តុលាការអុីរ៉ង់មួយ​​កាល​ពី​ថ្ងៃសៅរ៍​ បាន​កាត់ទោស​ប្រហារ​ជីវិត​មនុស្ស​ ២ ​នាក់ ជុំវិញការ​វាយ​ប្រហារ​កាល​ពីខែ​តុលា ទៅលើ​ទីសក្ការ​បូជា​នៅ​ភាគ​ខាងត្បូង​ទីក្រុង ​Shiraz ដែល​បាន​បណ្តាល​ឱ្យ​មនុស្ស​រាប់​សិប​នាក់​ស្លាប់​។


វេបសាយ​ Mizan Online របស់​តុលាការ ​បាន​រាយការណ៍​ដោយ​ដក​ស្រង់​សម្តី​លោក ​Kazem Moussavi ជា​ប្រធាន​តុលាការ​នៃ​ខេត្ត Fars​ថា ​គេទាំង​២​នាក់​ ត្រូវ​បាន​ផ្តន្ទាទោស​ពី​បទ​ជួយ​ក្នុង​«អំពើ​ពុក​រលួយ​នៅ​លើ​ផែនដី ការ​បះបោរ​ប្រដាប់​អាវុធ ​និង​ការ​ប្រព្រឹត្ត​ប្រឆាំង​នឹង​សន្តិសុខ​ជាតិ»។​


លោក​ Moussavi បាន​និយាយ​ថា ពួក​គេ​បាន​ការ​ទាក់ទិន​ផ្ទាល់​ក្នុង​ការ​បំពាក់​អាវុធ​ លទ្ធកម្ម​ ភ័ស្តុភារ ​និង​ការ​ណែនាំ​របស់​ជន​ល្មើស​សំខាន់​នៃការ​វាយ​ប្រហារ​ភេរវកម្ម​ទៅ​លើព្រះ​​វិហារ ​Shah Cheragh ​កាលពី​ថ្ងៃ​ទី​២៦ ​ខែតុលា ដែល​បានបណ្តាល​ឱ្យ​មនុស្ស ១៣​នាក់ស្លាប់ និង ​៣០​នាក់​ផ្សេងទៀត​ រងរបួស​។


លោក​បាន​និយាយថា ចុង​ចោទ៣​នាក់​ផ្សេង​ទៀត​នៅ​ក្នុង​សំណុំ​រឿង នេះ​ត្រូវ​បាន​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​រយៈ ពេល ៥ ឆ្នាំ ១៥​ និង ២៥​ឆ្នាំ​ពី​បទធ្វើ​ជា​សមាជិក​នៃ​ក្រុម​IS​ជ្រុល​និយម​ស៊ុននី។


លោក​បាន​បន្ថែម​ថា សាលក្រម​ប្រឆាំង​អ្នក​ទាំង៥ អាច​នឹង​ត្រូវ​ប្តឹង​ឧទ្ធរណ៍​នៅ​ចំពោះ​មុខ​តុលាការ​កំពូល។


លោក Mizan បាន​និយាយ​ថា ជនល្មើស​សំខាន់​នៃ​ការវាយប្រហារនេះ ត្រូវបានកំណត់អត្តសញ្ញាណដោយប្រព័ន្ធ​ផ្សព្វផ្សាយក្នុងប្រទេសអ៊ីរ៉ង់ថា ជា Hamed Badakhshan បានស្លាប់ដោយ​សាររបួសក្នុងអំឡុងពេល​ចាប់ខ្លួន​។

កាល​ពី​ខែ​វិច្ឆិកា សាធារណរដ្ឋ​អ៊ិស្លាម​ បាន​និយាយ​ថា៖«ភេរវករ Takfiri» ចំនួន ២៦​នាក់​មក​ពី​ប្រទេស​អាហ្វ​ហ្គានី​ស្ថាន អាស៊ែបៃហ្សង់ និង​តាហ្ស៊ីគីស្ថាន ត្រូវបាន​ចាប់ខ្លួន​ពាក់ព័ន្ធ​នឹងការ​វាយ​ប្រហារនេះ​។

នៅក្នុង​ប្រទេស​អ៊ីរ៉ង់​ដែល​គ្រប់គ្រង​ដោយ​និកាយ​ស៊ីអុីត ពាក្យ ​takfiri ជា​ទូទៅ​សំដៅ​ទៅលើ​ក្រុម​ជីហាដ ឬ​អ្នក​គាំទ្រ​សាសនា​អ៊ីស្លាម​ស៊ុន​នីនិយម​ជ្រុល៕​