អ្នកនាំពាក្យ​រដ្ឋាភិបាល​ម៉ិកស៊ិក​ បាន​និយាយថា​ អាមេរិកបាន​ស្នើឱ្យ​ម៉ិកស៊ិក​ធ្វើបត្យាប័ន​កូនប្រុស​ដ៏​មាន​ឥទ្ធិពល​របស់មេជួ​ញដូរ​គ្រឿង​ញៀន ​Joaquin Guzman ដែល​ត្រូវ​បាន​គេស្គាល់​ថា​ជា ​El Chapo ​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទឧក្រិដ្ឋ​កម្ម​គ្រឿង​ញៀន​។

Ovidio Guzman ដែល​ត្រូវ​បានចាប់​ខ្លួនកាល​ពី​ខែមករា ត្រូវ​បាន​គេចោទ​ប្រកាន់​ថា បាន​ជួយ​គ្រប់គ្រង​ក្រុម​ឧក្រិដ្ឋជន​នៅ​រដ្ឋ Sinaloa ​ចាប់តាំង​​ពីឪពុក​របស់​គេ ត្រូវ​បាន​ប្រគល់​ឱ្យ​អាជ្ញាធរ​នៅ​អាមេរិក​ក្នុង​ឆ្នាំ ២០១៧​។

អ្នកនាំពាក្យរូបនេះ បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា ស្ថានទូត​អាមេរិក​នៅទី​ក្រុង​ម៉ិកស៊ីកូ បាន​បង្ហាញ​សំណើ​ធ្វើបត្យាប័ន​ទៅ​ក្រសួង​ការបរទេស ​និង​ការិយាល័យ​អគ្គមេធាវី។ ​លោក​សុំ​មិន​បញ្ចេញ​ឈ្មោះ​ព្រោះ​លោក​មិន​មាន​សិទ្ធិ​និយាយអំ​ពី​បញ្ហា​នេះ​។


ប្រភព២​របស់​រដ្ឋាភិបាល​ម៉ិកស៊ិក​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ ​ក៏​បាន​បញ្ជាក់​ពី​សំណើ​ធ្វើបត្យាប័ន​សម្រាប់ ​Ovidio Guzman អាយុ​៣២ឆ្នាំ​ ទៅកាន់​ទីភ្នាក់ងារ​ព័ត៌មាន​Reuters​។

Guzman ត្រូវ​បាន​ចាប់ខ្លួន​នៅ​ជិត​ទីក្រុង Culiacan ភាគខាង​ជើង​រដ្ឋ Sinaloa ​បង្កឱ្យមាន​រលក​នៃ​អំពើ​ហិ​ ង្សា​ដែល​បណ្តាល​ឱ្យ​មនុស្ស​រាប់​សិប​នាក់ ស្លាប់​។


El Chapo ដែល​ផ្អែក​លើ​ចក្រភព​រត់ពន្ធ​របស់​គាត់​ចេញ​ពីរដ្ឋ​Sinaloa កំពុង​ជាប់​ទោស​១​ជីវិត​នៅ​អាមេរិក​ពី​បទ​ជួញ​ដូរ​គ្រឿង​ញៀន​ក្នុង​រយៈ​ពេល២៥​ឆ្នាំ​។

Ovidio Guzman បាន​ទទួលដីកា​របស់​តុលាការ​កាល​ពី​ខែ​មករា ដោយ​រារាំង​ការ​ធ្វើបត្យាប័ន​ភ្លាមៗ​របស់គាត់​ទៅកាន់ អាមេរិក ហើយ​ចៅក្រម​បាន​ផ្តល់ឱ្យ​ អាមេរិក​រហូត​ដល់ថ្ងៃទី៥​ ខែមីនា ដើម្បី​ដាក់​សំណើ​ធ្វើ​បត្យាប័ន​។

Guzman ត្រូវបាន​គេ​ចោទ​ប្រកាន់ថា​ បាន​ជួយ​ត្រួតពិនិត្យ​មន្ទីរ​ពិសោធន៍​ថ្នាំ​មេតំហ្វេតាមីន​ជាង​១០​ កន្លែង​នៅក្នុង Sinaloa រួមជាមួយ​ការ​សមគំនិត​ក្នុង​ការ​ចែកចាយ​កូកាអ៊ីន​ និងកញ្ឆា។ ​នេះបើ​យោងតាម​អាជ្ញាធ​រអាមេរិក​។

Guzman ក៏ត្រូវ​បាន​បញ្ជា​ឱ្យ​ធ្វើ​ឃាត​អ្នក​ផ្តល់​ព័ត៌មាន​ អ្នក​ជួញ​ដូរ​ថ្នាំ​ញៀន និង​តារា​ចម្រៀង​ម៉ិកស៊ិក​ម្នាក់​ដែល​បដិសេធ​មិន​ចូល​រួម​ក្នុង​ពិធី​មង្គលការ​របស់​គេ​។

Guzman ធ្លាប់​ត្រូវ​បាន​ចាប់​ខ្លួននៅក្នុង ​ឆ្នាំ ២០១៩ ប៉ុន្តែ​កង​សន្តិសុខ​ បាន​ដោះលែង​រូប​គេ​​វិញ ​បន្ទាប់​ពី​ក្រុម​ជួញដូរ​របស់​គេ​ ​បាន​ធ្វើ​សង្គ្រាម​ពេញ​ទំហឹ​ង​​ ក្នុង​ការ​ឆ្លើយ​តប៕