បណ្ដាញ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​​​រដ្ឋ​កូរ៉េខាង​ជើង​ KCNA ​បាន​រាយការណ៍​នៅ​ថ្ងៃ​អង្គារ​ទី​ ២៨ ខែ​​មីនា​ នេះ​ថា​ លោក​ប្រធានាធិបតី​​​កូរ៉េខាង​ជើង​ គីម ជុងអ៊ុន​ បាន​​អំពាវ​នាវ​ឱ្យ​បង្កើន​ការ​ផលិត​បរិក្ខារ​​នុយក្លេអ៊ែរ​​ដែល​អា​ច​ប្រើ​ធ្វើ​​​អាវុធ​​​​បាន​ ​ដើម្បី​ពង្រីក​ឃ្លាំង​អាវុធ​របស់​ប្រទេស​ ដោយ​និយាយ​ថា​ ​ក្រុង​ព្យុងយ៉ាង​​ គួរ​តែ​ត្រៀម​ខ្លួន​រួច​រាល់​ក្នុង​ការ​ប្រើ​ប្រាស់​អាវុធ​ផ្សេង​ៗ​គ្រប់​ពេល​វេលា​។​

​KCNA ​បាន​រាយការណ៍​ថា​ លោក គីម​ បាន​​លើក​ឡើង​យ៉ាង​ដូច្នេះ​​​​​នៅ​ពេល​​ត្រួត​ពិនិត្យ​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​ប្រទេស​ រួម​ទាំង​អាវុធ​នុយក្លេអ៊ែរ​តាកទិក​ថ្មី​ ​និង​បច្ចេក​វិទ្យា​សម្រាប់​ដំឡើង​ក្បាល​គ្រាប់​នៅ​លើ​​មីស៊ីល​ផ្លោង​ និង​ពិនិត្យ​មើល​ផែនការ​ប្រតិបត្តិការ​វាយ​ប្រហារ​នុយក្លេអ៊ែរ​។

​​


បណ្ដាញ​ផ្សព្វ​ផ្សាយដដែល​​ថា​ លោក ​គីម ​បាន​បញ្ជា​ឱ្យ​​ផលិត​​បរិក្ខារ​​​ដែល​អាច​ប្រើ​ធ្វើ​​​អាវុធ​​​​បាន​ ​ក្នុង​«​វិធី​ដែល​មើល​ឃើញ​ឆ្ងាយ​»​ ដើម្បី​បង្កើន​ឃ្លាំង​អាវុធ​នុយក្លេអ៊ែរ​របស់​​ប្រទេស​​ឱ្យ​បាន​​​​កាន់​តែ​ច្រើន​ និង​ផលិត​អាវុធ​​​កាន់​តែ​មាន​ឥទ្ធិពល​ជាង​មុន​។

លោក​ គីម បាន​លើក​ឡើង​ទៀត​ថា​ ​​សត្រូវ​នៃ​កង​កម្លាំង​នុយក្លេអ៊ែរ​របស់​ប្រទេស​នេះ​ មិន​មែន​ជា​រដ្ឋ​ ឬ​ក្រុម​ជាក់​លាក់​ណា​មួយ​នោះ​ទេ​ ប៉ុន្តែ​ជា​«​សង្គ្រាម​ និង​គ្រោះ​មហន្តរាយ​នុយក្លេអ៊ែរ​»​ ហើយ​គោល​នយោបាយ​ពង្រីក​ឃ្លាំង​អាវុធ​របស់​កូរ៉េ​ខាង​ជើង​ គឺ​សំដៅ​តែ​១​គត់ គឺ​​ដើម្បី​ការពារ​ប្រទេស​ និង​សន្តិភាព​ និង​ស្ថិរភាព​ក្នុង​តំបន់​។​


គួរ​គូស​បញ្ជាក់​ថា​ ​​កូរ៉េ​ខាង​ជើង​ បាន​និង​កំពុង​បង្កើន​ការ​សាក​ល្បង​​អាវុធ​របស់​ខ្លួន​ រួម​ទាំង​ការ​បាញ់​សាក​ល្បង​មីស៊ីល​​ផ្លោង​រយៈ​ចម្ងាយ​ខ្លី​កាល​ពី​ថ្ងៃ​ចន្ទ​ និង​​ការ​ធ្វើ​សម​យុទ្ធ​យោធា​​ ដើម្បី​​ធ្វើ​ការ​វាយ​ប្រហារ​ដោយ​នុយក្លេអ៊ែរ​ «ក្លែង​ក្លាយ​» កាល​ពី​សប្តាហ៍​មុន​​ប្រឆាំង​នឹង​សហរដ្ឋ​អាមេរិក​ និង​កូរ៉េ​ខាង​ត្បូង​ ដែល​​​​រង​ការ​ចោទ​ប្រកាន់​ពី​ក្រុង​ព្យុងយ៉ាង​ថា​ ​ធ្វើ​សកម្មភាព​យោធា​ដើម្បី​ត្រៀម​ឈ្លាន​ពាន​កូរ៉េខាង​ជើង​៕