តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) កាលពីថ្ងៃចន្ទ បានទទួលការសន្យាផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេសពីប្រទេសជាង ៤០ ដើម្បីស៊ើបអង្កេតឧក្រិដ្ឋកម្មនៅប្រទេសអ៊ុយក្រែន ៣ ថ្ងៃ បន្ទាប់ពីតុលាការនេះ បានចេញដីកាចាប់ខ្លួនប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន។
រដ្ឋអាជ្ញា ICC លោក Karim Khan បានជំរុញឱ្យប្រទេសនានាស្វែងរកភាពអត់ធ្មត់ក្នុងការផ្តល់យុត្តិធម៌ នៅក្នុងកិច្ចប្រជុំនៅទីក្រុងឡុងដ៍ ដើម្បីពិភាក្សាអំពីការជំរុញការគាំទ្រដល់ការស៊ើបអង្កេតរបស់ ICC ក្នុងសង្គ្រាមនៅអ៊ុយក្រែន។
ICC បានចេញដីកាចាប់ខ្លួនលោក ពូទីន និងស្នងការទទួលបន្ទុកសិទ្ធិកុមារ លោកស្រី Maria Lvova-Belova។
ពួកគេ ត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្គ្រាមនៃការនិរទេសកុមារអ៊ុយក្រែនដោយខុសច្បាប់ ក្រោយពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន នៅក្នុងខែកុម្ភៈ ឆ្នាំ ២០២២។
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌អង់គ្លេស លោក Dominic Raab បានប្រាប់កិច្ចប្រជុំនោះថា៖ «និយាយអំពីការចោទប្រកាន់លោកប្រធានាធិបតីពូទីនកាលពីថ្ងៃសុក្រ វាមានសារៈសំខាន់ណាស់...ដើម្បីបង្ហាញការគាំទ្រជាក់ស្តែងរបស់យើងចំពោះ ICC»។
លោកបានបន្ថែមថា៖ «យើងបានរៃអង្គាសប្រាក់បានជាង ៤ លានផោន និងការគាំទ្រមិនមែនហិរញ្ញវត្ថុ និងជំនួយបច្ចេកទេសជាច្រើនទៀត»។
លោកប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេឡេនស្គី បានបន្ថែមនៅក្នុងសារវីដេអូថា៖ «ពិភពលោកត្រូវតែយល់ ថា គ្មាននរណាម្នាក់នៅពីខាងលើយុត្តិធម៌ទេ»។
ទីក្រុងម៉ូស្គូ បានឆ្លើយតបកាលពីថ្ងៃចន្ទ ដោយប្រកាសថា ខ្លួនបានបើកការស៊ើបអង្កេតឧក្រិដ្ឋកម្មផ្ទាល់ខ្លួនទៅលើលោក និងចៅក្រម ICC ជាច្រើនរូប ដោយចាត់ទុកដីកានេះថា «ខុសច្បាប់»។
រដ្ឋអាជ្ញាជាន់ខ្ពស់ ICC លោក Khan បានប្រាប់សន្និសីទទីក្រុងឡុងដ៍ថា ការស៊ើប អង្កេតរបស់តុលាការលើការប្រព្រឹត្តលើកុមារអ៊ុយក្រែន គឺជារឿងនយោបាយ ឯករាជ្យ និងចំណុចមួយក្នុងចំណោមចំណុចសំខាន់ៗនៃការិយាល័យរបស់ខ្ញុំ»។
លោក Khan បាននិយាយ ថា៖ យើងត្រូវតែមានភាពអត់ធ្មត់រួមគ្នា ដើម្បីផ្តល់យុត្តិធម៌ ដោយហៅជម្លោះនៅអ៊ុយក្រែនថា ជា «ពេលវេលានៃការភ្ញាក់ខ្លួនឡើងវិញចំពោះប្រព័ន្ធ ICC។
លោក ក៏បានច្រានចោលអំណះអំណាងដែលថា កុមារអ៊ុយក្រែនរាប់ពាន់នាក់ដែល ត្រូវបានបញ្ជូនទៅប្រទេសរុស្ស៊ីគឺជាការជម្លៀស «មនុស្សធម៌»។
លោក Khan បាននិយាយ ថា ភ័ស្តុតាងអាចប្រាប់ពីរឿងផ្សេង ដោយអង្វរទីក្រុងម៉ូស្គូឱ្យ «ធ្វើមាតុភូមិនិវត្តន៍កុមារ»។
លោកបានបន្ថែមថា៖ «អនុញ្ញាតឱ្យពួកគេរៀនភាសារបស់ពួកគេនៅក្នុងសាលារបស់ពួកគេ ជំនួសឱ្យការនៅក្នុងបរិយាកាសដែលមិនធ្លាប់ស្គាល់ជាមួយនឹងការទទួលយកជាអចិន្រៃ្តយ៍ដោយមនុស្សផ្សេងនោះ»។
កិច្ចប្រជុំដែលរៀបចំដោយលោក Raab និងសមភាគីហូឡង់ លោកស្រី Dilan Yesilgoz Zegerius ធ្វើឡើង បន្ទាប់ពីការអំពាវនាវម្តងហើយម្តងទៀតរបស់ ICC ឱ្យគាំទ្របន្ថែមទៀតសម្រាប់ការស៊ើបអង្កេតរបស់ខ្លួននៅអ៊ុយក្រែន។
ទីក្រុងឡុងដ៍ បានប្រកាសរួចហើយនូវមូលនិធិបន្ថែមជិត ៤០០ ០០០ផោន (៤៨៨ ០០០ដុល្លារ) ដើម្បីជួយចំណាយសម្រាប់ជំនួយផ្លូវចិត្តសម្រាប់សាក្សី និងជនរងគ្រោះនៃឧក្រិដ្ឋកម្ម ឬជួលអ្នកជំនាញអង់គ្លេសបន្ថែមដើម្បីពង្រឹង ICC។
ក្នុងឆ្នាំ ២០២២ សហម្ចាស់ ផ្ទះប្រទេសហូឡង់ បានបញ្ជូនក្រុមស៊ើបអង្កេតកោសល្យវិច័យ ចំនួន ២ នៅក្រោមបដារបស់ ICC ដើម្បីប្រមូលភ័ស្តុតាងដើម្បីប្រើប្រាស់ក្នុងការស៊ើបអង្កេតលើឧក្រិដ្ឋកម្មដែលបានប្រព្រឹត្តនៅក្នុងប្រទេសអ៊ុយក្រែន ចាប់តាំងពីការចាប់ផ្តើមការលុកលុយរបស់រុស្ស៊ី។
លោក Raab អតីតមេធាវីដែលជាទីប្រឹក្សាច្បាប់របស់រដ្ឋាភិបាលបានធ្វើការលើការកាត់ទោសឧក្រិដ្ឋកម្មសង្គ្រាមប្រឆាំងនឹងលោក Slobodan Milosevic របស់ប្រទេសស៊ែប៊ី និងលោក Charles Taylor នៃប្រទេសលីបេរីយ៉ា បាននិយាយថា អ្នកនៅក្នុងសន្និសីទ ចែករំលែកនូវជំនឿដែលថា លោកប្រធានាធិបតីពូទីន និងថ្នាក់ដឹកនាំ (រុស្ស៊ី) ទាំងមូល ត្រូវតែទទួលខុសត្រូវ។
លោកបានបន្ថែមថា៖ «វា ពិតជាមានសារៈសំខាន់ណាស់ ដែលយើងបង្រួបបង្រួមនៅពីក្រោយ ICC ហើយថា យើងគាំទ្រការិយាល័យរបស់រដ្ឋអាជ្ញានូវអ្វីដែលខ្លួនត្រូវការ មិនថា ធនធាន ឬជំនាញបច្ចេកទេស ដើម្បីបន្តការស៊ើបអង្កេតទាំងអស់របស់ ICC»។
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌អ៊ុយក្រែន លោក Denys Maliuska និងអគ្គរដ្ឋអាជ្ញា Andriy Kostin ក៏បានថ្លែងទៅកាន់អ្នកចូលរួមផងដែរ។ ICC មានបុគ្គលិកជាង ៩០០ នាក់ដែលមានថវិកា ១៦៩ លានអឺរ៉ូសម្រាប់ឆ្នាំ ២០២៣ តិចជាងសំណើរបស់តុលាការសុំថវិកា ចំនួន ១៧៥ លានអឺរ៉ូសម្រាប់ឆ្នាំនេះ។
រដ្ឋជាសមាជិកចំនួន ១២៣ របស់ខ្លួនចែករំលែកការទទួលខុសត្រូវចំពោះ ការធានា ហិរញ្ញវត្ថុរបស់តុលាការ។ តុលាការនេះ ក៏ទទួលបានវិភាគទានដោយស្ម័គ្រចិត្តពីអង្គការអន្តរជាតិ បុគ្គល និងសាជីវកម្មផងដែរ។
លោក Khan បានប្រាប់វិទ្យុ BBC មុនពេលសន្និសីទថា ICC មិនអាចធ្វើអ្វីគ្រប់យ៉ាងក្នុង ពេលតែមួយ និងមិនមានធនធានគ្មានដែនកំណត់ដើម្បីស៊ើបអង្កេតឧក្រិដ្ឋកម្មសង្គ្រាមនៅក្នុងអ៊ុយក្រែន៕