ប្រទេស​កូរ៉េ​ខាង​ជើង​បាន​អះ​អាង​ថា​ ​ប្រជាជន​របស់​ខ្លួន​​ជិត​ ៨០០ ០០០ នាក់​ បាន​ស្ម័គ្រ​ចិត្ត​ ឬ​ចុះ​ឈ្មោះ​ចូល​ធ្វើ​ទា ហាន​ដើម្បី​ការពារ​ប្រទេស​ប្រឆាំង​នឹង​សហរដ្ឋ​អាមេរិក​។ ​


​កាសែត​រដ្ឋ​កូរ៉េខាង​ជើង ​បាន​រាយការណ៍​កាល​ពី​ថ្ងៃ​សៅរ៍​ថា​ ប្រជាជន​ទាំង​នោះ​ មាន​ទាំង​ក្រុម​​និស្សិត​ និង​ក្រុម​​កម្មករ​​ ដោយ​ពួក​គេ​ បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ ក៏​ដូច​ជា​ចុះ​ឈ្មោះ​ចូល​រួម​តែ​ម្ដង​ គិត​ត្រឹម​តែ​ថ្ងៃ​សុ​ក្រ​មួយ​ប៉ុណ្ណោះ​។

កាសែតដដែល​​រាយការណ៍​យ៉ាង​ដូច្នេះ​ថា​៖ «​ការ​​ចាប់​អារម្មណ៍​​យ៉ាង​ខ្លាំង​របស់​យុវជន​ក្នុង​ការ​ចូល​បម្រើ​ក​ង​ទ័ព​ គឺ​ជា​ការ​បង្ហាញ​នូវ​ឆន្ទៈ​ដ៏​មោះ​មុត​របស់​យុវជន​ជំនាន់​ក្រោយ​ ដើម្បី​លុប​បំបាត់​ភាព​ឆ្កួត​លីលា​នៃ​ស​ង្រ្គា​ម​ដោយ​ឥត​មេត្តា​ ក្នុង​កិច្ច​​ប្រឹង​ប្រែង​ចុង​ក្រោយ ​ដើម្បី​លុប​បំបាត់​ប្រទេស​សង្គម​និយម​ដ៏​មាន​តម្លៃ​របស់​យើង​ និង​សម្រេច​បាន​នូវ​បុព្វហេតុ​ដ៏​ធំ​នៃ​ការ​បង្រួប​បង្រួម​ជាតិ​ ​និង​ការ​​បង្ហាញ​យ៉ាង​ច្បាស់​អំពី​ស្នេហា​ជាតិ​ដ៏​​ឧស្សាហ៍​ព្យាយាម​របស់​ពួក​គេ​»​។


ការ​អះ​អាង​បែប​នេះ​ ​​ធ្វើ​ឡើង​បន្ទាប់​ពី​កូរ៉េ​ខាង​ជើង​បាន​បាញ់​បង្ហោះ​មីស៊ីល​ផ្លោង​អន្តរ​ទ្វីប​ Hwasong-17 ​​​​​​កាលពីថ្ងៃព្រហស្បតិ៍ ​​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​សមយុទ្ធ​យោធា​អាមេរិក​-​កូរ៉េ​ខាង​ត្បូង​ ដែល​កំពុង​បន្ត​។​ ការ​បា​ញ់​សាក​ល្បង​នេះ​ ធ្វើ​ឡើង​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​​​មុន​ពេល​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង ​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​តូក្យូ​ ដើម្បី​​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​ដែល​ពិភាក្សា​​ពី​វិធី​​​ទប់​ទល់​នឹង​ក្រុង​​ព្យុងយ៉ាង​។


​​ការ​បាញ់​បង្ហោះដែលត្រូវ​បាន​​ហាម​ឃាត់​ក្នុង​សេចក្ដី​សម្រេច​របស់​​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជា​តិ​នេះ​​ ​​បាន​រង​នូវ​ការ​ថ្កោល​ទោស​យ៉ាង​ខ្លាំង​ពី​សហរដ្ឋ​អាមេរិក​ ក៏​ដូច​ជា​កូរ៉េខាង​ត្បូង​ និង​ជប៉ុន​។


សូម​រំឭក​ថា​ ​​ក​ង​កម្លាំង​កូរ៉េ​ខាង​ត្បូង ​និង​អាមេរិក​បាន​ចាប់​ផ្តើម​សមយុទ្ធ​រួម​គ្នា​រយៈ​ពេល​១១​ ថ្ងៃ ​​​កាល​ពី​ថ្ងៃ​ច​ន្ទ​សប្ដាហ៍​មុន​​ ដើម្បី​ទប់​ទល់​នឹង​ការ​គំរាម​កំហែង​កាន់​តែ​ខ្លាំង​ឡើង​របស់​កូរ៉េ​ខាង​ជើង​ ដែល​ចាត់​ទុក​សក​ម្មភាព​យោធា​បែប​នេះ​ថា​ ជា​ការ​ត្រៀម​ធ្វើ​សង្រ្គាម​​៕

វីដេអូ៖