នាយករដ្ឋមន្ត្រី​ថៃ​លោក ប្រា​យុទ្ធ ចាន់​អូ​ចា បាន​និយាយ​នៅ​ថ្ងៃ​សុក្រ ទី​​ ១៧ មីនា​ថា លោក​បានរៀបចំ​ក្រឹត្យ​មួយ​ដើម្បី​ស្វះ​ស្វែងរក​ការរំលាយ​សភា​មុនពេល​ការបោះឆ្នោត​ចូលមក​ដល់​។ នេះ​គឺជា​ជំហាន​ដែល​គេ​រំពឹងទុក​រួចហើយ នៅ​ខណៈដែល​រដ្ឋាភិបាល​រប​ស់លោក​ប្រា​យុទ្ធ​ឈាន​ចូលដល់​សប្តាហ៍​ចុងក្រោយ​នៃ​អាណត្តិ ៤ ​ឆ្នាំ​របស់ខ្លួន​។​


​ក្រឹត្យ​នេះ​នឹង​តម្រូវឱ្យមាន​ការយល់ព្រម​ពី​ព្រះមហាក្សត្រ​ថៃ ហើយនឹង​ត្រូវ​ចូល​ជា​ធរមាន​នៅពេលដែល​ត្រូវបាន​ចុះផ្សាយ​នៅក្នុង​កាសែត Royal Gazette​។ ការបោះឆ្នោត​ត្រូវធ្វើឡើង​ក្នុង​រង្វង់ ៤៥ ទៅ ៦០ ថ្ងៃក្រោយ​ការរំលាយ​សភា​។​


​លោក​ឧ​ត្ត​ម​សេនីយ៍​ប្រា​យុទ្ធ បាន​ប្រាប់​អ្នកយកព័ត៌មាន​នៅ​ទីក្រុង​ឈៀង​ម៉ៃ​ថា​៖ “​ខ្ញុំ​បានរៀបចំ (​ក្រឹត្យ​) យើង​ត្រូវ​រង់ចាំ យើង​ត្រូវ​រង់ចាំ​ការប្រកាស​នៅក្នុង​កាសែត Royal Gazette”​។ ពេល​អ្នកកាសែត​សួរថា​តើ​ក្រឹត្យ​នឹង​ចូល​ជា​ធរមាន​នៅពេលណា​? លោក​បាន​ឆ្លើយតប​វិញ​ថា​៖ «​យើង​ត្រូវ​រង់ចាំ​»​។​


​គួរ​ជ្រាបថា ក្នុងការ​បោះឆ្នោត​នៅ​ថៃ​នា​អាណត្តិ​នេះ គ្រួសារ​របស់​មហាសេដ្ឋី ស៊ីណាវ៉ាត្រា នឹងត្រូវ​ប្រឈម​ជាមួយនឹង​គណបក្ស​ដែល​គាំទ្រ​ដោយ​យោធា​រាជានិយម និង​ក្រុម​អ្នកមាន​សម្បូរ​ទ្រព្យ​។


​លោក ប្រា​យុទ្ធ ជា​ឧ​ត្ត​ម​សេនីយ៍​ចូលនិវត្តន៍​ដែល​បាន​ឡើងកាន់​អំណាច​ក្រោយ​ដឹកនាំ​រដ្ឋប្រហារ​ទម្លាក់រ​ដ្ឋា​ភិ​បាល​របស់​លោកស្រី យី​ង​ឡាក់​នៅក្នុង​ឆ្នាំ ២០១៤ នឹង​ដឹកនាំ​បក្ស​ថ្មី​មួយ​ដែលមាន​ឈ្មោះថា​គណបក្ស​ថៃ​រួបរួម​ជាតិ​។ គេ​ជឿថា​បក្ស​ថ្មី​មួយ​នេះ​ត្រូវបាន​បង្កើតឡើង​ជាពិសេស​សម្រាប់​រូបលោក ប្រា​យុទ្ធ​មុន​ការបោះឆ្នោត​សកល​។​


​លោក ប្រា​យុទ្ធ ចាន់​អូ​ចា នឹងត្រូវ​ប្រឈម​ជាមួយ​លោកស្រី ផែ​តុង​ថា​ន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) ដែលជា​កូនស្រី​របស់​អតីត​នាយករដ្ឋមន្ត្រី​ថាក់ស៊ីន និង​ត្រូវជា​ក្មួយ​ស្រី​របស់​លោកស្រី យី​ង​ឡាក់​។ លោកស្រី ផែ​តុង​ថា​ន វ័យ ៣៦​ឆ្នាំ បាន​នាំមុខ​លោក​ប្រយុទ្ធ​ក្នុង​ការស្ទង់មតិ​សម្រាប់​អនាគត​នាយករដ្ឋមន្ត្រី​បន្ទាប់​របស់​ប្រទេស​ថៃ​។

​កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ ថ្លែង​ក្នុង​ព្រឹត្តិការណ៍​ណែនាំ​បេក្ខជន​របស់​គណបក្ស​ភឿ​ថៃ លោកស្រី ផែ​តុង​ថា​ន បាន​និយាយថា​លោកស្រី​មាន​ទំនុកចិត្ត​ថា​អាច​ឈ្នះ​ការបោះឆ្នោត​ភ្លូកទឹកភ្លូកដី ដើម្បី​បញ្ចៀស​រាល់​ឧបាយកល​នយោបាយ​ប្រឆាំងនឹង​គណបក្ស​របស់លោក​ស្រី​។

​កូនស្រី​របស់​អតីត​នាយករដ្ឋមន្ត្រី​ថៃ​ថាក់ស៊ីន មាន​ក្តីសង្ឃឹម​យ៉ាង​មុតមាំ​ថា​គណបក្ស​លោកស្រី​អាចបង្កើត​រដ្ឋាភិបាល​មួយ​។ ប៉ុន្តែ​នៅពេល​សួរ​អំពី​លទ្ធភាព​ដែល​គូប្រជែង​របស់លោក​ស្រី អាច​ព្យាយាម​រារាំង​បក្ស​របស់លោក​ស្រី​ពី​ការ​កាន់អំណាច​នោះ​វិញ ស្ត្រី​អ្នកនយោបាយ​វ័យ ៣៦ រូបនេះ បាន​ឆ្លើយតប​ថា​៖ “​ពិតណាស់ ពិតណាស់​”៕

វីដេអូ៖