សារព័ត៌មានមួយ​ដែលមាន​ទំនាក់ទំនង​ជា​មួយស្ថាប័ន​សន្តិសុខ​របស់​អ៊ីរ៉​ង់ឈ្មោះថា ​Nour News កាលពី​ថ្ងៃទី១៥​ ខែមីនា ​ឆ្នាំ២០២៣ ​បាន​រាយការណ៍ថា​ នៅថ្ងៃ​ព្រហស្បតិ៍នេះ​អគ្គលេខាធិការ​ក្រុមប្រឹក្សា​សន្តិសុខជាតិ​កំពូល​របស់​អ៊ីរ៉ង់​ លោក​ អាលី សាខានី (Ali Shamkhani)​ នឹង​ធ្វើដំណើរ​ទៅបំ​ពេញ​ទស្សនកិច្ច​នៅ​ប្រទេស​អេមីរ៉ាត់​អារ៉ាប់រួម។

ដំណើរ​ទស្សន​កិច្ច​របស់​អគ្គលេខាធិការរូបនេះ ​ទៅកាន់​ទីក្រុង​អាប៊ុយដាប៊ី​ (Abu Dhabi) ​ប្រទេស​អេមីរ៉ា​តអារ៉ាប់រួម ​កំពុងប្រព្រឹត្ត​ទៅចំ​ពេល​ដែល​​ទំនាក់ទំនង​រវាង​ប្រទេស​អ៊ីរ៉ង់ ​និង​បណ្ដា​ប្រទេសនៅ​តាម​ឈូ​ង​សមុទ្រ​មាន​ភាព​ប្រសើរ​ឡើង​ជាងមុន​។


សូមរំឭកថា​កាលពី​សប្តាហ៍មុន ​លោក សាខានី​ បា​នចូលរួម​ក្នុង​កិច្ចចរចា​មួយ ​ដែលមាន​ការ​សម្រប​សម្រួ​ល ​ដោយ​ភាគីចិន​ ក្នុង​ការ​ផ្សះផ្សា​ទំនាក់ទំនង​គ្នាឡើង​វិញ​រវាង​ប្រទេសអារ៉ាប៊ី​សាអ៊ូឌីត ​និង​អ៊ីរ៉ង់​ ដើ​ម្បី​ឱ្យ​ភាគីទាំង២ ​អាច​ចាប់ផ្តើម​ទំនាក់ទំនង​ការ​ទូត​សាឡើង​វិញ ​បន្ទាប់​ពី​ត្រូវបាន​ផ្ដាច់ទំនាក់​ទំនង​គ្នា ​ចាប់​តាំង​ពីឆ្នាំ​២០១៦​។


សូម​បញ្ជាក់​ដែរថា​ ព័ត៌មាន​នៃ​ដំណើរទស្សន​កិច្ចនេះ​បាន​លេចឮ​ឡើងនៅពេល​ដែល​រដ្ឋមន្ត្រី​ក្រសួង​ហិ​រញ្ញវត្ថុ​អារ៉ាប៊ី​សាអ៊ូឌីត ​លោក​ ម៉ូហាម៉ាដ ​អាល់ចាដាន ​(Mohammed al-Jadaan) ​បាន​ឱ្យដឹង​ថា​ ការ​វិនិយោគ​របស់​អារ៉ាប៊ី​សាអ៊ូឌីត​ទៅក្នុង​ប្រទេស​អ៊ីរ៉ង់អាច​នឹងកើតមាន​ឡើងនា​ពេលឆាប់ៗ​ខាង​មុខនេះ​ បន្ទាប់​ពី​កិច្ច​ព្រមព្រៀង​កាល​ពីសប្តាហ៍​មុន​បាន​បញ្ចប់​ទៅ។​​

ដំណើរ​ទស្សនកិច្ច​របស់​លោក ​សាខានី​ ទៅកាន់ប្រ​ទេសអេមីរ៉ាត់អារ៉ាប់រួម​ លើក​នេះ ​បាន​បង្ហាញ​ពី​ដំ​ណើរឆ្ពោះ​ទៅ​រក​ភាព​វិជ្ជមាន​ឡើងវិញ​នៃ​ទំនាក់ទំនង​រវាង​ទីក្រុងតេអេរ៉ង់​ និង​ទីក្រុង​អាប៊ុយដាប៊ី​ បន្ទាប់​ពី​អេមីរ៉ាត់អារ៉ាប់រួម​ បាន​បញ្ជូន​ឯក​អគ្គរដ្ឋទូត​អ៊ីរ៉ង់ ​ត្រឡប់​ទៅកាន់​ប្រទេស​អ៊ីរ៉ង់ វិញ ​កាលពី​ខែកញ្ញា។​ រហូត​មក​ទល់ពេលនេះ ​វា​មាន​រយៈពេល​ជាង ​៦ ​ឆ្នាំហើយ ក្រោយ​ពីអេមីរ៉ាត់​អារ៉ាប់រួម​ដែលជា​ប្រទេស​ជាប់​ឈូងសមុទ្រ ​បាន​កាត់​ផ្ដាច់​ទំនាក់ទំនង​ការ​ទូតជា​មួយ​ប្រទេសអ៊ីរ៉ង់​ដែល​ជា​សាធារណ​រដ្ឋ​អ៊ិស្លាម។

យោង​តាម​សារព័ត៌មាន ​Nour News ​បានឱ្យដឹង​កាលពី​ថ្ងៃ​ពុធថា៖ ​«លោក ​សាខានី​ នឹង​ធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង​អាប៊ុយដាប៊ី​នៅ​ថ្ងៃ​ព្រហស្បតិ៍​ ដើម្បី​ជា​ការ​ឆ្លើយតប​ទៅនឹង​ការ​អញ្ជើញ​ជាផ្លូវ​ការ​របស់​សមភាគី​លោក​ Sheikh Tahnoun bin Zayed Al Nahyan ទីប្រឹក្សា​សន្តិសុខ​ជាតិ​នៃ​ប្រទេស​អេមីរ៉ាត់​អារ៉ាប់រួម​ ដើម្បី​ពិភាក្សា​អំពី​បញ្ហា​ទ្វេភាគី ​បញ្ហា​ក្នុងតំបន់​ និង​អន្តរជាតិ​ជា​រួម»​។

យោង​តាម​ប្រភព​ខាងលើ​បាន​បន្ថែមថា​៖ «ក្រុមមន្ត្រី​សេដ្ឋកិច្ច​ ធនាគារ​ និង​សន្តិសុខ​កំពូល​របស់​អ៊ីរ៉ង់ នឹ​ង​អម​ដំណើរ​អគ្គលេខាធិ​ការ​ក្រុម​ប្រឹក្សា​សន្តិសុខ​ជាតិ​អ៊ីរ៉ង់ ​ទៅកាន់​ប្រទេស​អេមីរ៉ាត់​អារ៉ាប់​រួម ​ផងដែ​រ»។

លោក ​អាល់ចាដាន ​បានថ្លែង​ឱ្យដឹង​នៅ​ក្នុង​វេទិកាមួយ​នៅក្នុង​ប្រទេស​អារ៉ាប៊ីសាអ៊ូ ឌីតថា​ប្រទេស​អ៊ីរ៉ង់​បាន​ធ្វើ​បទ​បង្ហាញ​អំពី​ឱកាស​វិនិយោគ​ជាច្រើន​។

លោក ​អាល់ចាដាន​ បាន​មាន​ប្រសាសន៍ថា​ ៖​ «វា​ពិតជា​មាន​ឱកាសជា​ច្រើន​សម្រាប់​ប្រទេស​អារ៉ាប៊ីសា​អ៊ូឌីត​ ក្នុង​ការ​វិនិយោគ​នៅក្នុង​ប្រទេសអ៊ីរ៉ង់។​ យើងមិន​ឃើញមាន​ឧបសគ្គ​អ្វីទេ​ ដរាប​ណា​លក្ខខណ្ឌ​នៃ​កិច្ច​ព្រមព្រៀង​ត្រូវ​បាន​គោរព»​។

ទន្ទឹមនឹង​នេះដែរ ​កាល​ពីថ្ងៃពុធ ​ប្រទេសចិន​ ដែល​ជា​ម្ចាស់ផ្ទះ​ជំនួប​ចុង​ក្រោយ​នៃ​កិច្ច​ពិភាក្សា​រវាង​អារ៉ាប៊ីសាអ៊ូឌីត ​និង​អ៊ីរ៉ង់ បាន​ប្រកាស​ពី​គម្រោង​ការ​ចាប់ផ្តើម​នៃ​សមយុទ្ធ​យោធា​ដែន​សមុទ្រ​រួមគ្នានៅ​ឈូង​សមុទ្រ​អូម៉ង់ ​(Gulf of Oman) ​ជាមួយ​នឹង​កងទ័ព​ជើងទឹក​រុស្ស៊ី ​និងអ៊ីរ៉ង់​។​

សមយុទ្ធ​យោធា​ដែល​នឹង​បន្ត​រហូត​ដល់​ថ្ងៃ​អាទិត្យ ​ជា​សមយុទ្ធ​ប្រភេទ​ទី៤​ ហើយ​ចាប់តាំង​ពី​ប្រទេស​ទាំ​ង​៣ ​បាន​ចាប់ផ្តើម​ប្រតិបត្តិការ​ក្នុង​ឆ្នាំ២០១៩។ ​ដោយឡែក ​គួររំឭក​បន្ថែម​ទៀតថា​ ប្រទេស​អេមីរ៉ាត់​អារ៉ាប់​រួម​ ធ្លាប់បាន​កាត់ផ្ដាច់​ទំនាក់ទំនង​របស់​ខ្លួនជា​មួយ​អ៊ីរ៉ង់​ បន្ទាប់​ពីប្រ​ទេសអារ៉ា​ឋប៊ីសាអ៊ូ ឌីត​បាន​ផ្តាច់ទំ​នាក់ទំនង​ជា​មួយ​អ៊ីរ៉ង់ជា​មុន​ក្នុង​ខែមករា​ ឆ្នាំ២០១៦។​

ការកាត់​ផ្ដាច់​ទំនាក់ទំនង​កាល​នោះ​គឺ​ដោយសា​រ​មាន​ការ​សម្រុកចូល​ទៅក្នុង​ស្ថាន​ទូត​អារ៉ាប៊ីសាអ៊ូឌីត​នៅ​ទីក្រុងតេ អេរ៉ង់​ ដោយ​ក្រុមបាតុករ​អ៊ីរ៉ង់ ​បន្ទាប់ពី​រដ្ឋាភិបាល​ទីក្រុង​រីយ៉ាដ​ ប្រទេស​អារ៉ាប៊ីសាអ៊ូ ឌីត​ បាន​ប្រហារ​ជីវិត​បព្វជិត​និកាយ​ស៊ីអ៊ីត ​ដ៏​លេច​ធ្លោម្នាក់​។​

គេ​មិន​ភ្លេចនោះ​ទេ​ថា ​ប្រទេស​អេមីរ៉ាត់​អារ៉ាប់រួម ​បាន​មាន​ទំនាក់​ទំនង​ពាណិជ្ជកម្ម​ជា​មួយ​ប្រទេស​អ៊ីរ៉ង់​ អស់រយៈ​ពេលជាង ១ សតវត្សរ៍​មកហើយ​ ដោយ​ទីក្រុងឌូបៃ​ បាន​ដើរ​តួ​យ៉ាង​សំខាន់​សម្រាប់​ប្រទេស​អ៊ីរ៉ង់ ​ដើម្បី​ភ្ជាប់​ទំនាក់ទំនង​ទៅកាន់​ពិភពលោក​ខាងក្រៅ​៕