សេវាសន្តិសុខអ៊ុយក្រែន រឹបអូសទ្រព្យសម្បត្តិរុស្ស៊ីដែលមានតម្លៃ ២៧​ លានដុល្លារ

Content image - Phnom Penh Post
លោកនាយករដ្ឋមន្ត្រី Denis Shmygal។ Twitter

​សេវាសន្តិសុខ​នៃ​អ៊ុយក្រែន (SBU) បាន​ជូន​ដំណឹង​ដល់​សាធារណ​ជន​អំពី​ការ​រឹបអូស​ទ្រព្យ​សម្បត្តិ​រុស្ស៊ី ​ដែលមាន​តម្លៃជាង ​១ ពាន់លាន រីវនៀ (hryvnia) (ប្រហែល ២៧​ លាន​ដុល្លារ) ដែល​ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន​វាយ​នភណ្ឌ​នៅ Chernigov ដែល​ត្រូវបានគេ​សង្ស័យ​ថា ​ជា​កម្មសិទ្ធិ​របស់​សហគ្រិន​រុស្ស៊ី។

សេវា​សន្តិសុខ ​បាន​និយាយ​នៅលើ Telegram ថា​៖ «ទ្រព្យ​សម្បត្តិ​របស់​ក្រុមហ៊ុន​វាយនភណ្ឌ​ដែល​មាន​មូលដ្ឋាន​នៅ Chernigov ដែលមាន​ទំនា​ក់ទំនង​ជា​មួយ​អាជីវកម្ម​រុស្ស៊ី​ត្រូវ​បាន​ប្រគល់​ទៅឱ្យ​ទីភ្នាក់ងារ​ជាតិ​នៃ​អ៊ុយក្រែន​សម្រាប់​ការ​ស្វែង​រក​ តាមដាន និង​ការ​គ្រប់គ្រង​ទ្រព្យ​សម្បត្តិ​ដែលបានមក​ពី​អំពើពុករលួយ និង​ឧក្រិដ្ឋកម្ម​ផ្សេង ទៀត ​[Asset Recovery and Management Agency ឬ ARMA]។ ការសម្រេច​នេះ ​​អនុវ​ត្តចំពោះ​ទ្រព្យ សម្បត្តិ​អចលន​ទ្រព្យ​ទាំងអស់​របស់​ក្រុមហ៊ុន ​និង​សិទ្ធិ​សាជីវកម្ម​។ តម្លៃទូទៅ​នៃ​អចល​ន​ទ្រព្យ​​ដែល​ត្រូវ​រឹបអូស​​​សម្រាប់ប្រយោ​ជន៍​​របស់រដ្ឋ​លើ​ស​ពី​ ១​ប៊ីលាន​រី​វ​នៀ​»។

ក្រុម​អ្នក​ស៊ើបអង្កេត បាន​អះអាងថា អ្នក​ជំនួញ​រុស្ស៊ីម្នាក់ ​ដែល​ជា​ម្ចាស់​ក្រុមហ៊ុន​មួយ​ក្រុម​ដែល​ផលិត​ឯក​សណ្ឋាន​យោធា និង​គ្រាប់​រំសេវ​សម្រាប់​កងកម្លាំង​ប្រដាប់​អាវុធ​រុស្ស៊ី គឺជា​អ្នក​ទទួល​ផល​ចុង​ក្រោយ​នៃ​សហ គ្រាសនេះ។ សំណុំរឿង​ព្រហ្មទណ្ឌមួយ​​ ត្រូវ​បាន​រៀ​បចំ​​ប្រឆាំង​នឹង​គាត់។

ឈ្មោះ​ក្រុមហ៊ុន ​និង​ម្ចាស់​ក្រុមហ៊ុន ​មិន​ត្រូវ​បាន​គេ​បញ្ចេញ​ឱ្យ​ដឹងនោះទេ​។ ទោះជាយ៉ាងណាក៏​ដោយ​គេហទំព័រ​ ​ Ekonomicheskaya Pravda របស់​ប្រទេស​អ៊ុយក្រែន បាន​កំណត់​អត្ត​សញ្ញាណពាណិជ្ជករ​ថា​ ជា Anton Gromov ហើយ​ក្រុមហ៊ុន​នោះ​ ជា​ Cheksil​។

កាលពី​ថ្ងៃទី ១០ ខែ​មីនា ឆ្នាំ ​២០២២ ប្រធានាធិបតី​អ៊ុយក្រែន​លោក វ៉ុល​ឌីមៀរ ហ្សេលេន​ស្គី បានចុះ​ហត្ថលេខា​លើច្បាប់​ស្តីពី​គោលការណ៍​សម្រាប់​ការ​រឹបអូស​ដោយ​ប​ង្ខំ​នូវ​កម្មវត្ថុ​នៃ​សិទ្ធិទ្រព្យ​សម្បត្តិ​របស់​សហព័ន្ធ​រុ​ស្ស៊ី​ និង​អ្នក​រស់​នៅ​របស់​ខ្លួននៅ​លើទឹកដី​នៃ​អ៊ុយក្រែន​។ ច្បាប់នោះ អនុញ្ញាតឱ្យមានលទ្ធភាព​ ធ្វើជា​តូបនីយកម្ម​នៃ​ទ្រព្យ​សម្បតិ្ត​ដែល​អាចធ្វើ​ទៅ​បានដោយ​ផ្អែកលើ​ភាព​ចាំ​បាច់​របស់​ សង្គម​ដោយ​មិន​មាន​សំណង​ណា​មួយ​ឡើយ។ ការ​សម្រេចចិត្ត​លើ​ការ​រឹបអូស​ទ្រព្យសម្បត្តិ​ដោយ​បង្ខំ​គឺធ្វើឡើង​ដោយ​ក្រុមប្រឹក្សា​សន្តិសុខ ​និង​ការ​ពារជាតិ ហើយ​ត្រូវ​បាន​អនុម័ត​ដោយ​ប្រធានាធិបតី​។

នៅក្នុង​ខែមេសា ឆ្នាំ ​២០២២​ សភា Verkhovna Rada (សភាអ៊ុយក្រែន) បាន​អនុម័ត​ច្បាប់មួយ​ ដែល​សម្រួល​ដល់​នីតិវិធី​សម្រាប់​ការ​រឹបអូសទ្រព្យ​សម្បត្តិ​របស់​ពលរដ្ឋ​រុស្ស៊ី​ដែល​ស្ថិតនៅ​ក្រោម​ការដាក់​ទណ្ឌកម្ម​នៅ​អ៊ុយក្រែន។ ​លោក​​នាយករដ្ឋមន្ត្រី Denis Shmygal បាន​និយាយ​នៅពេល​នោះ​ថា ទ្រព្យ​សម្បត្តិ​របស់​រុស្ស៊ី​ទាំង អស់​ នឹង​ត្រូវ​បាន​ធ្វើ​ជា​តូបនីយកម្ម​នៅអ៊ុយក្រែន៕

ព័ត៌មានថ្មីៗ