​របាយការណ៍​ថ្មី​មួយ​របស់​អង្គការ​សហ​​ប្រជាជាតិ​ដែល​ចេញផ្សាយ​កាលពី​ថ្ងៃ​ពុធ បានឱ្យដឹងថា ភាព​ធ្ងន់ធ្ងរ​ទៅៗ​នៃ​បញ្ហា​អាកាសធាតុ​សំខាន់ៗ​ដូចជា​ព្យុះ​ស៊ីក្លូន ទឹកជំនន់ និង​គ្រោះរាំងស្ងួត​ធ្វើឱ្យ​បណ្ដា​ប្រទេស​ក្នុង​ទ្វីប​អាហ្រ្វិក​នានា​ត្រូវ​បង្កើន​ការចំណាយ​ដើម្បី​ឆ្លើយ​​តប​ទៅនឹង​ព្រឹត្តិការណ៍​ទាំងនេះ​រហូត​ពី​​ ២-៩​ ភាគរយ​នៃ​ថវិកាជាតិ​របស់​ប្រទេស​រៀងៗ​ខ្លួន​។​


​គណៈកម្មាធិការ​អ្នកជំនាញ​បានធ្វើ​ការបង្ហាញ​ការរកឃើញ​របស់​របា​យ​ការណ៍​នេះ​នៅក្នុង​សន្និសីទ​ប្រចាំឆ្នាំ​របស់ UN ដែល​ចូលរួម​ដោយ​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ និង​ផែនការ​សេដ្ឋកិច្ច​នៃ​បណ្ដា​ប្រទេស​​អាហ្រ្វិក​ នៅ​ទីក្រុង ​Addis Ababa នៃ​ប្រទេស​អេ​ត្យូ​ពី​។​


​លេខាធិការ​ប្រតិបត្តិ​ស្តីទី​នៃ​គណៈ​ក​ម្មា​ធិ​ការ​សេដ្ឋកិច្ច​របស់ UN ប្រចាំ​ទ្វីបអាហ្រ្វិក​ លោក​ Antonio Pedro បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន ​AP ថា​៖ «​ការប្រែប្រួល​អាកាសធាតុ​កំពុងមាន​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​សេដ្ឋ​កិច្ច​របស់​ទ្វីប​អាហ្រ្វិក​ ហើយ​ស្ថានភាព​នេះ រំពឹងថា នឹង​កាន់តែ​អាក្រក់​ទៅៗ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ខាងមុខ​»​។​


​របាយការណ៍​របស់ UN លើកឡើងថា ការប្រែប្រួល​អាកាសធាតុ រួម​ជាមួយនឹង​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន និង​ការធ្លាក់​ចុះ​សេដ្ឋកិច្ចពិភពលោក​ត្រូវបាន​គេ​កំណត់ថា ជា​កត្តា​សំខាន់​ដែលនាំឱ្យ​សេដ្ឋកិច្ច​អាហ្រ្វិក​​ធ្លាក់ចុះ​ពី​កំណើន ៤,៦ ភាគរយ​នៅ​ឆ្នាំ ២០២១ មក​ត្រឹមតែ ៣,៦​ ភាគរយ​នៅ​ឆ្នាំ​ ២០២២​។


​សូម​គូសបញ្ជាក់ថា កិច្ចប្រជុំ​ក្រុម​រដ្ឋមន្ត្រី​អាហ្រ្វិក​​ចុងក្រោយ​ធ្វើឡើង​ខណៈ​ធាតុអាកាស​ហួសហេតុ​កំពុង​ធ្វើឱ្យ​ផ្នែក​ខ្លះ​នៃ​ទ្វីប​ប្រឈមមុខ​នឹង​វិបត្តិ​។ ​នៅ​ភាគខាងត្បូង​នៃ​ទ្វីប​ព្យុះ​ស៊ីក្លូន ហ្រ្វេដ​ឌី កំពុង​វាយលុក​នៅ​ប្រទេស​ម៉ាឡាវី​ដោយ​បក់បោក​បន្ត​ពី​ម៉ូ​សំ​ប៊ិក និង​កោះ​ម៉ា​ដា​ហ្គា​ស្កា​ហើយ​សម្លាប់​មនុស្ស​ជាង ៣០០​​ នាក់ ខណៈ​រាប់សែន​នាក់​ទៀត​ត្រូវ​ជម្លៀស​ពី​ផ្ទះ​។ ចំណែក​នៅ​ភាគ​ខាងកើត និង​តំបន់​ស្នែង​អ្រា​ហ្វិ​ក​វិញ គ្រោះរាំងស្ងួត​ដ៏​ខ្លាំងក្លា​កំពុង​ធ្វើឱ្យ​តំបន់​ប្រឈមមុខ​នឹង​គ្រោះ​ទុរភិក្ស​។​


​អ្នកវិទ្យាសាស្ត្រ​និយាយថា ការប្រែប្រួល​អាកាសធាតុ​ដែល​បណ្ដាលមកពី​សកម្ម​​ភាព​មនុស្ស កំពុង​ធ្វើឱ្យ​បញ្ហា​អាកាស​ធាតុ​ទាំងនេះ​កាន់តែ​អាក្រក់​ទៅៗ ពោល គឺ​ការ​តែ​ញឹកញាប់ កាន់តែ​ធ្ងន់ធ្ងរ និង​កាន់តែ​យូរ និង​មាន​ទ្រង់ទ្រាយ​ធំ​ជាង​មុន​។ បញ្ហា​ប្រឈម​ទាំងនេះហើយ ដែល​បណ្ដាលឱ្យ​លក្ខខណ្ឌ​របស់​ប្រទេស​ក្រីក្រ​រង​នូវ​ភាពលំបាក​ខ្លាំង​។

​អ្រា​ហ្វិ​ក​ទាំងមូល​រួមចំណែក​តិចជាង ៤​ ​ភាគរយ​នៃ​ការ​បំ​ភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ជាស​កល បើទោះបីជា​ទ្វីប​នេះ​មាន​ប្រជាជន​ត្រឹមតែ ១៧​ ភាគរយ​នៃ​ប្រជា​ជន​សរុប​របស់​ពិភពលោក​ក៏ដោយ​។​ប្រទេស​ជាច្រើន​ក្នុង​ទ្វីប​មាន​សមត្ថ​ភាពមិន​គ្រប់គ្រាន់ ដើម្បី​ដោះស្រាយ​ផល​ប៉ះ​ពាល់​នៃ​ការប្រែប្រួល​អាកាសធាតុ​។

​ការប៉ាន់ប្រមាណ​ខ្លះ និយាយថា ទ្វីប​នឹង​ត្រូវការ​ការវិនិយោគ​ជាង ៣​ ទ្រី​លាន​ដុល្លារ​នៅ​ឆ្នាំ​ ២០៣០ ដើម្បី​សម្រប​ខ្លួន​នឹង​ការប្រែប្រួល​អាកាសធាតុ និង​ទប់​ស្កាត់​ការ​បំ​ភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​។​

​រដ្ឋមន្ត្រី​ផែនការ​របស់​អេ​ត្យូ​ពី លោក ​NemeraGebeyehu Mamo បាន​និយាយថា​៖ «​ការប្រែប្រួល​អាកាស​ធាតុ​មាន​ផលប៉ះពាល់​យ៉ាងខ្លាំង​លើ​ទ្វីប​អាហ្រ្វិក​ ហើយ​សកម្មភាព​អាកាស​ធាតុ​មិនអាច​ធ្វើទៅបាន​ដោយ​គ្មាន​ហិរញ្ញវត្ថុ​អាកាសធាតុ​នោះទេ​។ ការប្រើប្រាស់​ហិរញ្ញវត្ថុ​អាកាសធាតុ​អាច​ប្រយុទ្ធ​ប្រឆាំងនឹង​ភាពក្រីក្រ និង​វិសមភាព​នៅ​ទ្វីបអាហ្រ្វិក​​»​។

​សូម​រំឭក​ផងដែរ​ថា ភាព​ចម្រូង​ចម្រាស​មួយ​ក្នុងការ​ប្ដេជ្ញា​អាកាសធាតុ​គឺថា បណ្ដា​ប្រទេស​អ្នកមាន ដែល​រួម​ចំណែក​ខ្លាំង​បំផុត​ក្នុងការ​បំ​ភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​សកល បាន​បរាជ័យ​ក្នុងការ​ផ្ដល់​ហិរញ្ញប្បទាន​អាកាសធាតុ​ចំនួន ១០០ ​ប៊ី​លាន​ដុល្លារ​/​ឆ្នាំ​ទៅដល់​ប្រទេស​ក្រីក្រ​តាម​ការសន្យា​របស់ខ្លួន​៕​