កូរ៉េ​ខាង​ជើង​​បាន​​បាញ់​​សាក​ល្បង​មីស៊ីល​ផ្លោង​អន្តរទ្វីប (ICBM) ​នៅ​ថ្ងៃ​​ព្រហស្បតិ៍​នេះ​ ​ប៉ុន្មាន​​ម៉ោង​​មុន​​​មេ​ដឹក​នាំ​​កូរ៉េ​ខាង​ត្បូង​ ​និង​​ជប៉ុន​ ជួប​​​គ្នា​ក្នុង​​​កិច្ច​ប្រជុំ​​កំពូល​​នៅ​ទីក្រុង​តូក្យូ​។

ការ​បាញ់​សាក​ល្បង​​ចុង​ក្រោយ​​ ដែល​ជា​ការ​ធ្វើ​តេស្ត​អាវុធ​លើក​ទី​៣​គិត​ក្នុង​តែ​សប្ដាហ៍​​នេះ​ ក៏​ធ្វើ​ឡើង​ផង​ដែ​រ​ ស្រប​ពេល​ដែល​​​​កង​ទ័ព​កូរ៉េ​ខាង​ត្បូង​ និង​សហរដ្ឋ​អាមេរិក​ បន្ត​ធ្វើ​សម​យុទ្ធ​យោធា​រួម​គ្នា​ ដែល​ទី​ក្រុង​ព្យុង​យ៉ា​ង​ចាត់​ទុក​ថា​ជា​ការ​ហាត់​សម​ដើម្បី​ឈ្លាន​ពាន​។​


តាម​ការ​វាយ​​តម្លៃ​របស់​កូរ៉េខាង​ត្បូង​ និង​ជប៉ុន​ មីស៊ីល​សាក​ល្បង​ចុង​ក្រោយនេះ​ ​បាន​ហោះ​ក្នុង​រយៈ​ចម្ងាយ​ ១ ០០០ គីឡូម៉ែត្រ​ និង​រយៈ​​​កម្ពស់​អតិបរមា​ ៦ ០០០ គីឡូម៉ែត្រ​ និង​ប្រើ​ពេល​ហោះ​ហើរ​​​ ៧០​នាទី​។ ​ព័ត៌មាន​ស្ដី​ពី​ការ​ហោះ​ហើរ​នេះ​ ស្រដៀង​គ្នា​នឹង​​ព័ត៌មាន​លម្អិត​នៃ​ការ​ហោះ​ហើរ​របស់​មីស៊ីល​ ICBM មួយ​ផ្សេង​ទៀត​ ដែល​កូរ៉េខាង​ជើង​បាញ់​បង្ហោះ​នៅ​ខែ​កុម្ភៈ​ដែរ។ ​​

បើ​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ AP មីស៊ីល​ចុង​ក្រោយបាន​ហោះ​ហើរ​ក្នុង​គន្លង​ដ៏​ចោត​​ ហើយ​​បាន​ធ្លាក់​ចូល​ក្នុង​សមុទ្រ​ចន្លោះ​​​ឧបទ្វីប​កូរ៉េ ​និង​ជប៉ុន​។​ ជប៉ុន​បាន​និយាយ​ថា​មីស៊ីល​​នេះ ​បាន​​ធ្លាក់​ក្រៅ​​តំបន់​សេដ្ឋកិច្ច​ផ្តាច់​មុខ​របស់​ខ្លួន​​ដែល​​មិន​បង្ក​​ឱ្យ​មាន​ការ​ខូត​ខាត​អ្វី​នោះ​ទេ​។


​​អ្នក​នាំ​ពាក្យ​ក្រុម​ប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក​ លោក​ស្រី​Adrienne Watson ​បាន​ថ្លែង​ថា​ ​​ក្រុង​វ៉ាស៊ីន​តោន​ ​នឹង​ចាត់​វិធានការ​ចាំ​បាច់​ទាំង​អស់​ ដើម្បី​ធានា​សន្តិសុខ​នៃ​មាតុភូមិ​អាមេរិក​ និង​សម្ព័ន្ធ​មិត្ត​របស់​ខ្លួន​រួម​មាន​កូរ៉េ​ខាង​ត្បូង​ និង​ជប៉ុន​។​ លោក​ស្រី​និយាយ​ថា​ ​៖ «ការ​បាញ់​បង្ហោះ​របស់​កូរ៉េខាង​ជើង​បាន​​បង្កើន​​ភាព​​តាន​តឹង ​និង​​ហានិភ័យ​​ដែល​​ធ្វើឱ្យ​​​​​ស្ថានការណ៍​​សន្តិសុខ​​ក្នុង​​តំបន់​​មាន​​អស្ថិរភាព​»​។​

មុន​ពេល​ធ្វើ​ដំណើរ​ទៅ​កាន់​ក្រុង​តូក្យូ​ដើម្បី​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​ជាមួយ​ប្រធានាធិបតី​ជប៉ុន​លោក​ ហ្វូមីអូ​ គីស៊ីដា​ លោក​ប្រធានាធិបតី​កូរ៉េខាង​ត្បូង​ យូន ស៊ុកយូល​ បាន​ថ្លែង​ថា​៖ «​ការ​បង្ក​ហេតុ​ដែល​មិន​ប្រុង​ប្រយ័ត្ន​របស់​កូរ៉េ​ខាង​ជើង​ នឹង​ផ្តល់​ការ​ខូត​ខាត​​ច្បាស់​លាស់​»​។

​ក្នុង​​អំឡុង​កិច្ច​ប្រជុំ​សន្តិសុខ​បន្ទាន់​មួយ​​ស្តី​ពី​ការ​បាញ់​បង្ហោះ​របស់​កូរ៉េ​ខាង​ជើង​ លោក​យូន​ ​បាន​ណែនាំ​យោ​ធា​កូរ៉េ​ខាង​ត្បូង​ឱ្យ​ដំណើរ​ការ​យ៉ាង​ហ្មត់​ចត់​នូវ​សមយុទ្ធ​ដែល​កំពុង​បន្ត​ជាមួយ​កង​កម្លាំង​សហរដ្ឋ​អាមេរិក​ ធ្វើ​សម​យុទ្ធ​រួម​គ្នា​តាម​ការ​គ្រោង​ទុក​ក្នុង​លក្ខណៈ​តាន​តឹង​ខ្លាំង​ និង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​សន្តិសុខ​ជាមួយ​អាមេរិក​។

​​នៅ​ឯ​ទីក្រុង​តូក្យូ​ឯ​ណោះ​វិញ​ លោក​ គីស៊ីដា​ បាន​ថ្លែង​ថា​៖«​យើង​ត្រូវ​តែ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​បន្ថែម​ទៀត​ក្នុង​ចំណោម​សម្ព័ន្ធ​មិត្ត​ និង​ប្រទេស​ដែល​មាន​គំនិត​ដូច​គ្នា​»​។ ​

ការ​សាក​ល្បង​​អាវុធ​យ៉ាង​ក្លៀវ​ក្លា​របស់​ក្រុង​ព្យុងយ៉ាង​ មិន​មែន​ជា​អ្វី​ដែល​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​នោះ​ទេ​ ក្នុង​ដំ​ណាក់​កាល​​នៃ​ភាព​តាន​តឹង​នេះ​ ព្រោះ​គេ​បាន​រំពឹក​ទុក​រួច​មក​ហើយ​។ កាល​ពី​សប្ដាហ៍​មុន​ មេដឹកនាំ​កូរ៉េខាង​ជើង​ លោក​ គីម ជុង អ៊ុន​ បាន​បញ្ជា​ឱ្យ​យោធា​របស់​លោក​ ត្រៀម​ខ្លួន​​ជា​ស្រេច​ ដើម្បី​ទប់​ទល់​នឹង​អ្វី​ដែល​លោក​ហៅ​​ថា​ «​ការ​ត្រៀម​​រៀប​ចំ​សង្រ្គាម​​ដ៏​គួរ​ឱ្យ​ខ្លាច​»។ អ្វី​ដែល​លោក​លើក​ឡើង​នេះ​ គឺ​សំដៅ​លើ​​​សម​យុទ្ធ​រួម​គ្នា​ដ៏​ធំ​រវាង​សហរដ្ឋ​អាមេរិក​ និង​កូរ៉េ​ខាង​ត្បូង​ ដែល​បាន​ចាប់​ផ្តើម​កាល​ពី​ថ្ងៃ​ចន្ទ​។

​កូរ៉េ​ខាង​ជើង ​បាន​ទទូច​​ជា​យូរ​មក​ហើយ​ថា​ សម​យុទ្ធ​យោធា​អាមេរិក​-​កូរ៉េ​ខាង​ត្បូង​ គឺ​ជា​ភ័ស្តុតាង​នៃ​គោល​នយោ បាយ​អរិភាព​របស់​ប្រទេស​ទាំង​២​នេះ​​ប្រឆាំង​នឹង​កូរ៉េ​ខាង​ជើង​ ទោះ​បី​ជា​ទីក្រុង​វ៉ាស៊ីនតោន​ និង​សេអ៊ូល​និយាយ​ថា​ ពួក​គេ​​គ្មាន​ចេតនា​ឈ្លាន​ពាន​កូរ៉ខាង​ជើង​ ហើយ​​​​ថា ​​សកម្មភាព​​យោធា​របស់​ខ្លួន​ធ្វើ​ឡើង​​ដើម្បី​ទប់​ទល់​នឹង​ការ​គំរាម​កំហែង​របស់​ក្រុងព្យុងយ៉ាង​ក៏​ដោយ​៕