២០​ ​ឆ្នាំក្រោយ​ចូល​ឈ្លានពាន​អ៊ី​រ៉ា​ក់ កងទ័ព​អាមេរិក​នៅតែ​បន្ត​វត្តមាន​របស់ខ្លួន​ក្នុងប្រទេស​មជ្ឈិមបូព៌ា​មួយ​នេះ​។ យ៉ាងណា​មិញ ទំហំ​នៃ​កងទ័ព​ឥឡូវនេះ គឺ​តូច​ជាង​មុន ដោយមាន​ត្រឹមតែ​ប្រមាណ ២ ៥០០​​ នាក់​ប៉ុណ្ណោះ ដែល​កំពុង​ឈរជើង​នៅ​ទូទាំង ប្រទេស ដោយ​ភាគច្រើន​ប្រចាំការ​នៅ​មូលដ្ឋាន​យោធា​ក្រុង​បា​កដាដ និង​តំបន់​ភាគ​ខាងជើង​។​

​ចំនួន​នេះ​តិច​ខ្លាំង​បើ​ប្រៀបធៀប​ទៅនឹង​ចំនួន​ដែល​អាមេរិក​ដាក់ពង្រាយ​ក្នុង​ឆ្នាំ ​២០០៧ ប្រមាណ​ជាង ១៧០ ០០០ ​នាក់ ពោលគឺ​ពេល​ដំណាក់កាល​សង្គ្រាម​ឈានដល់​កម្រិត​កំពូល​។ យ៉ាងណាមិញ មន្ត្រី​សហរដ្ឋអាមេរិក​លើកឡើង​ថា កងទ័ព​បច្ចុប្បន្ន​របស់​ក្រុង​វ៉ាស៊ីនតោន បង្ហាញ​ពី​ការប្តេជ្ញាចិត្ត​ចំពោះ​តំបន់ និង​ការការពារ​ប្រឆាំងនឹង​ឥទ្ធិពល និង​ការ​ជួញ​ដូរ​អាវុធ​របស់​អ៊ី​រ៉ង់ ក៏ដូចជា​បញ្ហា​សន្តិសុខ​តំបន់​។

​សូមបញ្ជាក់ថា សហរដ្ឋអាមេរិក​បាន​ចូលលុកលុយ​ប្រទេស​អ៊ី​រ៉ា​ក់នៅ​ថ្ងៃទី​ ២០ ខែមីនា ឆ្នាំ ​២០០៣ ដោយ​ធ្វើ​យុទ្ធនាការ​ទម្លាក់​គ្រាប់​​បែក​ទ្រង់ទ្រាយ​ធំ​រួមដៃគ្នា​ជាមួយ​កងទ័ព​ចក្រភព​អង់គ្លេស អូស្ត្រាលី និង​ប៉ូឡូញ​។


​ការឈ្លានពាន​នេះ​បាន​ត្រួស​ត្រាយផ្លូវ​ឱ្យ​កងទ័ពជើងគោក​អាមេរិក​ប្រមូល​ផ្តុំគ្នា​នៅ​ក្រុង​បា​កដាដ និង​បាន​ទម្លាក់​រដ្ឋាភិបាល​របស់​លោក​ប្រធានាធិបតី សា​ដាម ហ៊ូ​សេន ដែល​រង​ការចោទប្រកាន់ថា បាន​រក្សាទុក​អាវុធ​ប្រល័យ​លោក​។

​ប៉ុន្តែ​អាវុធ​ប្រភេទ​នេះ​មិនដែល​ត្រូវបាន​ប្រើ​នោះទេ ខណៈ​មកទល់​ពេលបច្ចុប្បន្ន នៅតែមាន​ភាព​ចម្រូងចម្រាស​លើ​ការដេញដោល​គ្នា ថា​តើអ៊ី​រ៉ា​ក់ពិត​ជាមាន​វា​មែនឬ​យ៉ាងណា​ពេល​ការឈ្លានពាន​របស់​អាមេរិក​ចាប់ផ្ដើម​។


​ក្រោយ​លោក សា​ដាម អស់អំណាច ការឈ្លានពាន​ធ្វើឱ្យមាន​ការផ្លាស់ប្តូ​រមូ​ល​ដ្ឋា​ន​គ្រប់គ្រង​របស់​ប្រទេស ខណៈ​ជនជាតិ​ឃើ​ដ​ទទួលបាន​តំបន់​ស្វយ័ត​របស់ខ្លួន​។ យ៉ាងណាមិញ​អវត្តមាន​នៃ​អ្នក​ដឹក​នាំ​ប្រទេស និង​ការគ្រប់គ្រង​មិន​ត្រឹមត្រូវ​របស់​សម្ព័ន្ធ​អាជ្ញាធរ​បណ្ដោះអាសន្ន (CPA) បាន​នាំឱ្យមាន​សង្គ្រាមស៊ីវិល​រីក​រាលដាល​រវាង​ក្រុម​និកាយ​ស៊ី​អ៊ីត និង​ស៊ុន​នី ក៏ដូចជា​ការបះបោរ​ដ៏​យូរ​ប្រឆាំងនឹង​កងកម្លាំង​ចម្រុះ​បរទេស មុន​សហរដ្ឋអាមេរិក​ដកទ័ព​ចេញ​នៅ​ចុងឆ្នាំ​ ២០១១​។

​យ៉ាងណាមិញ ការលេចចេញ​នូវ​ការបះបោរ​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លាម ដែល​ពង្រីក​ការគំរាមកំហែង​ភេរវ​កម្ម​ដល់​សហរដ្ឋអាមេរិក និង​សម្ព័ន្ធ​មិត្ត​នៅ​ទូទាំង​ទ្វីបអឺរ៉ុប បានធ្វើឱ្យ​ក្រុង​វ៉ាស៊ីនតោន​ដាក់ពង្រាយ​កង​ទ័ព​នៅ​ប្រទេស​អ៊ី​រ៉ា​ក់​ឡើងវិញ​ក្នុង​ឆ្នាំ​ ២០១៤ តាម​ការស្នើ​របស់​រដ្ឋា​ភិ​បាល​នៃ​ទីក្រុង​បា​កដាដ​។

​ក្រោយ​ការដាក់​ពង្រាយ​នេះ ក្រុម​យោធា​ចម្រុះ​ដឹកនាំ​ដោយ​អា​មេ​រិ​ក​បានចាប់ផ្តើម​យុទ្ធនាការ​វាយ​ប្រហារ​តាមផ្លូវ​អាកាស​ក្នុងប្រទេស​អ៊ី​រ៉ា​ក់ និង​បន្ទាប់មក​ស៊ី​រី ហើយ​ផ្ដល់ជំនួយ បើក​ការហ្វឹកហាត់ និង​ការប្រឹក្សា​ដល់​យោធា​អ៊ី​រ៉ា​ក់​។

​ការហ្វឹកហាត់ និង​ការប្រឹក្សា​របស់​ក្រុម​យោធា​ចម្រុះ​បាន​បន្ត និង​គាំទ្រ​ដោយ​សមាជិក​អង្គការ​ណា​តូ សូម្បីតែ​បន្ទាប់ពី​យុទ្ធនាការ​បង្កើត​រដ្ឋ​មួយ​ដែល​ប្រើ​ច្បាប់​សាសនា​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លាម បានបញ្ចប់​ទៅក្នុង​ខែមីនា ឆ្នាំ ២០១៩ ហើយក៏​ដោយ​។

​ទ័ព​ប្រហែល ២ ៥០០ ​នាក់​ ដែល​ដាក់ពង្រាយ​នៅ​អ៊ី​រ៉ា​ក់ ស្នាក់​នៅក្នុង​មូលដ្ឋាន​រួមគ្នា​ជាមួយ​កងទ័ព​អ៊ី​រ៉ា​ក់ ជា​កន្លែង​ដែល​ពួកគេ​ផ្តល់​ការបណ្តុះបណ្តាល និង​បរិក្ខារ​យោធា​។ ទោះជា​យ៉ាងនេះ​ក្តី ចំនួន​កងទ័ព​សរុប​នោះ​អាចមាន​ការប្រែប្រួល ប៉ុន្តែ​មន្ទីរ​បញ្ច​កោណ​មិន​បង្ហាញ​ពី​ចំនួន​កងកម្លាំង​ប្រតិ​ប​ត្តិ​ការ​ពិសេស​របស់​សហរដ្ឋអាមេរិក ដែល​តែងតែ​ផ្លាស់​ទី​ចេញ​ឬ​ចូល​ដើម្បី​ជួយ​ដល់​កងកម្លាំង​អ៊ី​រ៉ា​ក់ ឬ​ធ្វើដំណើរ​ទៅ​ស៊ី​រី​ដើម្បី​ធ្វើ​ប្រតិបត្តិ​ការប្រឆាំង​ភេរវកម្ម​នោះទេ​។​

​ទន្ទឹមនឹង​ការបន្ត​វត្តមាន​បែបនេះ កង​ម៉ា​រី​ន​ដែល​ចូលនិវត្តន៍ លោក Frank McKenzie ដែល​ដឹកនាំ​បញ្ជាការ​កណ្តាល​អាមេរិក និង​បម្រើការ​ជា​មេបញ្ជាការ​កំពូល​អាមេរិក​ប្រចាំ​តំបន់​មជ្ឈិមបូព៌ា​ពី​ឆ្នាំ ​២០១៩-២០២២ បាន​ថ្លែងប្រាប់ AP ថា​៖ «​អ៊ី​រ៉ា​ក់នៅ​តែ​ស្ថិតនៅក្រោម​សម្ពាធ​ពី​ក្រុម​អាយ​ស៊ី​ស (​រដ្ឋ​អ៊ិ​ស្លាម​)​។ យើង​នៅតែ​ជួយ​ពួកគេ​បន្ត​ការប្រយុទ្ធ​នោះ​»​។​

លោក​បន្តថា​៖ «​យើង​បានធ្វើ​កិច្ច​ការ​ជាច្រើន​ដើម្បី​ជួយ​ពួកគេ​កែ​លម្អ​ការគ្រប់គ្រង​អធិបតេយ្យភាព ដែលមាន​សារៈសំខាន់​ខ្លាំងណាស់​សម្រាប់​ប្រជាជន​អ៊ី​រ៉ា​ក់​»​។​

​ពិតណាស់​អ្នកវិភាគ​មើលឃើញថា ហេតុផល​នៃ​ការបន្ត​វត្តមាន​របស់​កងទ័ព​អាមេរិក គឺ​ដើម្បី​ជួយ​អ៊ី​រ៉ា​ក់​ប្រយុទ្ធ​នឹង​ក្រុម​រដ្ឋ​អ៊ិ​ស្លាម​ដែល​នៅ​សេសសល់ ក៏ដូចជា​ទប់ស្កាត់​ការបះបោរ​ជាថ្មី​របស់​ក្រុម​ជ្រុល​និយម​ណាមួយ ប៉ុន្តែ​ហេតុផល​ដ៏​ធំ​បំផុត​មួយ​នោះ​គឺ អ៊ីរ៉ង់​។

​ឥទ្ធិពល​នយោបាយ និង​កម្លាំង​កងជីវពល​របស់​អ៊ី​រ៉ង់​នៅ​អ៊ី​រ៉ា​ក់ ក៏ដូចជា​នៅ​ទូទាំង​តំបន់ គឺជា​ការ​ព្រួយ​​បារម្ភ​ផ្នែក​សន្តិសុខសម្រាប់​សហ​​រដ្ឋ​អាមេរិក​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លងមកនេះ ហើយ​វត្តមាន​របស់​កងកម្លាំង​អាមេរិក​នៅ​អ៊ី​រ៉ា​ក់ ធ្វើឱ្យ​អ៊ី​រ៉ង់​កាន់តែ​ពិបាក​ក្នុងការ​បញ្ជូន​អាវុធ​ឆ្លងកាត់​អ៊ី​រ៉ា​ក់ និង​ស៊ី​រី​ចូលទៅ​ក្នុងប្រទេស​លី​បង់​ដើម្បីឱ្យ​ក្រុម​ប្រដាប់អាវុធ​មាន​ទំនាក់​ទំនង​ជាមួយ​ខ្លួន​រួមទាំង​ក្រុម​ហេស​បូ​ឡា​ប្រឆាំងនឹង​អ៊ី​ស្រា​អែល​។​

​ត្រង់ចំណុច​នេះ វា​មិនមាន​អ្វី​ខុស​ប្លែក​គ្នា​ប៉ុន្មាន​ទេ ពេល​គេ​និយាយ​អំពី​វត្តមាន​កងទ័ព​អាមេរិក​នៅ​មូលដ្ឋានទ័ព​អាមេរិក al Tanf​ក្នុង​ភាគ​ខាងជើង​នៃ​ប្រទេស​ស៊ី​រី ដែលជា​ផ្លូវ​ដ៏​សំខាន់​មួយ អា​ចត​ភ្ជាប់​កងកម្លាំង​ដែល​អ៊ីរ៉ង់​គាំទ្រ​ដោយ​អ៊ី​រ៉ង់ ពី​ទីក្រុង​តេ​អេ​រ៉ង់ ទៅកាន់​ភាគខាងត្បូង​ប្រទេស​លី​បង់​។ ទាំង​នៅ​អ៊ី​រ៉ា​ក់ និង​ស៊ី​រី ទាហាន​​អាមេរិក​បាន​ព្យាយាម​ខ្ទប់​ផ្លូវ​មិនឱ្យ​អ៊ី​រ៉ង់​ឆ្ពោះទៅ​សមុទ្រ​ម៉េ​ឌី​ទែ​រ៉ា​ណេ​ភាគ​ខាងកើត​។

​កងទ័ព​អាមេរិក​នៅ​អ៊ី​រ៉ា​ក់​ក៏​ផ្តល់​ការគាំទ្រ​ផងដែរ​ផ្នែក​ភ័ស្តុភារ​សំខាន់ៗ និង​ការគាំទ្រ​ផ្សេងទៀត​សម្រាប់​កងកម្លាំង​អាមេរិក​នៅក្នុង​ប្រទេស​ស៊ី​រី ដែលជា​ដៃគូ​ជាមួយ​កងកម្លាំង​ប្រជាធិបតេយ្យ​ស៊ី​រី (SDF) ដឹកនាំ​ដោយ​ជនជាតិ​កួយ ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ក្រុម​រដ្ឋ​អ៊ីស្លាម​។ សហរដ្ឋអាមេរិក ធ្វើ​ការវាយប្រហារ​តាម​អាកាស និង​សកម្មភាព​យោធា​ផ្សេងទៀត ដោយ​ដាក់​គោលដៅ​លើ​មេ​ដឹក​​នាំ​អាយ​ស៊ី​ស ហើយ​និង​គាំទ្រ​​ SDF ក្នុងការ​គ្រប់គ្រង​អ្នក​ប្រយុទ្ធ​អាយ​ស៊ី​ស និង​សមាជិកគ្រួសារ​រាប់ពាន់នាក់​របស់​ពួកគេ ដែល​ត្រូវ​ចាប់ឃុំខ្លួន​នៅ​ស៊ី​រី​។​

​ពេល​អតីត​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ប្រឹងប្រែង​ដក​កង​ទ័ព​ទាំងអស់​ចេញពី​ស៊ី​រី និង​អ៊ី​រ៉ា​ក់ មន្ត្រី​យោធា​អាមេរិក​បានធ្វើ​ការជំទាស់​។ ពួកគេ​ប្រកែក​ថា ប្រសិន​បើ​មាន​អ្វី​កើតឡើង​នៅ​ស៊ី​រី​ដែល​បង្ក​គ្រោះថ្នាក់​ដល់​កងកម្លាំង​អាមេរិក ពួកគេ​នឹង​ចាំបាច់​ត្រូវបញ្ជូន​កងទ័ព បរិក្ខារ និង​ជំនួយ​ផ្សេងទៀត​ពី​អ៊ី​រ៉ា​ក់ឱ្យបាន​ឆាប់រហ័ស​។​

​ក្នុង​ដំណើរ​ទស្សនកិច្ច​នាពេល​ថ្មីៗ​នេះ​ទៅកាន់​ទីក្រុង​បា​កដាដ ដើម្បី​ជួប​ជាមួយ​មេដឹកនាំ​អ៊ី​រ៉ា​ក់ រដ្ឋមន្ត្រី​ការពារជាតិ​អ៊ី​រ៉ា​ក់ លោក ​Lloyd Austin បាន​និយាយថា កងកម្លាំង​សហរដ្ឋអាមេរិក​បាន​ត្រៀ​ម​ខ្លួន​រួចជាស្រេច​ដើម្បី​បន្ត​នៅ​អ៊ី​រ៉ា​ក់​តាម​ការស្នើ​របស់​រដ្ឋា​ភិ​បាល​របស់​ប្រទេស​នេះ​។

​លោក​បន្តថា​៖ «​យើង​មានការ​ប្តេជ្ញាចិត្ត​យ៉ាង​ជ្រាលជ្រៅ​ក្នុងការ​ធានាថា​ប្រជាជន​អ៊ី​រ៉ា​ក់​អាច​រស់នៅ​ដោយ​សន្តិភាព និង​សេចក្តីថ្លៃថ្នូរ ជាមួយនឹង​សុវត្ថិភាព និង​សន្តិសុខ​និង​ឱកាស​សេដ្ឋកិច្ច​»៕