
យន្តហោះចម្បាំងរបស់រុស្ស៊ីប្រភេទ Su-27 ដែលហោះស្ទាក់កាត់ដ្រូនអាមេរិកនៅឯដែនសមុទ្រខ្មៅ។ រូបថត AFP
សហរដ្ឋអាមេរិក នៅថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២៣ បានចេញផ្សាយវីដេអូមួយដែលបង្ហាញពីយន្តហោះរបស់រុស្ស៊ីដែលបានហោះរំខានដល់យន្តហោះគ្មានមនុស្សបើក ឬហៅថាដ្រូន ដែលវាគឺជាដ្រូនស៊ើបការណ៍យោធារបស់អាមេរិក និងដែលកំពុងចេញប្រតិបត្តិការនៅលើលម្ហអាកាសអន្តរជាតិនៅឯដែនសមុទ្រខ្មៅ។ យោងតាមវីដេអូមួយនោះ សេតវិមានបានលើកឡើងថា វាជាការលាតត្រដាងថាទីក្រុងម៉ូស្គូកំពុងនិយាយកុហកអំពីអ្វីដែលបានកើតឡើងនៅក្នុងហេតុការណ៍នោះ។
គួរដឹងដែរថា ការចេញប្រតិបត្តិការយន្តហោះគ្មានមនុស្សបើកប្រភេទ MQ-9 របស់អាមេរិកកាលពីថ្ងៃអង្គារ គឺជាឧប្បត្តិហេតុដែលកើតឡើងដោយផ្ទាល់ជាលើកដំបូងរវាងភាគីអាមេរិក និងរុស្ស៊ី រាប់ចាប់តាំងពីសង្គ្រាមនៅអ៊ុយក្រែនបានផ្ទុះឡើង។ ការណ៍នេះបានធ្វើឱ្យទំនាក់ទំនងដ៏តានតឹងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងម៉ូស្គូកាន់តែអាក្រក់ឡើង ខណៈដែលប្រទេសទាំងពីរបានធ្វើការស្តីបន្ទោសគ្នាទៅវិញទៅមកជាសាធារណៈ។
នៅក្នុងវីដេអូនោះផងដែរ បានបង្ហាញឱ្យឃើញថាព្រឹត្តិការណ៍ទីមួយ គឺយន្តហោះចម្បាំងរបស់រុស្ស៊ីប្រភេទ Su-27 បានហោះកៀកចូលមកក្បែរយន្តហោះដ្រូនអាមេរិកក្នុងល្បឿនយ៉ាងលឿន ហើយបានបញ្ចេញចំហាយសាំងដាក់មកលើយន្តហោះដ្រូននោះទៀតផង។ ទង្វើនេះត្រូវបានក្រុមមន្ត្រីអាមេរិកកចោទប្រកាន់ថា វាជាសកម្មភាពដោយចេតនាចង់បំផ្លាញយន្តហោះគ្មានមនុស្សបើករបស់អាមេរិក នៅពេលដែលវាកំពុងហោះហើរនៅលើដែនអាកាសសមុទ្រអន្តរជាតិ។
បន្ថែមលើនេះ វីដេអូបន្ទាប់មួយទៀតក៏បានបង្ហាញពីការបើកយន្តហោះរបស់រុស្ស៊ីដែលមន្ទីរបញ្ចកោណបានចោទប្រកាន់ថា «រុស្ស៊ីបានបើកយន្តហោះបុកជាមួយដ្រូនរបស់ខ្លួន»។ ដោយចុងបញ្ចប់នៃវីដេអូនោះ បានបង្ហាញឱ្យឃើញរូបភាពយន្តហោះដ្រូនដែលរងការខូចខាត មិនអាចដំណើរការបាន និងបណ្ដាលឱ្យធ្លាក់ចូលទៅក្នុងទឹកសមុទ្រ។
មន្ទីរបញ្ចកោណបានលើកឡើងថា វីដេអូដែលមានប្រវែងប្រហែល ៤០ វិនាទីនោះ ត្រូវបានកែសម្រួលតាមរយៈការកាត់តដោយក្រុមយោធាអាមេរិក ដើម្បីបង្ហាញពីព្រឹត្តិការណ៍ដែលបានកើតឡើងតាមលំដាប់លំដោយចំនួនពីរ។
បើយោងតាមផែនទីផ្តល់ដោយក្រុមយោធាអាមេរិកបានបង្ហាញថា ព្រឹត្តិការណ៍ហោះស្ទាក់កាត់លើកទីមួយបានកើតឡើងក្នុងដែនអាកាសអន្តរជាតិនៅចន្លោះពី ៧៤ ទៅ ៩២ គីឡូម៉ែត្រពីតំបន់គ្រីមេ។ យោងតាមយោធាអាមេរិកបានឱ្យដឹងថា ការប៉ះទង្គិចគ្នានេះបានបន្តទៅមុខទៀត ពោលគឺប្រមាណជា ១៦ គីឡូម៉ែត្រ ហើយទីបំផុតយន្តហោះដ្រូននោះក៏បានធ្លាក់ចូលទៅក្នុងសមុទ្រនៅចម្ងាយពី ១៣៨ ទៅ ១៥៧ គីឡូម៉ែត្រពីឆ្នេរសមុទ្រ។
យ៉ាងណាក៏ដោយ រុស្ស៊ីបានបដិសេធការចោទប្រកាន់របស់សហរដ្ឋអាមេរិកដែលថាយន្តហោះរបស់ខ្លួនបានធ្វើសកម្មភាពដោយមិនមានការប្រុងប្រយ័ត្ន បង្កឱ្យមានគ្រោះថ្នាក់កើតឡើងកាលពីថ្ងៃអង្គារ។ មិនត្រឹមតែប៉ុណ្ណោះ រុស្ស៊ីក៏បានធ្វើការស្តីបន្ទោសទៅលើយន្តហោះគ្មានមនុស្សបើករបស់អាមេរិកថាបានហោះដោយចង់បង្កបញ្ហា ហើយអះអាងថា យន្តហោះរបស់ខ្លួនមិនមានអ្វីជាប់ពាក់ព័ន្ធនោះទេ។
ដោយឡែក សេតវិមានបានបញ្ជាក់ថា វីដេអូដែលបានចេញផ្សាយនេះគឺដើម្បីឆ្លើយតបទៅកាន់ការរៀបរាប់ដោយកុហកអំពីព្រឹត្តិការណ៍នេះរបស់ទីក្រុងម៉ូស្គូ។ អ្នកនាំពាក្យសេតវិមាន លោក ចន ខឺប៊ី (John Kirby) បានប្រាប់អ្នកសារព័ត៌មានថា «វីដេអូនេះបានបកអាក្រាតការភូតកុហករបស់រុស្ស៊ីអំពីអ្វីដែលពួកគេបាននិយាយថាបានកើតឡើង ឬអ្វីដែលពួកគេបាននិយាយថាមិនបានកើតឡើង។ វាពិតជាច្បាស់ណាស់នៅពេលដែលយើងមើលវីដេអូនោះ គឺថាយន្តហោះចម្បាំងរុស្ស៊ីបានបុកយន្តហោះដ្រូនរបស់យើងតែម្ដង»។
ឧប្បត្តិហេតុនៅលើដែនទឹកអន្តរជាតិលើកនេះគឺជាការរំឭកពីហានិភ័យនៃការប្រឈមមុខដាក់គ្នាដោយផ្ទាល់រវាងសហរដ្ឋអាមេរិក និងរុស្ស៊ីជុំវិញបញ្ហានៅអ៊ុយក្រែនដែលទីក្រុងមូស្គូបានឈ្លានពានកាលពីជាងមួយឆ្នាំមុន និងដែលសម្ព័ន្ធមិត្តលោកខាងលិចបានគាំទ្រអ៊ុយក្រែនតាមរយៈការស៊ើបការណ៍សម្ងាត់ និងផ្គត់ផ្គង់គ្រឿងសព្វាវុធជាច្រើន។
គួរដឹងដែរថា ការចេញផ្សាយវីដេអូនេះបានធ្វើឡើងបន្ទាប់ពីមានការហៅទូរស័ព្ទជជែកដាច់ដោយឡែកពីគ្នាកាលពីថ្ងៃពុធ ពោលគឺមានការជជែករវាងឧត្តមសេនីយកំពូលរបស់អាមេរិកលោក ម៉ាក មីលី (Mark Milley) និងសមភាគីរុស្ស៊ីរបស់លោកគឺប្រធានអគ្គសេនាធិការ វ៉ាឡឺយ ចឺរ៉ាស៊ីម៉ូវ (Valery Gerasimov) និងរវាងរដ្ឋមន្ត្រីការពារជាតិអាមេរិកលោក ហ្វ្លយ អស្ទីន (Lloyd Austin) និងសមភាគីរុស្ស៊ីរបស់លោកគឺរដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ីលោក សឺហ្គី ហ្សូហ្គោ (Sergei Shoigu)។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃពុធ លោក Milley បានថ្លែងថា «វាច្បាស់ណាស់ថា ការហោះស្ទាក់កាត់ និងការយាយីទៅលើយន្តហោះដ្រូនរបស់អាមេរិកគឺជាចេតនាពិតប្រកដមែន ប៉ុន្តែយើងមិនច្បាស់នោះទេថា តើអ្នកបើកយន្តហោះរុស្ស៊ីចង់បើកបុកយន្តហោះដ្រូនទាំងដែលដឹងថាអាចនឹងបង្កគ្រោះថ្នាក់ដល់ខ្លួនដែរឬក៏យ៉ាងណានោះទេ»។
អ្នកនាំពាក្យសេតវិមានលោក ខឺប៊ី បានកត់សម្គាល់ថា «ឧបទ្ទវហេតុនេះកើតឡើងដោយសារការធ្វេសប្រហែស ហើយប្រហែលជាអាចបង្ហាញពីអសមត្ថភាពរបស់យោធារុស្ស៊ី»។ លោកបន្តថា៖ «យើងមិនដឹងថាវាជាចេតនាឬក៏អត់នោះទេ ដូច្នេះខ្ញុំមិនអាចចង្អុលទៅកាន់វីដេអូនោះ ហើយនិយាយថានេះជាចេតនាក្នុងការធ្វើឱ្យមានការប៉ះទង្គិចកើតឡើងនោះទេ»៕