ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍នៅថ្ងៃអង្គារទី ២៨ កុម្ភៈថា លោកមេដឹកនាំ គីម ជុងអ៊ុន បានជំរុញឱ្យមន្ត្រីរដ្ឋាភិបាលធ្វើ «ការផ្លាស់ប្តូរជាមូលដ្ឋាន» ក្នុងផលិតកម្មកសិកម្ម ចំពេលមានការភ័យខ្លាចថា វិបត្តិកង្វះស្បៀងអាហារក្នុងប្រទេសកាន់តែយ៉ាប់ទៅៗ។ នេះបើតាមរាយការណ៍បន្តរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
លោក គីមបានថ្លែងក្នុងថ្ងៃទី២នៃកិច្ចប្រជុំពេញអង្គលើកទី៧ នៃគណៈកម្មាធិការមជ្ឈិមបក្សពលករកូរ៉េទី៨ កាលពីថ្ងៃចន្ទថា ការសម្រេច បាននូវគោលដៅផលិតកម្មស្បៀងនៅឆ្នាំនេះ គឺជាអាទិភាពចម្បងមួយ ហើយបានសង្កត់ធ្ងន់លើសារៈសំខាន់នៃផលិតកម្មកសិកម្មដែលមានស្ថិរភាព។
ការរាយការណ៍របស់ KCNA មិនបានបញ្ជាក់លម្អិតអំពីវិធានការអ្វីដែលកូរ៉េខាងជើង នឹងចាត់ទុកទេ ប៉ុន្តែលោកគីមបានថ្លែងថា ការផ្លាស់ប្តូរត្រូវតែធ្វើឡើងនៅប៉ុន្មានឆ្នាំខាងមុខ។ លោកថា៖ «គ្មានអ្វីដែលមិនអាចទៅរួចនោះទេ ដរាបណាប្រព័ន្ធដឹកនាំដ៏រឹងមាំត្រូវបានបង្កើតឡើងនៅក្នុងគណបក្សទាំងមូល ហើយមានកម្លាំងរួបរួមរបស់ប្រជាជនទាំងអស់»។
យោងតាមក្រុមអ្នកស្រាវជ្រាវផ្សេងៗ វិស័យកសិកម្មកូរ៉េខាងជើងសម្បូរទៅដោយកសិដ្ឋានបែបសមូហភាព។ កសិដ្ឋានបែបនេះ ជាធម្មតាទទួលកសិករខ្នាតតូចជាច្រើនដែលដាំដំណាំដោយប្រើកម្លាំងពលកម្មរួមគ្នា។
ការលើកឡើងរបស់លោក គីម ធ្វើឡើង ចំពេលដែលមានការរាយការណ៍ពីកំណើននៃកង្វះស្បៀងអាហារក្នុងប្រទេស ទោះបីជាកូរ៉េខាងជើង បានបដិសេធការលើកឡើងដែលថា ខ្លួនមិនអាចផ្គត់ផ្គង់ដល់ពលរដ្ឋរបស់ខ្លួនក៏ដោយ។
យោងតាមការវាយតម្លៃរបស់កូរ៉េខាងត្បូង ផលិតកម្មស្បៀងកសិកម្មរបស់កូរ៉េខាងជើងកាលពីឆ្នាំមុន មានចំនួន ៤,៥ លានតោន។ នេះបើតាមការស្រង់ទិន្នន័យរបស់ទីភ្នាក់ងារព័ត៌មានAP។ ក្នុងទសវត្សរ៍មុន ផលិតកម្មប្រចាំឆ្នាំរបស់ប្រទេសមានប្រហែលពី ៤,៤-៤,៨ លានតោន។ ប៉ុន្តែទីភ្នាក់ងារចារកម្មរបស់កូរ៉េខាងត្បូងបាននិយាយថា កូរ៉េខាងជើងត្រូវការគ្រាប់ធញ្ញជាតិ ឬស្បៀងកសិកម្មចំនួន ៥,៥ លានតោន ដើម្បីចិញ្ចឹមប្រជាជនចំនួន ២៥ លាននាក់របស់ខ្លួនក្នុងមួយឆ្នាំៗ។
កាលពីដើមខែកុម្ភៈនេះ ក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូង បានអះអាងថា ស្ថានភាពស្បៀងអាហារនៅកូរ៉េខាងជើង«ហាក់ដូចជាកាន់តែយ៉ាប់យ៉ឺនទៅៗ»។ ក្រសួងនិយាយនាពេលនោះថា វាកម្រណាស់ដែលកូរ៉េខាងជើង កោះហៅកិច្ចប្រជុំពិសេសស្តីពីយុទ្ធសាស្ត្រកសិកម្ម ដែលបានគ្រោងធ្វើនៅចុងខែកុម្ភៈ។
ក្នុងសុន្ទរកថានៅកិច្ចប្រជុំដដែលកាលពីថ្ងៃចន្ទ លោក គីម បានលើកឡើងពី «សារៈសំខាន់នៃកំណើននៃកម្លាំងផលិតភាពកសិកម្ម»ដើម្បីធានាឱ្យមានការអភិវឌ្ឍសង្គមនិយម។
គួរគូសបញ្ជាក់ថា កូរ៉េខាងជើងស្ថិតនៅក្រោមការដាក់ទណ្ឌកម្មអន្តរជាតិយ៉ាងតឹងរ៉ឹង ចំពោះកម្មវិធីអាវុធនុយ ក្លេអ៊ែរ និងមីស៊ីលផ្លោងរបស់ខ្លួន ហើយសេដ្ឋកិច្ចរបស់ប្រទេសនេះរងភាពតានតឹងបន្ថែមទៀត ដោយការបិទព្រំដែនដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។
គេមិនដឹងពីវិសាលភាពនៃវិបត្តិកង្វះស្បៀងអាហារកូរ៉េខាងជើងនាពេលនេះទេ ប៉ុន្តែក្នុងរបាយការណ៍មួយចេញផ្សាយកាលពីខែមករា អង្គការឃ្លាំមើលកូរ៉េខាងជើង ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ឈ្មោះ 38 North លើកឡើងថា ស្បៀងអាហាររបស់កូរ៉េខាងជើង ទំនងជាបានធ្លាក់ចុះក្រោមដល់កម្រិតទាបបំផុត បើគិតពីតម្រូវការរបស់មនុស្ស ដោយអសន្តិសុខស្បៀងមានលក្ខណៈអាក្រក់បំផុតចាប់តាំងពីគ្រោះទុរ្ភិក្សនៅទសវត្សរ៍ឆ្នាំ ១៩៩០ ដែលសម្លាប់មនុស្សរាប់សែននាក់។
របាយការណ៍ដដែលបាននិយាយថា ក្រៅពីការផលិតស្បៀងមិនបានគ្រប់គ្រាន់ ការពឹងផ្អែកយ៉ាងខ្លាំងលើទំនិញនាំចូលធ្វើឱ្យប្រទេសនេះរងផល់ប៉ះពាល់ពីបញ្ហាសកលធំជម្លោះការទូត និងគ្រោះធម្មជាតិបណ្ដាលមកពីអាកាសធាតុជាដើម។ 38 North លើកឡើងថា ដំណោះស្រាយរយៈពេលវែងចំពោះបញ្ហារួមមានទាំងការដោះស្រាយលើការប្រឈមមុខដាក់គ្នាផ្នែកអាវុធនុយក្លេអ៊ែរ និងទណ្ឌកម្មនិងការធ្វើកំណែទម្រង់សេដ្ឋកិច្ចជាដើម។
អង្គការឃ្លាំមើលដដែលបន្តថា ការចាប់ផ្តើមនៃកំណែទម្រង់សេដ្ឋកិច្ចក្នុងស្រុក នឹងជួយដល់សមត្ថភាពផលិតភាពរបស់កូរ៉េខាងជើង និងអនុញ្ញាតឱ្យប្រទេសនេះនាំចេញនូវផលិតផលឧស្សាហកម្ម និងសេវាកម្មដែលអាចជួញដូរបានអាចប្តូរប្រាក់បរទេស និងនាំចូលស្បៀងកសិកម្មក្នុងទំហំច្រើនលើមូលដ្ឋានប្រកបដោយនិរន្តរភាពពាណិជ្ជកម្ម៕
វីដេអូ៖