អ្នកកាសែត​បម្រើការ​ឱ្យ​ទី​ភ្នា​ក់​ងារ​ព័ត៌មាន​រ៉​យ​ទ័​រ​២​រូប​ត្រូវបាន​ជន​មិន​ស្គាល់មុខ​ក្លែងបន្លំ​ខ្លួន​តាម​បណ្ដាញ​សង្គម ដើម្បី​ចូលរួម​ជា​មួយ​សកម្មជន​ចិន​លើ​វេទិកា​អន​ឡាញ​ផ្សេងៗ​គ្នា​អស់​រយៈពេល​ជាច្រើន​ខែ​។

​ការ​ក្លែងបន្លំ​របស់​អ្នកកាសែត​ទាំង​​ ២ ​រូប ​ដែល​រួមមាន​ប្រធានការិយាល័យ​ប្រចាំ​ក្រុង​សៀង​ហៃ លោក Brenda Goh និង​អ្នក​ឆ្លើយឆ្លង​ព័ត៌មាន​ពី​ក្រុង​ហុងកុង លោកស្រី Jessie Pang បានចាប់ផ្តើម​នៅ​ចុងខែ​វិច្ឆិកា ឆ្នាំមុន និង​ធ្វើឡើង​នៅលើ​វេទិកា​នានា​ដូចជា​អ៊ី​ន​ស្តា​ក្រាម និង​កម្មវិធី​ផ្ញើ​សារ​តេ​ឡេ​ក្រាម​។

​អ្នក​ក្លែងបន្លំ​ប្រើ​វិធី​នេះ​ស្វែងរក​ព័ត៌មាន​អំពី​ក្រុម​ដែល​ពាក់ព័ន្ធ​នឹង​ការតវ៉ា​ជាច្រើន​ក្នុង​ខែ​តែ​​ ១ ​ប្រឆាំងនឹង​ការគ្រប់គ្រង​កូ​វីដ​ដ៏​តឹងរ៉ឹង​របស់​ចិន​។ នេះ​បើ​យោងតាម​រូបថត​ពី​អេក្រង់​ទូរស័ព្ទ ​(​ស្គ្រី​ន​សត​) និង​គណនី​ជាច្រើន​ដែល​ផ្តល់ទៅឱ្យ​រ៉​យ​ទ័​រ​។​


​សកម្មជន​ចិន​ម្នាក់​ដែល​រ៉​យ​ទ័​រ​មិន​បង្ហាញ​ឈ្មោះ បាន​អះអាងថា មាន​ជន​ក្លែងបន្លំ​ធ្វើ​លោក Goh​ បាន​ទាក់ទង​ជាមួយ​លោក​រយៈពេល​ដល់​ទៅ​ ៣ ​ខែ​តាម​តេ​ឡេ​ក្រាម​។

​ចំណែកឯ​សកម្មជន និង​ជា​សិល្ប​ករ​ប្រឆាំង​ជនជាតិ​ចិន​ដែល​រស់​នៅ​អូស្ត្រាលី លោក Badiucao វិញ បានបង្ហាញ​ពី​ករណី​ក្លែងបន្លំ​ខ្លួន​នេះ​ជា​លើកដំបូង​កាលពី​ថ្ងៃ​សៅរ៍​លើ​បណ្ដាញ​សង្គម​ធ្វី​ធើរ​។ លោក Badiucao បានសរសេរថា លោក​ត្រូវបាន​គេ​ទាក់ទង​តាម​តេ​ឡេ​ក្រាម ដោយ​ជន​ដែល​បន្លំ​ខ្លួន​ជា​លោកស្រី ​Pang ដោយ​សុំ​ព័ត៌មាន​លើ​វេទិកា​អន​ឡាញ ​Citizens Daily ដែល​ចែករំលែក​រូប​សិល្បៈ​ឆ្លុះ​ប​ញ្ជាំ​ង​ពី​ការប្រឆាំង​តវ៉ា​។


​លោក Badiucao ដែលជា​អ្នក​​គូររូប​ថ្លុក​នយោបាយ​ដ៏​ល្បី ១ ​រូប​បាន​បន្ថែមថា ជន​ក្លែងបន្លំ​ធ្វើ​ឱ្យគេ​ជឿទុកចិត្ត​ខ្លួន តាមរយៈ​ការ​ផ្តល់ព័ត៌មាន​លម្អិត​អំពី​ប្រវត្តិ​របស់លោក​ស្រី​ Pang និង​ការងារ​ថ្មីៗ​របស់លោក​ស្រី​។ យ៉ាងណាមិញ ក្រោយមកទៀត លោក Badiucao មានការ​សង្ស័យ​ចំពោះ​ការ​​ប្រើប្រាស់​ភាសា និង​សំណួរ​ដែល​ចោទឡើង​ដោយ​ជន​ក្លែងបន្លំ ទើប​លោក​សុំឱ្យ​មានការ​ទាក់ទង​តាម​គណនី​ធ្វី​ត​ធើរ​ផ្លូវការ​របស់លោក​ស្រី Pang វិញ​។

​ប៉ុន្តែ​ជន​ក្លែងបន្លំ​ថា គណនី​​ផ្លូវការ​នោះ​មាន​ក្រុមការងារ​នៅ​រ៉​យ​ទ័​រ​ជា​អ្នកគ្រប់គ្រង ហើយ​ផ្ញើ​បណ្ណ​កំណត់​អត្តសញ្ញាណ​របស់លោក​ស្រី Pang ដែល​អស់​សុ​ពល​ភាព​មកវិញ​។

​ទោះយ៉ាងណា​ក៏ដោយ គេ​មិនដឹងថា​នរណា​នៅ​ពីក្រោយ​ខ្នង​ការ​ក្លែង​បន្លំ​បែបនេះ​ទេ ខណៈ​គណនី​បណ្ដាញ​សង្គម​របស់​អ្នកកាសែត​រ៉​យ​ទ័​រទាំង​ ២ ​ក៏​មិន​ត្រូវបាន​គេ​ហែក​។ អ្នក​នាំពាក្យ​រ៉​យ​ទ័​រថា ស្ថាប័ន​កំពុង​ពិនិត្យមើល​រឿងនេះ ហើយនឹង​ចាត់​វិធាន​ការ​សមស្រប​។ ចំណែកឯ​អ្នក​នាំ​ពាក្យ​ក្រុមហ៊ុន Meta ដែលជា​ក្រុមហ៊ុនមេ​របស់​អ៊ីន​ស្តា​ក្រាម បាន​លុប​គណនី​របស់​ជន​បន្លំ​ខ្លួន ប៉ុន្តែ​ក្រុមហ៊ុន​នេះ និង​តេ​ឡេ​ក្រាម​មិនបាន​អត្ថាធិប្បាយ​យ៉ាងណាទេ​។

​អ្នកគ្រប់គ្រង​នៅ​វេទិកា​​ Citizens Daily បាន​អះអាង ដោយ​មិន​បញ្ចេញ​ឈ្មោះថា ខ្លួន​សង្ស័យថា​រដ្ឋ​ចិន​មានការ​ពាក់ព័ន្ធ​នឹង​ការ​ក្លែងបន្លំ​នេះ​។

​ចំណែក​ក្រសួងការបរទេស​រដ្ឋ​បាល​តាម​អ៊ីន​ធឺ​ណិ​ត និង​កា​រិ​យា​ល័យ​សន្តិសុខ​សាធារណៈ​របស់​ចិន មិនបាន​ឆ្លើយតប​ទៅនឹង​សំណើសុំ​ការអត្ថាធិប្បាយ​លើ​ការអះអាង​របស់ ​Citizens Daily ឬ​ការ​ក្លែង​បន្លំ​ខ្លួន​ធ្វើ​អ្នកកាសែត​នោះទេ​។​

​គួរ​បញ្ជាក់ថា Citizens Daily គឺជា​បណ្តាញ​ចែកចាយ​ព័ត៌មាន​ក្នុងចំណោម​ក្រុមបាតុករ​ក្នុងអំឡុង​បាតុកម្ម​កាលពី​ខែវិច្ឆិកា នៅ​ទីក្រុង​ជាច្រើន​របស់​ចិន ប្រឆាំងនឹង​គោលនយោបាយ​សូន្យ​កូ​វីដ​របស់​រដ្ឋាភិបាល ដោយ​បាតុករ​ខ្លះ ថែមទាំង​បាន​អំពាវនាវ​ឱ្យ​ប្រធានាធិបតី ស៊ី ជីន​ភីង ចុះ​ចេញពី​តំណែង និង​បញ្ចប់​ការគ្រប់គ្រង​របស់​បក្ស​កុ​ម្មុយ​​នី​ស្ត​ទៀតផង​នាពេលនោះ​៕