឌានេះ ​បាន​បង្ហាញ​ពី​ចំណាប់​អារម្មណ៏​ដ៏​ខ្លាំង​ក្លារ​បស់​ប្រទេស​អាល្លឺម៉ង់​ទៅកាន់​ទីក្រុង​ញីវដែលី។

យោងតាម​ការ​ចេញផ្សាយ​របស់​កាសែត ​The Times Of India​ កាលពី​សៅរ៍​បាន​បង្ហាញពី​លោក​ Scholz ​មានភាព​ជឿ​ជាក់យ៉ាង​រឹងមាំ​នៅ​ក្នុង​កិច្ច​សហ​ប្រតិបត្តិការ​នៅក្នុង​វិស័យ​សំខាន់ៗ​ដូចជា​វិស័យ​ ថាមពល​ ឱសថ និង​សេដ្ឋកិច្ច​ឌីជីថល​ជា​ដើម​ជា​មួយ​ប្រទេស​ឥណ្ឌា។​

ក្រោយ​ការ​ធ្វើ​សន្និសីទ​តាម​រយៈ​អនឡាញ​របស់​ក្រុម​មហា​អំណាច​ឧស្សាហកម្ម​ទាំង​៧​ កាល​ពីសុក្រនេះ​ បាន​ឱ្យ​ដឹង​ថា ​មុន​ពេល​ចាក​ចេញពី​ទីក្រុងប៊ែរឡាំង​ លោក Scholz បាន​លើក​ឡើងថា ៖«អន្តរជាតិ​ និង​យើង​កំពុង​ព្យាយាម​ធ្វើឱ្យ​ច្បាស់ថា​ រុស្ស៊ីនឹង​ទទួលខុស​ត្រូវ​ចំពោះមុខ​ពិភពលោក​ជា​មួយនឹង​ការ​ឈ្លានពាន​របស់ខ្លួន​ប្រឆាំងនឹង​អ៊ុយក្រែ​ន»​។​

គួររំឭក​ផងដែរ​ថា ​ប្រទេស​ឥណ្ឌា​ទទួល​បាន​វិស័យ​ថាមពល​ពី​ការ​ផ្គត់ផ្គង់​របស់​ប្រទេស​រុស្សី ហើយ​នៅក្នុង​កិច្ច​ពិភាក្សានេះ​អាល្លឺម៉ង់​បាន​សន្យាថា​ ខ្លួននិង​ជួយ​ឥណ្ឌា​នៅក្នុង​ការ​ផលិត​ថាមពល​ឡើងវិញ។

មិនតែ​ប៉ុណ្ណោះ​អាល្លឺម៉ង់​ក៏​ និង​បណ្តា​ប្រទេស​អឺរ៉ុប​ផ្សេងទៀត​ក៏​កំពុង​ជុំរុញ​សេដ្ឋកិច្ច​របស់​ខ្លួនជា​មួយ​បណ្តា​ប្រទេស​ដទៃ ដើម្បី​ចៀសវាង​ពឹងផ្អែក​សេដ្ឋ​កិច្ច​ទាំង​ស្រុង​ទៅលើ​ប្រទេស​ចិន​ផងដែរ​។​

​ប្រទេស​ឥណ្ឌា​ក៏​គ្រោង​នឹង​ទទួល​បាន​ជំនួយ​ចំនួន​ ១០,៥​ ពាន់​លាន​ដុល្លារ​នៅ​ក្នុង​ឆ្នាំ​ ២០៣០​ ដើម្បី​អភិវឌ្ឍន៍​ការ​ប្រើប្រាស់​ទឹក​ស្អាតពី​ភាគី​អាល្លឺម៉ង់​កាល​ពីខែ​ឧសភា​ ឆ្នាំ​២០២២ ​កន្លង​ទៅផង​ដែរ​។ ក្រៅពីនេះ​គណៈប្រតិភូ​របស់​លោក Scholz​​ រួមមាន​មេដឹក​នាំធុរៈ​កិច្ច​អាល្លឺម៉ង់​ជា​ច្រើន​នាក់ទៀត​ ក៏បាន​កំពុង​ព្យាយាម​លក់​នាវា​ជ្រមុជ​បន្ថែម​ទៀត​ទៅដល់​ប្រទេស​ឥណ្ឌា​ផងដែរ៕​