ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​កូរ៉េខាង​ជើង​ KCNA រាយការណ៍​​នៅ​ថ្ងៃ​អង្គារ​ ទី​ ៧ ខែមីនា​នេះថា​ ក្រុង​ព្យុងយ៉ាង​ បាន​ព្រមាន​ថា​ ស​ក​ម្មភាព​​បាញ់​ទម្លាក់​មីស៊ីល​សាក​ល្បង​របស់​កូរ៉េខាង​ជើង​​ នឹង​ត្រូវ​ចាត់​ទុក​ថា​ជា​ការ​ប្រកាស​សង្រ្គាម​ជាមួយ​ប្រទេស​នេះ​ ហើ​យ​ថា​​ សមយុទ្ធ​យោធា​រួម​គ្នា​រវាង​សហរដ្ឋ​អាមេរិក ​និង​កូរ៉េ​ខាង​ត្បូង​គឺ​ជា​មូល​ហេតុ​ដែល​ធ្វើ​ឱ្យ​ភាព​តាន​តឹង​កាន់​តែ​​យ៉ាប់​យឺន​ទៅ​​ៗ​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​រ៉យទ័រ​។

លោក​ស្រី​ គីម យូចុង​ ដែល​ជា​​ប្អូន​ស្រី​ដ៏​មាន​ឥទ្ធិពល​របស់​មេ​ដឹក​នាំ​កូរ៉េខាង​ជើង​ លោក​ គីម ជុងអ៊ុន បាន​​ព្រមាន​​ក្នុង​សេចក្តី​ថ្លែងការណ៍​​ថា​​ ទីក្រុង​ព្យុងយ៉ាង ​នឹង​មើល​ឃើញ​ថា ​វា​ជា​ការ​ប្រកាស​សង្រ្គាម ​ប្រសិន​បើ​សហរដ្ឋ​អាមេរិក​ចាត់​វិធានការ​យោធា​ប្រឆាំង​នឹង​ការ​សាក​ល្បង​អាវុធ​យុទ្ធ​សាស្ត្រ​របស់​កូរ៉េ​ខាង​ជើង​។


គួរ​គូស​បញ្ជាក់​ថា​ សហរដ្ឋ​អាមេរិក​ និង​សម្ព័ន្ធ​មិត្ត​មិន​ដែល​បាញ់​ទម្លាក់​មីស៊ីល​ផ្លោង​របស់​កូរ៉េ​ខាង​ជើង​​ដែល​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ហាម​ឃាត់​នោះ​ទេ​ ​ប៉ុន្តែ​បញ្ហា​នេះ ​បាន​​ទាក់​ទាញ​ការ​​​ពិចារណា​ជា​ថ្មី​ក្រោយ​​កូរ៉េ​ខាង​ជើង​​​ស្នើ​ថា​ ខ្លួន​នឹង​បាញ់​មីស៊ីល​បន្ថែម​ទៀត​លើ​ប្រទេស​ជប៉ុន​។​

ក្នុង​សេចក្ដីថ្លែង​ការណ៍​ដដែល​ លោក​ស្រី គីម​ ​​បាន​​​អះ​អាង​ជា​ថ្មី​ម្ដង​ទៀត​ថា​ ​កូរ៉េ​ខាង​ជើងអាច​​បាញ់​មីស៊ីល​​ចូល​ទៅ​ក្នុង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​​បន្ថែម​ទៀត ព្រោះ​ «​មហា​សមុទ្រ​ប៉ាស៊ីហ្វិក ​មិន​មែន​ជា​កម្ម​សិទ្ធិ​របស់​អាមេរិក​ ឬ​ជប៉ុន​នោះ​ទេ​»​។


​ជុំ​វិញ​បញ្ហា​នេះ​ ក្រុម​អ្នក​វិភាគបាន​និយាយ​ថា​ ប្រសិន​បើ​កូរ៉េ​ខាង​ជើង​ធ្វើ​តាម​ការ​គំរាម​កំហែង​របស់​ខ្លួន​ក្នុង​ការ​យក​​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​​ធ្វើ​​ជា​កន្លែង​បាញ់​គ្រាប់​របស់​ខ្លួន​ នោះនឹង​ធ្វើ​ឱ្យ​​​រដ្ឋ​ឯកោ​ប្រដាប់​ដោយ​នុយក្លេអ៊ែរ​មួយ​នេះ​​មាន​ភាព​ជឿន​លឿន​ផ្នែក​បច្ចេកទេស​​ ​បន្ថែម​ពី​លើ​ការ​បង្ហាញ​ពី​ដំណោះ​ស្រាយ​យោធា​របស់​ខ្លួន​។​

​​ក្នុង​សេចក្តី​ថ្លែងការណ៍​ដាច់​ដោយ​ឡែក​មួយ​​ផ្សេង​ទៀត​​ប្រធាន​ផ្នែក​ព័ត៌មាន​បរទេស​នៅ​ក្រសួង​ការ​បរទេស​កូរ៉េ​ខាង​ជើង​ បាន​ចោទ​ប្រកាន់​សហរដ្ឋ​អាមេរិក​ថា ​«​ធ្វើ​ឱ្យ​ស្ថានការណ៍​កាន់​តែ​ធ្ងន់​ធ្ងរ​ទៅ​»​ តាម​រយៈ​ការ​ធ្វើ​សម​យុទ្ធ​ផ្លូវ​អាកាស​រួម​គ្នា​​ដោយ​ប្រើ​យន្តហោះ​ទម្លាក់​គ្រាប់​បែក​ B-52​ កាល​ពី​ថ្ងៃ​ចន្ទ​ និង​​ការ​រៀប​ចំ​ផែនការ​ធ្វើ​សមយុទ្ធ​យោធា​អាមេរិក​-​កូរ៉េ​ខាង​ត្បូង​​ជាដើម​។

សូម​បញ្ជាក់​ថា​ ​សហរដ្ឋ​អាមេរិក​បាន​ដាក់​ពង្រាយ​យន្តហោះ​ទម្លាក់​គ្រាប់​បែក​​យុទ្ធ​សាស្រ្ត ​​B-52 ​​ដើម្បី​ប្រើ​ក្នុង​​សមយុទ្ធ​រួម​គ្នា​ជាមួយ​យន្តហោះ​ចម្បាំង​កូរ៉េ​ខាង​ត្បូង​​​ក្នុង​អ្វី​ដែល​ក្រសួង​ការពារ​ជាតិ​កូរ៉េ​ខាង​ត្បូង ​បាន​និយាយ​ថា​ គឺ​ជា​ការ​បង្ហាញ​​កម្លាំង​ប្រឆាំង​នឹង​ការ​គំរាម​កំហែង​នុយក្លេអ៊ែរ​ និង​មីស៊ីល​របស់​កូរ៉េ​ខាង​ជើង​ ដែល​ហៅ​សមយុទ្ធ​របស់​អាមេរិក​-កូរ៉េខាង​ត្បូង​ថា ​ជា​សកម្មភាព​ត្រៀម​ធ្វើ​សង្រ្គាម​៕