អភិបាលក្រុង​សេ​អ៊ូ​ល លោក Oh Sehoon បាន​ថ្លែងប្រាប់​ទីភ្នាក់ងារ​ព័​ត៌​​មាន​រ៉​យ​ទ័​រ​ ក្នុង​បទ​សម្ភាស៍​ផ្ដាច់មុខ​មួយ​ដែល​ចេញផ្សាយ​នៅ​ថ្ងៃ​ចន្ទ​ថា កូរ៉េខាងត្បូង​ គួរតែបង្កើត​អាវុធ​នុយ​ក្លេ​អ៊ែរ​ដោយ​ខ្លួនឯង ដើម្បី​ពង្រឹង​វិស័យ​ការពារជាតិ​ប្រឆាំងនឹង​កូរ៉េខាងជើង​ទោះបី​ជាមាន​ហានិភ័យ​នៃ​ផលប៉ះពាល់​ជា​អន្តរជាតិ​ក៏ដោយ ព្រោះ​ប្រទេស​នេះ​មិនគួរ​នៅ​ជំពាក់​ចំណង​នឹង​គោលដៅ​នៃ​ការរំសាយ​អាវុធ​នុយក្លេអ៊ែរ​នោះទេ​។

​ការ​ថ្លែង​បែបនេះ​របស់លោក Oh Sehoon បាន​បន្ថែម​កម្ដៅ​ថ្មី​ដល់​ការ​​ជជែក​ដេញដោល​កាន់តែខ្លាំង​ឡើង​អំពី​របៀប​ដែល​កូរ៉េខាងត្បូង ​គួរតែ​បំពាក់អាវុធ​នុយក្លេអ៊ែរ​ ដោយ​ខ្លួនឯង ខណៈ​កូរ៉េខាងជើង កំពុង​សម្រួច​សមត្ថភាព​របស់ខ្លួន​ក្នុងការ​វាយប្រហារ​កូរ៉េខាងត្បូង ​ដោយ​អាវុធ​នុយក្លេអ៊ែរ​តាក់​ទិ​ក​។

​លោក​​ Oh បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖ «​កូរ៉េខាងជើង​ ស្ទើរតែ​ជោគជ័យ​ក្នុងការ​ផលិត និង​បាញ់​គ្រាប់​នុយក្លេអ៊ែរ​ កម្រិត​ស្រាល និង​មាន​ក្បាល​គ្រាប់​រាប់សិប​យ៉ាងតិច​។ យើង​បាន​ឈានដល់​ចំណុច​មួយ​ដែល​វា​ពិបាក​ក្នុងការ​បញ្ចុះបញ្ចូល​មនុ​ស្ស​ដោយ​ប្រើ​ហេតុផល​ថា យើង​គួរតែ​បដិសេធ​ការអភិវឌ្ឍ​អាវុធ​នុយក្លេអ៊ែរ ហើយ​ប្រកាន់ខ្ជាប់​នូវ​ការរំសាយ​អាវុធ​នុយក្លេអ៊ែរ​»​។​


​គួររំឭកថា លោក Oh បានលើកឡើង​ពី​បញ្ហា​នេះ​កាលពី​ខែកុម្ភៈ​រួច​ម្ដងមកហើយ ដោយ​និយាយថា ក្រុង​សេ​អ៊ូ​ល​ គួរតែ​រក្សា​ជម្រើស​នុយក្លេអ៊ែរ​។ ប៉ុន្តែ​ការលើកឡើង​ថ្មី​របស់លោក គឺ​កាន់តែ​ក្ដៅ​ជាងនេះទៅទៀត​។ លោក Oh ដែលជា​សមាជិក​ដ៏​មាន​ឥទ្ធិពល​ម្នាក់​នៃ​គណបក្សកាន់អំណាច​រប​ស់លោក​ប្រធានាធិបតី យូ​ន ស៊ុ​ក​យូ​ល​ Yoon Suk Yeol គឺជា​មន្ត្រី​ដែលមាន​ឋានៈ​ខ្ពង់ខ្ពស់​ម្នាក់ ក្នុងការ​តស៊ូ​មតិ​យ៉ាងសកម្ម​ដើម្បីឱ្យ​កូរ៉េ​ខាង​ត្បូង​មានកម្ម​វិធី​អាវុធ​នុយក្លេអ៊ែរ​។

​លោក​ត្រូវបាន​គេ​មើលឃើញថា ទំនង​នឹង​ធ្វើជា​បេក្ខជន​ប្រជែង​តំណែង​ប្រ​ធា​​នា​ធិបតី​ក្នុងការ​បោះឆ្នោត​នៅ​ឆ្នាំ​ ២០២៧​។ ក្នុងនាម​ជា​អភិបាលក្រុង​លោក​មើល​ការខុសត្រូវ​លើ​សមយុទ្ធ​ការពារ​ស៊ីវិល​ប្រចាំឆ្នាំ​ របស់​ទីក្រុង​សេ​អ៊ូ​ល និង​យន្តការ​សន្តិសុខ​រួមបញ្ចូល​គ្នា ដែលមាន​គោល​បំណង​ការពារ​តំបន់​ទីក្រុង​។


​គួរ​កត់សម្គាល់ថា ចំពេល​ដែល​វិស័យ​យោធា​កូរ៉េខាងជើង​កាន់តែ​ជឿនលឿន និង​មាន​មន្ទិល​លើ​ការប្ដេជ្ញាចិត្ត​របស់​អាមេរិក​ក្នុងការ​ការពារ​សម្ព័ន្ធ​មិត្ត​ក្នុង​តំបន់​មន្ត្រី​ជាន់ខ្ពស់​កូរ៉េខាងត្បូង ​មួយចំនួន​ បានលើកឡើង​ពី​លទ្ធភាព​នៃ​ការអភិវឌ្ឍ​អាវុធ​នុយ​​ក្លេ​អ៊ែរ​ ដោយ​ខ្លួនឯង ឬ​ការដាក់​ពង្រាយ​ឡើងវិញ​នូវ​គ្រាប់បែកនុយក្លេអ៊ែរ និង​មី​ស៊ី​លតា​ក់​ទិ​ក​របស់​អាមេរិក ដែល​ត្រូវបាន​ដក​ចេញពី​ឧបទ្វីប​កូរ៉េ​ក្នុង​ទសវត្សរ៍​ឆ្នាំ ​១៩៩០​។​

​កាលពី​ធ្វើ​បេក្ខជន​ប្រកួតប្រជែង​ការ​បោះឆ្នោត​ប្រ​ធានា​ធិ​ត​បី​លោក ​យូ​ន បានស្នើ​ពី​ជម្រើស​ដាក់ពង្រាយ​អាវុធ​ឡើងវិញ​របស់​សហរដ្ឋអាមេរិក ប៉ុន្តែ​រដ្ឋបាល​របស់លោក​នាពេលនេះ​នៅតែ​ប្តេជ្ញាចិត្ត​ក្នុងការ​រំសាយ​អាវុធ​នុយក្លេអ៊ែរ​ព្រមទាំង​ពង្រឹង​វិស័យ​ការពារ​ធម្មតា​រួមបញ្ចូល​គ្នា​ជាមួយ​សហរដ្ឋអាមេរិក​។ យ៉ាងណាមិញ ការស្ទង់មតិ​ជាច្រើន បានបង្ហាញ​ពី​ការ​​ស្ទុះ​ឡើង​នៃ​ការគាំទ្រ​ជា​សាធារណៈ​ក្នុងប្រទេស​កូរ៉េខាងត្បូង លើ​ការ​មាន​ឃ្លាំង​អាវុធ​នុយក្លេអ៊ែរ​ដោយ​ខ្លួនឯង​។

​ខណៈ​មាន​សម្ទុះ​បែបនេះ លោក​ Oh បាន​និយាយ​ក្នុង​បទ​សម្ភាស៍​ដដែល​ថា វិបត្តិ​អ៊ុយ​ក្រែ​ន​បាន​ពង្រឹង​ការជឿជាក់​របស់លោក​ដែលថា ការរំសាយ​អាវុធ​​នុយក្លេអ៊ែរ ​បាន​បាត់បង់​ប្រសិទ្ធភាព​របស់ខ្លួន ហើយ​អាវុធ​នុយក្លេអ៊ែរ​នឹង​ក្លាយជា​អាវុធ​ទប់ទល់​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​ប្រឆាំងនឹង​កូរ៉េខាងជើង​។​

លោក​បាន​ច្រានចោល​គូប្រជែង​ដែល​ព្រមាន​ពី​ការដាក់ទោស​ពី​ប្រទេស​ផ្សេងៗ រួមទាំង​ការដាក់ទណ្ឌកម្ម ដោយ​និយាយថា កម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េខាងត្បូង​នឹង​ផ្ញើ​សារ​ទៅកាន់​ប្រទេស​ដូចជា​ចិន​ដើម្បី​ទប់ស្កាត់​ការបង្កើន​សកម្មភាព​យោធា​របស់​កូរ៉េខាងជើង​។

លោក​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖ «​ដំបូងៗ វា​អាច​នឹង​មានការ​ប្រឆាំង​ពី​សហគមន៍​អន្តរជាតិ ប៉ុន្តែ​ខ្ញុំ​ជឿថា វា​នឹង​ទទួលបាន​ការគាំទ្រ​បន្ថែមទៀត​នៅ​ទីបំផុត​»៕​

វីដេអូ៖