អ្នករដ្ឋការអាមេរិកយ៉ាងហោច ៥០ នាក់ រងការវាយប្រហារដោយ spyware តាមអ៊ីនធឺណិត
សារព័ត៌មានរ៉យទ័ររាយការណ៍ថាយ៉ាងហោចណាស់មានបុគ្គលិករដ្ឋាភិបាលអាមេរិកចំនួន ៥០ នាក់ ដែលឈរជើងនៅក្នុងប្រទេសចំនួន ១០ នៅជុំវិញពិភពលោកក្លាយជាគោលដៅវាយប្រហារដោយកម្មវិធីកុំព្យូទ័រ spyware។ នេះបើតាមមន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់ដែលបានប្រាប់ទីភ្នាក់ងាររ៉យទ័រ។
កំណើននៃការវាយប្រហារនេះបន្ទាប់ពីសេតវិមានគ្រោងអនុម័តក្រឹត្យមួយស្ដីពីការទប់ស្កាត់ចារកម្មតាមអ៊ីនធឺណិត។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Biden ចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយដើម្បីទប់ស្កាត់ការប្រើប្រាស់ឧបករណ៍ចារកម្មឌីជីថលនៅជុំវិញពិភពលោកដោយចេតនាអាក្រក់ សំដៅលើសង្គមស៊ីវិល និងបុគ្គលិកអាមរិក។
កាលពីឆ្នាំ ២០២១ រ៉យទ័របានរាយការណ៍ថា iPhones Apple Inc របស់បុគ្គលិកក្រសួងការបរទេសសហរដ្ឋអាមេរិក ប្រមាណ ៩ នាក់ត្រូវបានវាយប្រហារដោយ spyware ទំនើបដែលបង្កើតឡើងដោយក្រុមហ៊ុនអ៊ីស្រាអែល។ ទោះជាយ៉ាងណាគេមិនទាន់ដឹងថាអ្នកណាជាអ្នកវាយ ប្រហារនេះទេ។
មន្ត្រីរដ្ឋបាលជាន់ខ្ពស់អាមេរិក បានដកស្រង់របាយការណ៍មុនរបស់រ៉យទ័រនេះ ជាហេតុផលសម្រាប់ការត្រួតពិនិត្យកាន់តែទូលំទូលាយ ក្នុងចំណោមផ្ទៃក្នុងរបស់រដ្ឋាភិបាលអាមរិក។
មន្ត្រីរដ្ឋបាលជាន់ខ្ពស់ ១ រូប បាននិយាយថា បទបញ្ជាប្រតិបត្តិថ្មីនេះត្រូវតាក់តែងឡើងដើម្បីដាក់សម្ពាធលើឧស្សាហកម្មសម្ងាត់ដោយការដាក់កម្រិតថ្មីលើកិច្ចការពាររដ្ឋាភិបាល ការអនុវត្តច្បាប់ និងការសម្រេចចិត្តទិញកម្មវិធីកុំព្យួទ័ររបស់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមរិក។
មន្ត្រីរូបនេះបាននិយាយថា៖ «យើងបានកំណត់យ៉ាងច្បាស់នូវការរីកសាយភាយ និងការប្រើប្រាស់ spyware ដែលជាការគំរាមកំហែងដល់សន្តិសុខជាតិ។ ការគំរាមកំហែងនេះប៉ះពាល់ដល់ផលប្រយោជន៍គោលនយោបាយការបរទេសស្នូលរបស់អាមេរិក៕