ប្រទេសស្រីលង្កា បានត្រៀមខ្លួនរួចជាស្រេចក្នុងការចុះហត្ថលេខាទទួលគម្រោងថវិកាសង្គ្រោះបន្ទាន់ ផ្ដល់ជូនពីមូលនិធិរូបិយវត្ថុអន្តរជាតិ ឬហៅកាត់ថា IMF ចំនួន ២,៩ ប៊ីលានដុល្លារអាមេរិកនៅថ្ងៃទី ២០ ខែមីនា ខាងមុខនេះ។
វាគឺជា គម្រោងមួយដែលត្រូវបានចំណាយពេលចរចាអស់រយៈពេល ៤ ឆ្នាំមកហើយ ពោលគឺចាប់ផ្ដើមចរចា បន្ទាប់ពីប្រទេសមួយនេះរងគ្រោះដោយវិបត្តិនយោបាយ និងសេដ្ឋកិច្ចធ្ងន់ធ្ងរ និងបន្ទាប់ពីប្រទេសនេះទទួលបានជំនួយហិរញ្ញប្បទានពីប្រទេសចិនផងដែរ។
IMF និងប្រទេសដែនកោះមួយនេះបានបញ្ជាក់កាលពីថ្ងៃអង្គារថា ស្រីលង្កា បានទទួលការធានាពីម្ចាស់បំណុលទ្វេភាគីធំៗជាច្រើនរបស់ខ្លួន ដែលនេះគឺជាជំហានសំខាន់មួយក្នុងការបើកផ្លូវឱ្យប្រទេសនេះ អាចចំណាយថវិកាអភិវឌ្ឍន៍ប្រទេសបាន។ ហើយវាក៏ជាពេលវេលាដ៏សំខាន់សម្រាប់ប្រទេសនេះដែលបានធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរបំផុតចាប់តាំងពីទទួលបានឯករាជ្យពីអង់គ្លេសក្នុងឆ្នាំ ១៩៤៨។
ប្រធានាធិបតីស្រីលង្កា លោក Ranil Wickremesinghe បានថ្លែងនៅក្នុងសភាថា៖ «យើងមើលឃើញសញ្ញាថា សេដ្ឋកិច្ចកំពុងមានភាពប្រសើរឡើង ប៉ុន្តែនៅតែមានរូបិយប័ណ្ណបរទេសមិនគ្រប់គ្រាន់សម្រាប់ការចំណាយទៅលើទំនិញនាំចូល ដូច្នេះធ្វើឱ្យកិច្ចព្រមព្រៀងជាមួយ IMF កាន់តែមានសារៈសំខាន់ដើម្បីជាការបើកផ្លូវឱ្យម្ចាស់បំណុលផ្សេងទៀតអាចចាប់ផ្តើមផ្ដល់មូលនិធិជាបន្តបន្ទាប់ទៀត»។
ប្រធានាធិបតីរូបនេះបានបញ្ជាក់ ថា៖ «ប្រទេសស្រីលង្កាបានធ្វើតាមលក្ខខណ្ឌទាំងអស់ដែលបានទាមទារដោយ IMF» ហើយថាលោក និងទេសាភិបាលធនាគារកណ្តាលក៏បានផ្ញើលិខិតថ្លែងអំពីបំណងទៅកាន់ IMF ផងដែរ។
លោកស្រី Kristalina Georgieva ប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ បានលើកឡើងនៅលើបណ្ដាញសង្គម Twitter ថា៖ «ខ្ញុំស្វាគមន៍ចំពោះវឌ្ឍនភាពដែលក្រុមអាជ្ញាធរស្រីលង្កាបានខិតខំប្រឹងប្រែងធ្វើក្នុងការដាក់ចេញគោលនយោបាយយ៉ាងម៉ឺងម៉ាត់ ដើម្បីទទួលបានហិរញ្ញប្បទានពីម្ចាស់បំណុលធំៗទាំងអស់រួមមានប្រទេសចិនឥណ្ឌា និងអង្គភាពក្លិបប៉ារីស»។
ប្រធាន IMF រូបនេះបានបន្ថែមថា លោកស្រីនឹងធ្វើបទបង្ហាញកម្មវិធីដែលគាំទ្រដោយមូលនិធិនេះ ទៅកាន់ក្រុមប្រឹក្សាប្រតិបត្តិនៅថ្ងៃទី ២០ ខែមីនា ខាងមុខនេះ។
គួរដឹងដែរថា បំណុលអន្តរជាតិនិងតម្លៃរូបិយប័ណ្ណរបស់ប្រទេសនេះបានកើនឡើងបន្តិចម្ដងៗដោយតម្លៃមូលបត្របំណុលបានកើនឡើងប្រហែល៣សេនគិតជាប្រាក់ដុល្លារ ខណៈដែលប្រាក់រូពីរបស់ស្រីលង្កាបានកើនឡើងដល់ ៧,៨% ដែលនេះជាការកើនឡើងកម្រិតខ្ពស់មួយ បើគិតត្រឹមរយៈពេល ១០ ខែចុងក្រោយនេះ។
លើសពីនេះតម្លៃភាគហ៊ុនក៏បានកើនឡើងដូចគ្នា ពោលគឺបានបិទទីផ្សារក្នុងតម្លៃច្រើនជាង ២% ឯណោះ។
កាលពីថ្ងៃចន្ទ លិខិតថ្មីមួយពីធនាគារនាំចេញ នាំចូលរបស់រដ្ឋចិន ឬហៅកាត់ថា EXIM បានផ្ញើទៅកាន់ប្រទេសស្រីលង្កា ដើម្បីបង្ហាញពីគោលបំណងចង់ដោះស្រាយការជាប់គាំងរវាងទំនាក់ទំនងរបស់ភាគីទាំង ២។ យោងតាមប្រភពមួយបានឱ្យដឹងថា ធនាគារ EXIM បានផ្តល់ការធានាផ្នែកហិរញ្ញប្បទានដ៏ជាក់លាក់ និងអាចជឿជាក់បានដល់ប្រទេសស្រីលង្កាសម្រាប់ការរៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញ ដោយភ្ជាប់ទំនាក់ទំនងជាមួយកម្មវិធីជំនួយរបស់ IMF និងការប្រើប្រាស់ភាសាយ៉ាងច្បាស់លាស់ស្តីពីនិរន្តរភាពបំណុល។
ប្រភពដដែលបានបន្ថែមថា៖ «ថវិកាមួយចំណែកនៃមូលនិធិជំនួយសរុបនឹងត្រូវបានផ្ដល់ឱ្យប្រទេសស្រីលង្កាបន្ទាប់ពីកិច្ចប្រជុំក្រុមប្រឹក្សាភិបាលបញ្ចប់ទៅ»។
នៅក្នុងលិខិត ១ កាលពីខែមករា បានឱ្យដឹងថា ធនាគារ EXIM បានផ្តល់ជូនស្រីលង្កានូវការផ្អាកការសងបំណុលរយៈពេល ២ ឆ្នាំ ប៉ុន្តែប្រភពដដែលបានបញ្ជាក់ថា ការផ្អាកឱ្យសងបំណុលនេះនៅមិនទាន់គ្រប់គ្រាន់ដើម្បីបំពេញលក្ខខណ្ឌរបស់ IMF នៅឡើយទេ។
លោក ធីអូ ម៉ារ៉េត (Theo Maret) អ្នកវិភាគជាន់ខ្ពស់នៅស្ថាប័នមួយឈ្មោះថា Global Sovereign Advisory នៅទីក្រុងប៉ារីសបាន
មានប្រសាសន៍ថា៖ «នេះគឺជាការអភិវឌ្ឍវិជ្ជមានមួយ។ វាអាចជាលើកដំបូងដែលប្រទេសចិនផ្តល់មេរៀនស្ដីពីការធានាហិរញ្ញប្បទានដល់ IMF ក្រៅពីដំណើរការក្របខ័ណ្ឌរួម»។
នៅចុងឆ្នាំ ២០២០ ប្រទេសស្រីលង្កាជំពាក់ធនាគារ EXIM របស់ចិននេះចំនួនប្រមាណ ២,៨៣ ប៊ីលានដុល្លារអាមេរិក ឬស្មើនឹង៣,៥% នៃបំណុលក្រៅប្រទេសរបស់ខ្លួន។ នេះបើយោងតាមទិន្នន័យរបស់ IMF។ សរុបជារួមប្រទេសស្រីលង្កាជំពាក់ធនាគារចិនផ្សេងៗទៀតទាំងអស់ចំនួន ៧,៤ ប៊ីលានដុល្លារអាមេរិកឬស្មើនឹងជិត ១ ភាគ ៥ នៃបំណុលក្រៅប្រទេសគិតត្រឹមចុងឆ្នាំ ២០២២។ នេះបើយោងតាមការគណនាដោយគម្រោងមួយហៅថា China Africa Research Initiative។
ជាថ្មីម្ដងទៀត ការផ្តល់ហិរញ្ញប្បទានពីសំណាក់ IMF បានក្លាយជាគ្រឹះសំខាន់សម្រាប់ប្រទេសដែលកំពុងជួបវិបត្តិសេដ្ឋកិច្ចនានាដើម្បីអនុញ្ញាតឱ្យប្រភពមូលនិធិផ្សេងៗទៀតហ៊ានផ្ដល់ជំនួយបន្ថែម។ ប្រភពចំនួន ២ បានឱ្យដឹងថា ប្រទេសស្រីលង្កាកំពុងចរចាជាមួយប្រទេសឥណ្ឌាដែលជាម្ចាស់បំណុលធំជាងគេទី ២ របស់ខ្លួនដើម្បីពន្យារថ្ងៃផុតកំណត់សងឥណទានចំនួន ១ ប៊ីលានដុល្លារអាមេរិកដែលនឹងត្រូវផុតកំណត់ត្រឹមថ្ងៃទី ១៧ ខែមីនា ខាងមុខនេះ។
ប្រធានាធិបតីស្រីលង្កា បានមានប្រសាសន៍ថា៖ «ប្រទេសស្រីលង្កាត្រូវសងបំណុលជាមធ្យមប្រហែល ៦ ប៊ីលានដុល្លារអាមេរិកជារៀងរាល់ឆ្នាំ រហូតដល់ឆ្នាំ ២០២៩ ហើយក៏នឹងត្រូវធ្វើការជាមួយ IMF បន្តទៀតផងដែរ»។
គួរដឹងដែរថា ប្រទេសដែលមានវិបត្តិបំណុលដូចជាប្រទេសហ្សំប៊ី (Zambia) និងប្រទេសស្រីលង្កាជាដើមនេះ តែងតែប្រឈមមុខនឹងការពន្យារពេលផ្ដល់មូលនិធិសង្គ្រោះបន្ទាន់របស់ IMF នៅពេលដែលម្ចាស់ជំនួយចិន និងលោកខាងលិចបានប៉ះទង្គិចគ្នាអំពីរបៀបនៃការផ្តល់ ជំនួយសង្គ្រោះបន្ទាន់នោះ។
ជាក់ស្ដែងប្រទេសស្រីលង្កាបានរង់ចាំអស់រយៈពេល ១៨៧ថ្ ងៃ ដើម្បីអាចបញ្ចប់កិច្ចពិភាក្សាលើការទទួលបានមូលនិធិសង្គ្រោះបន្ទាន់បន្ទាប់ពីបានឈានដល់កិច្ចព្រមព្រៀងបឋមមួយជាមុន។បើប្រៀបធៀបទៅនឹងរយៈពេលជាមធ្យមគឺ ៥៥ ថ្ងៃសម្រាប់ប្រទេសដែលមានចំណូលទាប និងមធ្យម នេះបើយោងតាមបទពិសោធន៍អស់រយៈពេល ១ ទសវត្សរ៍កន្លងមកនេះ ពោលគឺគិតពីថ្ងៃចាប់ផ្ដើមចុះកិច្ចព្រមព្រៀងបឋម រហូតដល់ថ្ងៃចុះហត្ថលេខាលើកិច្ចព្រមព្រៀងទាំងមូល។ នេះបើយោងតាមទិន្នន័យដែលបានចងក្រងដោយសារព័ត៌មាន Reuters។
សេដ្ឋវិទូជាន់ខ្ពស់ លោក Patrick Curran បាននិយាយថា៖ «ការរៀបចំរចនាសម្ព័ន្ធបំណុលទាំងក្នុង និងក្រៅក្របខ័ណ្ឌត្រូវការចំណាយពេលយូរជាងធម្មតាដោយសារបញ្ហាជុំវិញការចូលរួមសហការពីសំណាក់ម្ចាស់បំណុលនិងការអូសទាញដោយប្រទេសចិន»។
លោកបន្ថែមថា៖ «ការរៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញនៅក្នុងប្រទេសស្រីលង្កា និងប្រទេសហ្សំប៊ីទំនងជានឹងក្លាយជាគំរូដ៏សំខាន់សម្រាប់ការរៀបចំរចនាសម្ព័ន្ធនាពេលអនាគត»។
រដ្ឋមន្ត្រីក្រសួងការបរទេសចិនលោកឈីន កាង (Qin Gang) បាននិយាយកាលពីថ្ងៃអង្គារថា៖ «ទីក្រុងប៉េកាំងនឹងបន្តចូលរួមក្នុងការដោះស្រាយបញ្ហាបំណុលអន្តរជាតិប្រកបដោយការស្ថាបនា»។
ជាការឆ្លើយតបទៅនឹងសំណួរមួយនៅក្រៅកិច្ចប្រជុំសភាប្រចាំឆ្នាំលោកឈីន បានលើកឡើងថា៖ «ប្រទេសចិនគួរតែជាប្រទេសចុងក្រោយដែលត្រូវបានចោទប្រកាន់ពីការបង្កើតឱ្យមានអន្ទាក់បំណុលហើយលោកក៏បានអំពាវនាវដល់ប្រទេសផ្សេងទៀតឱ្យចូលរួមចំណែកដោះស្រាយបញ្ហានេះទាំងអស់គ្នា»៕