ប្រទេសអង់គ្លេស នៅថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២៣ បានប្រកាសអំពីវិធានការហាមឃាត់មិនឱ្យមានការប្រើប្រាស់កម្មវិធីតិកតុក (TikTok) នៅលើគ្រប់ឧបករណ៍អេឡិចត្រូនិកទាំងអស់របស់រដ្ឋាភិបាល មិនថានៅលើទូរស័ព្ទដៃ ឬកុំព្យូទ័រ ដោយអះអាងថា វាជាកម្មវិធីដែលគ្រប់គ្រងដោយរដ្ឋាភិបាលចិន និងដែលអាចទាញយកទិន្នន័យសម្ងាត់របស់រដ្ឋាភិបាលអង់គ្លេសបាន។
យោងតាមសារព័ត៌មាន CNBC រដ្ឋមន្ត្រីខុទ្ទកាល័យលោក Oliver Dowden បានឱ្យដឹងថា បន្ទាប់ពីការត្រួតពិនិត្យឡើងវិញដោយអ្នកជំនាញសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិតរបស់អង់គ្លេស ពួកគេបានគូសបញ្ជាក់យ៉ាងច្បាស់ថាកម្មវិធីនេះអាចនឹងមានហានិភ័យ ដោយសារទិន្នន័យសំខាន់ៗរបស់រដ្ឋាភិបាលអាចនឹងត្រូវបានចូលប្រើប្រាស់តាមរយៈកម្មវិធីវីដេអូមួយនេះនៅលើឧបករណ៍អេឡិចត្រូនិកបាន។
លោក Dowden បានបន្ថែមថា៖«កម្មវិធីភាគច្រើននៅលើទូរស័ព្ទដៃ អាចប្រមូលទិន្នន័យបានយ៉ាងច្រើនពីអ្នកប្រើប្រាស់ ក្នុងនោះរួមមានលេខទំនាក់ទំនង និងទីតាំងផងដែរ»។ រដ្ឋមន្ត្រីខុទ្ទកាល័យរូបនេះបានបញ្ជាក់ថា៖«នៅលើឧបករណ៍ដែលប្រើប្រាស់សម្រាប់កិច្ចការងារប្រចាំថ្ងៃរបស់រដ្ឋាភិបាលអាចនឹងមានទិន្នន័យខ្លះដែលមានលក្ខណៈរសើបខ្លាំង»។
រដ្ឋមន្ត្រីរូបនេះបានលើកឡើងនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា «សុវត្ថិភាពនៃព័ត៌មានសម្ងាត់របស់រដ្ឋាភិបាលត្រូវទុកជារឿងអាទិភាព ដូច្នេះថ្ងៃនេះយើងកំពុងហាមឃាត់មិនឱ្យប្រើប្រាស់កម្មវិធីនេះនៅលើរាល់ឧបករណ៍របស់រដ្ឋាភិបាលទាំងអស់។ មិនត្រឹមតែប៉ុណ្ណោះ ការប្រើប្រាស់កម្មវិធីផ្សេងទៀតដែលអាចធ្វើការទាញយកទិន្នន័យពីអ្នកប្រើប្រាស់បាន នឹងត្រូវបានដាក់ចូលទៅក្នុងប្រភេទកម្មវិធីដែលត្រូវត្រួតពិនិត្យនៅថ្ងៃក្រោយ»។
គួរដឹងដែរថា វិធានការហាមឃាត់មិនឱ្យប្រើប្រាស់កម្មវិធី TikTok នេះត្រូវបានដាក់ចេញឱ្យអនុវត្តភ្លាមៗ នេះបើយោងតាមលោក Dowden ហើយលោកក៏បានធ្វើការកត់សម្គាល់ថា «វិធានការហាមឃាត់នេះគឺធ្វើឡើងដើម្បីបង្កើនការប្រុងប្រយ័ត្នទុកជាមុន»។ យ៉ាងណាក៏ដោយ វិធាននេះនឹងមិនអនុវត្តគ្របដណ្ដប់ទៅលើឧបករណ៍ទាំងអស់ ដូចជាទូរស័ព្ទដៃផ្ទាល់ខ្លួនរបស់បុគ្គលិករដ្ឋាភិបាលនោះទេ ពោលគឺជាវិធានការមួយដែលត្រូវបានដាក់ចេញដោយផ្អែកលើហានិភ័យជាក់ស្ដែងដែលអាចកើតមានឡើងដោយឧបករណ៍អេឡិចត្រូនិករបស់រដ្ឋាភិបាល។
យ៉ាងណាក៏ដោយ ករណីលើកលែងក៏មានផងដែរ ចំពោះការប្រើប្រាស់កម្មវិធីនេះក្នុងករណីចាំបាច់ ឬក្នុងគោលបំណងការងារ ប៉ុន្តែក៏ត្រូវមានការអនុញ្ញាតដោយក្រុមសន្តិសុខទៅតាមករណីជាក់ស្ដែងនីមួយៗ។ លើសពីនេះ ការអនុញ្ញាតឱ្យប្រើប្រាស់ក៏ត្រូវទទួលការយល់ព្រមពីក្រសួង ដើម្បីត្រៀមវិធានការការពារសុវត្ថិភាពឱ្យបានគ្រប់ជ្រុងជ្រោយជាមុន នេះបើយោងតាមការលើកឡើងរបស់រដ្ឋាភិបាល។
រដ្ឋមន្ត្រីខាងលើក៏បានរំលេចដែរថា ឧបករណ៍អេឡិចត្រូនិករបស់រដ្ឋាភិបាលទាំងអស់នឹងអាចចូលប្រើប្រាស់បានតែកម្មវិធីណាដែលមាននៅក្នុងបញ្ជីអនុញ្ញាតជាមុនតែប៉ុណ្ណោះ។ យ៉ាងណាមិញ អ្នកនាំពាក្យក្រុមហ៊ុន TikTok បានថ្លែងថា «ក្រុមហ៊ុនមានការខកចិត្តយ៉ាងខ្លាំង ចំពោះការសម្រេចចិត្តរបស់រដ្ឋាភិបាលអង់គ្លេស»។
អ្នកនាំពាក្យរូបនេះបានសរសេរនៅក្នុងសារអ៊ីមែលថា «យើងជឿថា ការហាមឃាត់ទាំងនេះគឺធ្វើឡើងដោយផ្អែកលើការយល់ខុសជាមូលដ្ឋាន និងត្រូវបានជំរុញដោយកត្តាភូមិសាស្ត្រនយោបាយ ដែលក្រុមហ៊ុន TikTok និងអ្នកប្រើប្រាស់រាប់លាននាក់របស់យើងនៅក្នុងប្រទេសអង់គ្លេស មិនបានចូលរួមសម្រេចចិត្តជាមួយនោះទេ។ យើងនៅតែប្តេជ្ញាចិត្តក្នុងការធ្វើការជាមួយរដ្ឋាភិបាលដើម្បីដោះស្រាយរាល់កង្វល់ទាំងអស់ ប៉ុន្តែការសម្រេចចិត្តបែបណាមួយ គួរតែត្រូវបានវិនិច្ឆ័យដោយផ្អែកលើអង្គហេតុ និងត្រូវអនុវត្តដោយស្មើភាពគ្នាចំពោះដៃគូប្រជែងរបស់យើង»។
លោកបន្តថា៖«ពួកយើងបានចាប់ផ្តើមអនុវត្តផែនការដ៏សំខាន់មួយ នោះគឺការការពារទិន្នន័យរបស់អ្នកប្រើប្រាស់នៅទ្វីបអឺរ៉ុបទាំងមូល តាមរយៈការរក្សាទុកទិន្នន័យរបស់អ្នកប្រើប្រាស់ រួមទាំងពលរដ្ឋអង់គ្លេសផងនោះ នៅក្នុងមជ្ឈមណ្ឌលទិន្នន័យដែលមានទីតាំងនៅទ្វីបអឺរ៉ុបផ្ទាល់ និងការរឹតបន្តឹងការគ្រប់គ្រងការចូលប្រើប្រាស់ទិន្នន័យ ក៏ដូចជាការត្រួតពិនិត្យទៅលើឯករាជ្យភាពពីភាគីទី៣ផងដែរ»។
គួរកត់សម្គាល់ដែរថា ចំណាត់ការរបស់អង់គ្លេសនេះ ត្រូវបានធ្វើឡើងស្រដៀងគ្នាទៅនឹងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។ ស្រដៀងគ្នានោះគឺថាកាលពីចុងខែកុម្ភៈកន្លងទៅ សេតវិមានបានប្រកាសទុករយៈពេលឱ្យចំនួន ៣០ ថ្ងៃដើម្បីប្រាកដថាកម្មវិធី TikTok មិនត្រូវបានមានវត្តមាននៅលើឧបករណ៍អេឡិចត្រូនិករបស់រដ្ឋាភិបាលសហព័ន្ធទៀតឡើយ។ រីឯគណៈកម្មការអឺរ៉ុប ដែលជាស្ថាប័នប្រតិបត្តិរបស់សហភាពអឺរ៉ុបវិញ ក៏បានហាមឃាត់បុគ្គលិកមិនឱ្យធ្វើការដំឡើងកម្មវិធី TikTok នៅលើទូរស័ព្ទដៃនៅកន្លែងការងារ និងទូរស័ព្ទដៃផ្ទាល់ខ្លួនទៀតផង។
សមាជិកសភាជាច្រើននៅទីក្រុងវ៉ាស៊ីនតោនបានសម្តែងការព្រួយបារម្ភម្តងហើយម្តងទៀតថា ទិន្នន័យរបស់អ្នកប្រើប្រាស់កម្មវិធី Tik Tok នៅអាមេរិកអាចត្រូវបានបញ្ជូនទៅកាន់ប្រទេសចិន ហើយចូលទៅក្នុងកណ្ដាប់ដៃរបស់រដ្ឋាភិបាលទីក្រុងប៉េកាំងបានយ៉ាងងាយស្រួល។ យ៉ាងណាក៏ដោយ ក្រុមហ៊ុន TikTok បានខិតខំប្រឹងប្រែងបង្ហាញថាពួកគេកំពុងធ្វើយ៉ាងណាដើម្បីការពារទិន្នន័យរបស់អ្នកប្រើប្រាស់នៅសហរដ្ឋអាមេរិកទាំងអស់ ក្នុងនោះមានដូចជាគម្រោងរដ្ឋតិចសាស (Project Texas) កាលពីឆ្នាំមុន ដែលជាគម្រោងការពារទិន្នន័យរបស់អ្នកប្រើប្រាស់ និងការពារផលប្រយោជន៍សន្តិសុខជាតិរបស់សហរដ្ឋអាមេរិក។
ជាក់ស្ដែង ក្រុមហ៊ុន TikTok បានឱ្យដឹងថា ខ្លួនកំពុងធ្វើការជាមួយក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំមួយរបស់អាមេរិកដែលមានឈ្មោះថា Oracle ដើម្បីស្វែងរកវិធីរក្សាទុកទិន្នន័យរបស់អ្នកប្រើប្រាស់នៅអាមេរិកទាំងអស់។ ការធ្វើបែបនេះគឺដើម្បីធានាចំពោះការភ័យខ្លាចរបស់ទីក្រុងវ៉ាស៊ីនតោនដែលតែងតែលើកឡើងកន្លងមក។
មួយរយៈពេលកន្លងមកនេះ សម្ពាធកាន់តែច្រើនកំពុងធ្លាក់ទៅលើក្រុមហ៊ុន TikTok។ គណៈកម្មាធិការស្តីពីការវិនិយោគបរទេសនៅសហរដ្ឋអាមេរិក ឬហៅកាត់ថា CFIUS បានប្រាប់ទៅកាន់ក្រុមហ៊ុន ByteDance ដែលជាក្រុមហ៊ុនបង្កើតកម្មវិធី Tik Tok នេះឡើងមក ឱ្យលក់ភាគហ៊ុនរបស់ខ្លួន បើមិនដូច្នោះទេ ក្រុមហ៊ុនអាចប្រឈមនឹងការហាមឃាត់មិនឱ្យប្រើប្រាស់ទាំងស្រុងនៅសហរដ្ឋអាមេរិកតែម្ដង។ ប្រសិនបើមានការហាមឃាត់ណាមួយកើតឡើងមែននោះ មានន័យថាវាជាការរារាំងកម្មវិធីមួយនេះមិនឱ្យឈានចូលទៅក្នុងទីផ្សារអាមេរិកបាននោះទេ៕