តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ (ICC) បាន​សម្តែង​ការ​ព្រួយ​បារម្ភ​កាលពី​ថ្ងៃ​ពុធ លើ​ការ​គំរាមកំហែង​របស់​រុស្ស៊ី បន្ទាប់​ពី​ចេញ​ដីកាចាប់ខ្លួន​លោក​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀរ ពូ​ទីន ទាក់ទង​នឹង​ការ​ចោទ​​ប្រកាន់​ស្ដីពី​ឧក្រិដ្ឋកម្ម​សង្គ្រាម នៅ​អ៊ុយ​ក្រែ​ន​។

​សេចក្ដីថ្លែងការណ៍​ស្ដីពី​ការ​ព្រួយបារម្ភ​របស់ ICC​ ​ចេញផ្សាយ​បន្ទាប់ពី​អតីត​ប្រ​ធា​នា​ធិបតី​រុស្ស៊ី​លោក​ Dmitry Medvedev បាន​គំរាម​វាយ​​ប្រហារ​តុលាការ​នៅ​ទីក្រុង​ឡាអេ​មួយ​នេះ ដោយ​ប្រើ​មី​ស៊ី​ល​លឿន​ជាង​សំឡេង​។ ការសម្ដែង​ការព្រួយបារម្ភ​នេះ ក៏​ធ្វើឡើង​បន្ទាប់ពី​ស្ថាប័ន​ស៊ើបអង្កេត​កំពូល​របស់​រុស្ស៊ី បាន​បើក​សំណុំរឿង​ព្រហ្ម​​ទណ្ឌ​ប្រឆាំងនឹង​រដ្ឋអាជ្ញា ​ICC លោក Karim Khan និង​ចៅក្រម​ដែល​ចេញ​ដីកាចាប់ខ្លួន​លោក ពូ​ទីន​។

​ក្នុង​សេចក្ដីថ្លែងការណ៍ ប្រធានសភា​នៃ​រដ្ឋ​ភាគី​របស់​ ICC បាន​និយាយថា​៖ «​ខ្លួន​មានការ​សោកស្តាយ​ចំពោះ​ការប៉ុនប៉ង​ទាំងនេះ ដើម្បី​រា​រាំង​កិច្ចខិតខំ​ប្រឹងប្រែង​អន្តរ​ជាតិ ដើម្បី​ធានា​នូវ​ការទទួល​ខុសត្រូវ​ចំពោះ​ទង្វើ​ដែល​ត្រូវបាន​ហាមឃាត់​ក្រោម​ច្បាប់​អន្តរជាតិ​ទូទៅ​»​។​


​យ៉ាងណាមិញ សភា​ ICC បានបញ្ជាក់​ជាថ្មី​នូវ​ការគាំទ្រ​ឥត​ងាករេ​របស់ខ្លួន ចំពោះ​តុ​លា​ការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​។​

​សេចក្ដីថ្លែងការណ៍​ដដែល​បន្តថា​៖ «​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ បញ្ជាក់​ពី​ការប្តេជ្ញាចិត្ត​រួម​របស់​យើង​ក្នុងការ​​ប្រយុទ្ធ​ប្រឆាំងនឹង​និ​ទណ្ឌ​ភាព​ចំពោះ​ឧក្រិដ្ឋកម្ម​អន្តរ​ជាតិ​ដ៏​ធ្ងន់ធ្ងរ​។ យើង​អំពាវនាវ​ឱ្យ​រដ្ឋ​ទាំងអស់ គោរព​ឯករាជ​ភាព​របស់​តុលាការ និង​រដ្ឋ​អាជ្ញា​»​។​


​កាលពី​ថ្ងៃ​ចន្ទ លោក Medvedev ដែល​បច្ចុប្បន្ន​ជា​អនុ​ប្រធាន​ក្រុមប្រឹក្សាសន្តិសុខ​នៃ​សហព័ន្ធរុស្ស៊ី បាន​និយាយថា​៖ «​វា​ពិតជា​អាច​ស្រមៃ​ឃើញ​មី​ស៊ី​ល​លឿន​ជាង​សំឡេង​មួយ បាញ់​ចេញពី​សមុទ្រ​ខាងជើង​ពី​កប៉ាល់​របស់​រុស្ស៊ី ទៅ​តុលាការក្រុង​ឡាអេ​»​។ លោក​បន្ថែមថា​៖ «​អ្នក​រាល់គ្នា​ដើរ​ក្រោម​ព្រះ និង​រ៉ុក្កែត​...​ឧស្សាហ៍​មើល​មេឃ​ផង​»​។

​ការ​គំរាម​នេះ ធ្វើឡើង​បន្ទាប់ពី ICC ចេញ​ដីកា​ចាប់​លោក ពូ​ទីន កាលពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន ជា​ចំណាត់​ការដែល​រុស្ស៊ី​ចាត់ទុកជា​មោ​ឃៈ​។ ដីកា​នោះ ចោទប្រកាន់​មេ​ដឹក​នាំ​រុស្ស៊ី​ថា បាន​និរទេស​កុមារ​អ៊ុយ​ក្រែ​ន​រាប់ពាន់នាក់​ដោយ​ខុសច្បាប់ ដែលជា​ឧក្រិដ្ឋកម្ម​សង្គ្រាម​។​

​ចំណាត់ការ​ផ្លូវច្បាប់​នេះ តម្រូវឱ្យ​រដ្ឋ​សមាជិក​របស់​តុលាការ​ចំនួន ១២៣ ប្រទេស ចាប់ខ្លួន​លោក ពូ​ទីន ហើយ​ផ្ទេរ​លោក​ទៅ​ទី​ក្រុងឡាអេ​ដើម្បី​កាត់ទោស ប្រសិនបើ​លោក ពូ​ទីន ជាន់ដី​របស់​ពួក​​គេ​។ យ៉ាងណាមិញ គួរ​គូស​បញ្ជាក់ថា ទាំង​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន​មិនមែនជា​សមា​ជិ​ក​នៃ ​ICC នោះទេ បើទោះបី​ជា​អ៊ុយ​ក្រែ​ន​បានផ្តល់​យុ​ត្តា​ធិ​ការ​ក្នុងការ​កាត់ទោស​ឧក្រិដ្ឋ​កម្ម ដែល​ប្រព្រឹត្តឡើង​នៅលើ​ទឹកដី​របស់ខ្លួន​ក៏ដោយ​។ បន្ថែម ពីនេះ ICC ក៏​គ្មាន​កម្លាំង​ប៉ូលិស​របស់ខ្លួន​ដែរ ហើយ​ពឹង​ផ្អែកលើ​រដ្ឋ​ជា​សមាជិក ដើម្បី​ធ្វើ​ការចាប់ខ្លួន​បុគ្គល​ណា ដែល​ខ្លួន​ចេញ​ដីកា​ចាប់​៕