តុលាការ​ធម្មនុញ្ញ​របស់​ប្រទេសកូវ៉ែត​ បាន​សម្រេចថា​ ការ​បោះឆ្នោត​សភា​កាល​ពីខែកញ្ញា​ឆ្នាំមុន​ដែល​គណបក្ស​ប្រឆាំង​ទទួល​បាន​អាសនៈ​ច្រើន​ជាងនោះ​ត្រូវ​បានចាត់​ទុកជាមោឃៈ​។ មិនត្រឹម​តែប៉ុណ្ណោះ​ តុលាការនេះ​ ក៏​បាន​ប្រកាស​សម្រេច​ឱ្យ​សភា​ដែល​ត្រូវបាន​បង្កើត​ឡើង​កាល​ពី​អាណត្តិ​មុន​អាច​ត្រឡប់​មក​កាន់​អំណាច​ឡើង​វិញផងដែរ​។


ការសម្រេច​របស់​តុលាការ​កូវ៉ែត​កាល​ពីថ្ងៃ​អាទិត្យ​​ បាន​ធ្វើឡើង​ចំពេល​ដែលជម្លោះ​កើតឡើង​សា​ជាថ្មី​រវាងសភា​និង​រដ្ឋាភិបាល​ជាប់ឆ្នោត។​ ការ​សម្រេចនេះ​ក៏​បាន​ធ្វើឡើង​​បន្ទាប់​ពី​បាន​តែងតាំង​នាយក​រដ្ឋមន្រ្តី​សាជាថ្មី​ម្ដងទៀត​កាលពី​ដើម​ខែមីនានេះ​ដែល​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្ត្រី​បាន​រំសាយខ្លួន​កាល​ពី​ខែមករា​ដើមឆ្នាំ​ដោយសារ​តែត្រូវ​ប្រឈមមុខ​ជា​មួយ​សភា​កូវ៉ែត។


កាល​ពី​ខែកញ្ញា​ ឆ្នាំ​ ២០២២ ​ព្រះអង្គ​ម្ចាស់​នៃ​ប្រទេស​កូវ៉ែត​ បាន​ធ្វើការ​រំលាយ​សភា​អាណត្តិ​មុនចោល​ និង​បាន​រៀបចំ​ឱ្យ​មាន​ការ​​បោះឆ្នោត​មុន​កាលកំណត់​ ក្នុងគោល​បំណង​ដើម្បី​បញ្ចប់​ជម្លោះ​នយោបាយ​ក្នុង​ផ្ទៃក្នុង​ដែល​អូសបន្លាយ​ពេល​យ៉ាងយូរ​ និង​ដែល​បាន​រារាំង​ដល់​កំណែ​ទម្រង់​សារពើ​ពន្ធ​ប្រចាំឆ្នាំ​ទៀតផង​។


ជាលទ្ធផល​ គណបក្ស​ប្រឆាំង​ទទួល​បាន​កៅអី​ចំនួន​២៨​ក្នុង​ចំណោម​៥០អាសនៈ​ដែល​ចំនួននេះ​បាន​ផ្តល់​ឱ្យពួកគេ​នូវ​សំឡេង​ភាគច្រើន​នៅ​ក្នុងសភា។ ​ការ​បោះឆ្នោត​នេះ​ ក៏​បាន​បង្ហាញ​ពី​ជ័យ​ជម្នះ​ របស់​បណ្ដា​ឥស្សរ​ជន​នយោបាយ​មកពី​គណបក្ស​ប្រឆាំង​ដែល​ភាគច្រើន​តែងតែ​ព្យាយាម​ស្ថិតនៅ​ក្រៅ​ឆាក​នយោបាយ​អស់ជាច្រើន​ឆ្នាំ​កន្លងមកនេះ​ព្រោះពួក​គេ​បាន​ចោទប្រកាន់​ថា​ ពួកគេ​តែង​ទទួល​បានការ​ធ្វើ​ទុក្ខបុក​ម្មេញពី​សំណាក់​អាជ្ញាធរ​កាន់​អំណាច​។​


យ៉ាងណា​ក៏​ដោយចៅ​ក្រម​ម្នាក់​ឈ្មោះ​ថា ​លោក Mohammad bin Naji ​បាន​លើក​ឡើង​កាលពី​ថ្ងៃ​អាទិត្យថា៖​«តុលាការ​បាន​ប្រកាស​រំលាយ​សភាជា​មោឃៈ​ហើយ​បាន​លុបចោល​លទ្ធ​ផលបោះ​ឆ្នោត​មុន​កាល​កំណត់ដែល​បាន​ធ្វើឡើង​កាល​ពី​ខែកញ្ញា ​ឆ្នាំ២០២២»។​លោក​បាន​និយាយទៅ​កាន់​អ្នក​សារព័ត៌​មាន​នៅក្នុង​អង្គ​ប្រជុំ​តុលាការ​ថា​«​សិទ្ធិ​អំណាច​របស់​សភា​កាល​ពី​អាណត្តិ​មុន​នឹង​ត្រូវ​បាន​ផ្ដល់​ជូន​ឡើង​វិញ​គិត​ត្រឹម​ថ្ងៃ​នៃ​សេចក្ដី​សម្រេច​របស់​តុលាការ​នេះ»។


មេធាវីកូវ៉ែត​ម្នាក់​ទៀត​ឈ្មោះថា​ Nawaf Al-Yassin បានថ្លែងថា​«សេចក្តី​សម្រេច​នេះធ្វើ​ឡើង​ទៅតាម​បណ្តឹង​ឧទ្ធរណ៍​ដែលពាក់​ព័ន្ធ​នឹង​ការ​បោះឆ្នោត​ជាច្រើន»។​លោកបាន​ប្រាប់​ទៅកាន់​ទីភ្នាក់ងារ​ ព័ត៌មាន​AFP ថា«បណ្តឹងឧទ្ធរណ៍​ទាំងអស់នោះ​ ភាគច្រើន​លើកឡើង​អំពី​អសុពល​ភាពនៃ​ដំណើរ​ការ​បោះឆ្នោត​និង​ក្រឹត្យ​ដែ​ល​បាន​ដាក់​ចេញ​អនុញ្ញាត​ឱ្យ​រៀប​ចំ​ការ​បោះឆ្នោត​រួមទាំង​ក្រឹត្យដែល​បាន​ដាក់​ចេញ​ដើម្បី​រំលាយ​រដ្ឋ​សភា​អាណត្តិមុន​»។

ប្រទេស​កូវ៉ែត​ដែលជា​ប្រទេស​ផលិត​និង​នាំចេញ​ប្រេងនៅ​ក្នុងប្លុក​អង្គការ​អូប៉ិក​ (OPEC)​មួយ​នេះ ក៏ធ្លាប់​មានប្រវត្តិ​រំលាយ​គណបក្ស​នយោបាយ​ផងដែរ​ប៉ុន្តែ​ប្រទេសនេះ​ហាក់​បាន​ផ្តល់​ឱ្យ​ស្ថាប័ន​នីតិប្បញ្ញត្តិ​របស់​ខ្លួនមាន​ឥទ្ធិពល​ជាង​ស្ថាប័ន​ដទៃ​ទៀត​ បើធៀប​ទៅនឹង​ប្រទេស​រាជា​ធិបតេយ្យ​ផ្សេងទៀត​នៅក្នុង​តំបន់​ឈូង​សមុទ្រ​។

គួរដឹង​ដែរថា​ ជម្លោះ​នយោបាយ​នៅក្នុង​ប្រទេស​កូវ៉ែត​បាន​កើតមាន​ឡើង​ជា​ញឹកញាប់​និង​បាន​នាំឱ្យមាន​ការ​រុះរើ​គណៈ​រដ្ឋមន្ត្រី​និង​ការ​រំលាយ​សភាដូច្នេះវា​គឺជា​ឧបសគ្គ​មួយ​រារាំង​ដល់​ការ​វិនិយោគ​និង​កំណែ​ទម្រង់​ផ្សេងៗ​ ដើម្បី​កាត់​បន្ថយ​ការពឹង​ផ្អែកខ្លាំង​ទៅលើ​ប្រាក់​ចំណូល​ជាតិ​ដែលបាន​មក​ពីការ​លក់ប្រេង​។

សមាជិក​សភា ១​ រូបមក​ពី​សភាដែល​ត្រូវបាន​រំលាយ​លោក​Abdullah Al-Turaiji ​បាន​សម្ដែង​ការ​យល់​ស្រប​ចំពោះ​ចំណាត់​ការនេះ​ ដោយលោក​យល់​ឃើញថា​ នេះជា​ការកែ​កំហុស​របស់​រដ្ឋាភិបាល​ក្នុងការ​ប្រាស្រ័យ​ទាក់ទងជា​មួយសភា។​យ៉ាងណា​ក៏ដោយ​ គេមិន​ភ្លេចនោះ​ទេថា​ស្ថិរភាព​នយោបាយ​នៅ​ប្រទេស​កូវ៉ែត​ គឺត្រូវ​ពឹងផ្អែក​ទាំងស្រុង​ទៅលើ​កិច្ច​សហ​ប្រតិបត្តិការ​រវាង​រដ្ឋាភិបាល​និងសភា​។

គួរ​កត់​សម្គាល់ថា ​ខណៈដែ​លការ​ដឹក​នាំរ​បស់​ប្រទេស​កូវ៉ែត​បាន​ឆ្លើយ​តប​ទៅនឹង​ការ​ទាមទារ​របស់​គណបក្ស​ប្រឆាំង​មួយចំនួន​ក្ដី​ដូចជា​ការ​លើកលែង​ទោស​ដល់​អ្នក​ទោស​នយោបាយ​ប្រឆាំ​​ង​ប៉ុន្តែ​សំណើ​កំណែ​ទម្រង់​សំខាន់ៗ​ដូចជា​ច្បាប់​បំណុល​សាធារណៈ​នៅតែប​ន្ត​ប្រឈមមុខ​នឹង​ការ​ជាប់គាំង​អនុម័ត​មិន​ចេញ​នៅឡើយ​៕