មេដឹកនាំ​កំពូល​របស់​ក្រុម​យោធា​មី​យ៉ាន់​ម៉ា លោក មីន អ៊ុង​ឡាំង បាន​អំពាវនាវ​កាល​ពីថ្ងៃ​ចន្ទ​ ទី​​ ២៧ ខែមីនា ឱ្យមាន​ការចាត់វិធានកា​រ​យ៉ាង​ម៉ឺង​ម៉ាត់​ចំពោះ​ក្រុម​ដែល​ប្រឆាំងនឹង​ការគ្រប់គ្រង​របស់ខ្លួន​។


​ការអំពាវនាវ​ចុងក្រោយ​នេះ ធ្វើឡើង​ក្នុងពេល​លោក មីន អ៊ុង​ឡាំង ចូលរួម​ក្បួន​​ដង្ហែ​យោធា​នា​ថ្ងៃ​ប្រារព្ធ​ទិវា​ស្ដីពី​កងកម្លាំងប្រដាប់អាវុធ​របស់​ប្រទេស នៅ​ទីក្រុង​ណៃ​ពិដោ ដែល​គេ​ឃើញ​មាន​ពេញ​ទៅដោយ​ការបង្ហាញ រថ​ពាស​ដែក​មី​ស៊ី​ល និង​កាំភ្លើង​​ធំ ព្រមទាំង​យន្តហោះ​ចម្បាំង និង​ឧទ្ធម្ភាគចក្រ​ហោះហើរ​ខ្វែងខ្វាត់​ពីលើ​អាកាស​។ ការ​​លើកឡើង​របស់​មេ​យោធា​ដដែល ធ្វើឡើង​ស្របពេល​ដែល​យោធា​មី​យ៉ាន់​ម៉ា រង​ការចោទប្រកាន់​ធ្ងន់ធ្ងរ​ពីបទ​សម្លាប់​ជន​ស៊ីវិល​ដោយ​មិន​រើសមុខ​ក្នុង​សកម្មភាព​យោ​ធា​ដើម្បី​បង្ក្រាប​ការតស៊ូ​ប្រដាប់​អាវុធ ដែល​ប្រឆាំងនឹង​ការ​កាន់កាប់​របស់​រដ្ឋាភិបាល​បច្ចុប្បន្ន​។


​យ៉ាងណាមិញ លោក មីន អ៊ុង​ឡាំង បាន​និយាយថា អ្នក​ដែល​ថ្កោលទោស​រដ្ឋាភិបាលយោធារ​ប​ស់លោក បានបង្ហាញ​ពី​ភាព​ព្រងើយកន្តើយ​ចំពោះ​អំពើហិង្សា​ដែល​ប្រព្រឹត្ត ដោយ​ក្រុមប្រឆាំង​រដ្ឋាភិបាល​។​


​គួររំឭកថា ក្រុម​យោធា​របស់លោក មីន អ៊ុង​ឡាំង បាន​ដឹកនាំ​ការធ្វើ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​ប្រជា​ធិ​ប​​តេ​យ្យ​របស់​លោកស្រី អ៊ុង​សាន ស៊ូ​ជី កាលពី ​២​ ឆ្នាំមុន ដែល​ជំរុញឱ្យមាន​ការតវ៉ា​ដោយ​សន្តិវិធី​។ ប៉ុន្តែ​ក្រោយមក​ការប្រឆាំង​តវ៉ា​នោះ ត្រូវ​ប្រឈមមុខ​នឹង​ការបង្ក្រាប​ដ៏​បង្ហូរឈាម​ពី​កងកម្លាំង​សន្តិសុខ​មី​យ៉ាន់​ម៉ា ខណៈ​កងកម្លាំង​តស៊ូ​ប្រដាប់អាវុធ​ផ្សេងៗ​ក៏​ត្រូវបាន​បង្កើតឡើង​ផងដែរ​។ ការកើនឡើង​នៃ​អំពើហិង្សា​តាំងពី​ពេល​នោះមក ត្រូវបាន​អ្នកជំនាញ​អង្គការសហប្រជាជាតិ និង​អ្នក​ផ្សេងទៀត​កំណត់ថា ជា​សង្គ្រាមស៊ីវិល​។​


​បច្ចុប្បន្ន ក្រុម​មួយ​ដែល​ប្រឆាំងនឹង​ការគ្រប់គ្រង​របស់​ក្រុម​យោធា គឺ​រដ្ឋាភិបាល​រួប​​រួម​ជាតិ ​(NUG)​ ដែលជា​រដ្ឋាភិបាល​និរទេស​ខ្លួន និង​បង្កើតឡើង​ដោយ​សមាជិកសភា​ជាប់ឆ្នោត​ដែល​ក្រុម​យោធា​ដកចេញ​ក្រោយ​រដ្ឋ​ប្រហារ​។ កងកម្លាំង​ការពារ​ប្រជាជន (PDF) ដែលជា​ចំណុះ​របស់ NUG រួមជាមួយ​នឹង​កងក​ម្លាំ​ង​ប្រដាប់អាវុធ​នៃ​ក្រុម​សម្ព័ន្ធមិត្ត​ជនជាតិ​ភាគ​​តិច​ផ្សេងទៀត បានធ្វើការ​វាយប្រហារ​ជារឿយៗ​លើ​ជួរ​កងទ័ព មូលដ្ឋាន និង​ប៉ុស្តិ៍​យោធា​មី​យ៉ាន់​ម៉ា​។


​ក្រុម​ទាំង​នេះ រង​ការឆ្លើយតប​ទៅវិញ​ពី​ក្រុម​យោធា​របស់​រដ្ឋាភិបាល​លោក មីន អ៊ុង​ឡាំង តាម​រយៈ​ការវាយលុក​ភូមិ​នានា​ដោយ​កាំភ្លើង​ធំ និង​ការ​វាយ​ប្រហារ​តាម​អាកាស ដែលជា​រឿយៗ​បណ្តាលឱ្យ​ជន​ស៊ីវិល​ស្លាប់បាត់​បង់ជីវិត​។ ជម្លោះ​ហិង្សា​នេះ បានធ្វើ​ឱ្យមាន​ប្រជាជន​ជាង ១​ លាន​នាក់​ភៀសខ្លួន និង​បណ្ដាលឱ្យមាន​វិបត្តិ​មនុស្សធម៌​។

​យ៉ាងណាមិញ លោក មីន អ៊ុង​ឡាំង បាន​ថ្លែង​នៅ​ថ្ងៃ​ចន្ទ​ដដែល​ថា​៖ «​អំពើ​ភេរវកម្ម​របស់​ NUG និង​ PDFs ចាំ​បាច់​ត្រូវតែ​ដោះស្រាយ​ឱ្យបាន​ល្អ​។ យោធា និង​រដ្ឋា​ភិ​បាល​ក៏ត្រូវ​ចាត់វិធានការ​ប្រឆាំងនឹង​ក្រុម​ភេរ​វករ​នេះ​ដែល​បាន​ព្យាយាម​បំផ្លិច​​បំផ្លាញ​ប្រទេស និង​សម្លាប់ ប្រជាជន​ផងដែរ​»​។​

​បន្ថែម​ពីលើ​នេះ រដ្ឋាភិបាល​របស់លោក មីន អ៊ុង​ឡាំង កន្លងមក​បានប្រកាស​ថា អង្គ​ការតស៊ូ​មតិ​ធំៗ​ជា​ក្រុម​ភេ​រ​វករ ហើយ​អ្នកណា​ក៏ដោយ​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ពួកគេ ត្រូវ​ទទួល​ទណ្ឌកម្ម​យ៉ាង​ធ្ងន់ធ្ងរ​។​

​ខណៈពេលដែល​លោក មីន អ៊ុង​ឡាំង និយាយថា សកម្មភាព​របស់​យោធា​របស់លោក គឺ​ចាំបាច់​ដើម្បី​សម្រេច បាន​សន្តិភាព រដ្ឋាភិបាល​របស់លោក​បាន​ច្រានចោល​ការចោទប្រកាន់​អំពី​ការរំលោភ សិទ្ធិមនុស្ស ដោយ​ចង្អុល​ទៅលើ​អំពើហិង្សា​ដែល​គូប្រជែង​របស់ខ្លួន​ប្រព្រឹត្ត​ទៅវិញ​៕