កាលពីថ្ងៃ​ទី ១៣ ​ខែមីនា ឆ្នាំ ២០២៣​ សមាជិក​សភាជាន់ខ្ពស់​រុស្ស៊ី​បាន​ធ្វើការដាក់​ចេញនូវ​សេចក្ដីព្រាង​ច្បាប់មួយ​ ដើម្បី​ធ្វើកំណែ​ទម្រង់​ទៅលើ​អាយុដែល​ត្រូវចូល​បម្រើ​យោធាជា​កំហិត ​ដែល​ពីមុន ​ពលរដ្ឋ​រុស្ស៊ី​ដែល​អាច​ចូល​បម្រើ​យោធាបា​ន​ត្រូវ​មាន​អាយុចាប់ពី​ ១៨ ទៅ​ ២៧ ឆ្នាំ ​ប៉ុន្តែក្រោម​កំណែទម្រង់​ថ្មីនេះ ​ពលរដ្ឋ​រុស្ស៊ី​ត្រូវមាន​អាយុ​ចាប់​ពី​អាយុ​ ២១​ដល់ ៣០ឆ្នាំ​ទើប​ជាប់កាតព្វ​កិច្ច​ចូលបម្រើ​ក្នុង​ជួរ​កងទ័ព​។​

សេចក្ដី​ព្រាងច្បាប់នេះ​ត្រូវបាន​ដាក់​ចេញ​ដោយ​លោក​ Andrei Kartapolov​ អតីត​ឧត្តម​សេនីយ​ដែល​ធ្លាប់​ធ្វើជា​ប្រធាន​គណៈកម្មាធិការ​ការ​ពារជាតិ​របស់​សភា​ជាន់​ទាប​រុស្ស៊ីនិង​ជា​តំណាងឱ្យ​តំបន់​បង្រួប​បង្រួម​រុស្ស៊ី។​គួរដឹងដែរ​ថា បន្ទាប់​ពី​លោក​បាន​ឡើង​កាន់​អំណាច​រយៈពេល​ជាង១ឆ្នាំ​ប៉ុណ្ណោះ ​យុទ្ធនាការ​យោធា​របស់​ទី​ក្រុងម៉ូស្គូ​នៅ​អ៊ុយក្រែន​ក៏​បាន​ចាប់ផ្ដើម​ឡើង​។

ដោយសារ​តែ​មាន​ការ​ផ្លាស់ប្ដូរ​អាយុ​ដែលត្រូវ​បញ្ចប់​ភារកិច្ច​បម្រើ​ទ័ព​រហូត​ដល់​អាយុ​ ៣០​ ឆ្នាំ​បែបនេះ​ហើយ បានធ្វើ​ឱ្យ​ទាហាន​រុស្ស៊ី​ដែល​ត្រូវ​​រួចផុត​ពី​កាតព្វកិច្ច​យោធា​នៅ​អាយុ ​២៧ ​ឆ្នាំ​ត្រូវ​បន្តធ្វើ​ជា​ទាហាន​រយៈពេល ​២ ​ឆ្នាំទៀត​ ពោល​គឺ​រហូត​ដល់​ឆ្នាំ​២០២៤​ ឬ​ ២០២៥។​ ជារួម​ រយៈ​ពេល​នៃ​ការ​បម្រើជា​កងពល​របស់​ពួកគេ​នឹង​កើនឡើង​ដល់​១០​ឬ​១១ឆ្នាំ​ជំនួស​ឱ្យ​រយៈ​ពេល​ធម្មតា​គឺ​ត្រឹមតែ ​៩ ឆ្នាំ​ប៉ុណ្ណោះ ​ដែលនេះ​គឺជា​យុទ្ធសាស្ត្រ​ដាក់​ចេញ​ដើម្បី​បង្កើន ឬរក្សា​ចំនួន​ទាហាន​ដែល​ផុត​កាតព្វកិច្ច​ឱ្យ​នៅដដែល ​ដោយត្រូវ​ទទួល​ការ​ដាក់កំហិត​ឱ្យ​បន្ត​ធ្វើ ​១​ ឬ ២​ ឆ្នាំទៀត​។


សម្រាប់​ប្រធានា​ធិបតី​ វ្ល៉ាឌីមៀរ ​ពូទីន​ លោក​បាន​ផ្តល់​ការ​គាំទ្រ​ដល់​សំណើ​របស់​ក្រសួង​ការ​ពារជាតិ​មួយនេះ​កាល​ពីខែធ្នូ​កន្លង​ទៅក្នុង​ការ​ពន្យារអាយុ​បញ្ចប់​កាតព្វ​កិច្ច​យោធា​ថយ​ក្រោយពី​អាយុ ​២៧ ​ដល់​៣០ ឆ្នាំ។​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​រុស្ស៊ីលោក​ Sergei Shoigu ​ក៏​បាន​រៀប​ចំផែន​ការ​បង្កើន​ចំនួន​សរុប​កងទ័ព​ប្រយុទ្ធ​ជួរមុខ​ ចំនួន​ទាហាន​កិច្ច​សន្យា​អា​ជីព និង​ចំនួន​ទាហាន​ដែលបាន​មកពី​ការ​កេណ្ឌ​ទ័ព ចាប់ពី ១,១៥ លាន​នាក់​បច្ចុប្បន្ន​រហូត​ដល់ ​១,៥​ លាន​នាក់​នាពេ​​លខាងមុខ។​

គួរដឹង​ដែរថា ​ទាហាន​ដែលទើប​នឹងកែន​បាន​មកថ្មីៗ ​មិន​អាច​​ដាក់​ពង្រាយ​ឱ្យឈរ​ជើងនៅ​ខាងក្រៅ​ទឹកដី​ប្រទេស​រុស្ស៊ី ដែល​ជា​តំបន់​ធ្វើ​សង្គ្រាមនោះទេ ។​នេះ​បើ​យោងតាម​គោលការណ៍​របស់​រុស្ស៊ី។ ​ទោះជា​យ៉ាង​ណាក៏ដោយ​ កាលពីខែ​កញ្ញា ​ទីក្រុងម៉ូស្គូ​បាន​ដាក់​បញ្ចូល​តំបន់​អ៊ុយក្រែន​ចំនួន​៤​ ដោយ​ឯកតោ​ភាគី ហើយ​ចាត់ទុក​តំបន់ទាំង​នេះ​ថាជា​ទឹកដី​របស់ខ្លួន​ ខណៈ​ដែលការ​ប្រយុទ្ធ​គ្នា​កំពុង​បន្ត​កើតឡើង​។​


ការចល័ត​ទ័ព​បុរសៗ​យ៉ាង​ហោច​ណាស់​ប្រមាណ៣​ សែន​នាក់​កាល​ពីរ​ដូវស្លឹក​ឈើជ្រុះ​ទៅកាន់​តំបន់ធ្វើ​សង្រ្គាម​នៅអ៊ុយ​ក្រែន​បាន​ជំរុញ​ឱ្យបុរសៗ​នៅក្នុង​ប្រទេស​ដែល​ជិត​គ្រប់​អាយុ ១៨ ​ឆ្នាំ និង​អ្នកគ្រប់​អាយុតែ​មិនទាន់​ត្រូវ​បាន​កេណ្ឌ​ទៅនោះ​ បានធ្វើ​ការ​រត់​ចាកចេញ​ពី​ប្រទេស​រុស្ស៊ីទៅ​កាន់​ប្រទេស​ផ្សេងទៀត។​ព្រឹត្តិការ​ណ៍ចល័ត​ទ័ពនោះ​ក៏បានបង្ក​ឱ្យមាន​ការរិះគន់​ពី​សាធារណៈ​ជន​យ៉ាងខ្លាំង​ បង្កភាព​វឹកវរ​និង​ចលាចល​ពេញ​ផ្ទៃ​ប្រទេស​ ដោយ​សារតែ​បុរសៗ​ត្រូវបាន​គេហៅឱ្យ​ទៅធ្វើ​សង្គ្រាម​ទាំងគ្មាន​ជំនាញ ​និង​បទពិសោធន៍​។​

បើទោះ​បីជា​យុទ្ធនាការ​របស់​រុស្ស៊ី​នៅអ៊ុយក្រែន​ហាក់ដូច​ជា​ត្រូវ​បាន​ជាប់គាំង​ក៏ដោយ​ ក៏វិមាន​ក្រឹមឡាំង​បាន​បដិសេធ​ម្តង​ហើយ​ម្តងទៀត​ ចំពោះ​ការ​ចោទ​ប្រកាន់​ថា​ខ្លួន​គ្រោង​នឹង​ធ្វើការ​ចល័តទ័ព​ដែល​បាន​កេណ្ឌ​ ភ្លាមៗ​ទៅកា​ន់តំ​បន់​ធ្វើ​សង្គ្រាម​បន្ថែមទៀត។ ​យ៉ាងណាក៏ដោយ​ រុស្ស៊ី​ក៏មាន​គោលការណ៍​ពន្យារ​ពេល​ក្នុង​ការកេណ្ឌ​ បុរស​ដែលស្ថិត​ក្នុង​លក្ខ​ខណ្ឌ​មួយ​ចំនួន​ដូចជា​ អ្នក​ធ្វើការ​នៅ​មូលដ្ឋាន​វេជ្ជសាស្រ្ត​និស្សិត​សាកល​វិទ្យាល័យ​ និង​ឪពុក​ដែល​ត្រូវនៅ​មើលថែ​គ្រួសារ​ដែលមាន​សមាជិក​ជា​បន្ទុក​ច្រើន​៕