​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​យ៉ាងតិច ១៨៤​ នាក់​រួមទាំង​ស្ត្រី និង​ក្មេង​ជា​ច្រើន​នាក់ បាន​ចូល​ចត​នៅ​ខេត្ត​ចុង​ខាងលិច​របស់​ប្រទេស​ឥណ្ឌូនេស៊ី​កាលពី​ថ្ងៃ​ចន្ទ បន្ទាប់ពី​ពួកគេ​ត្រូវបាន​ទម្លាក់ចោល​នៅ​កណ្ដាល​សមុទ្រ​ហើយ​បាន​ហែល​ទៅរក​ច្រាំង​។​

​ជន​មូស្លីម​រ៉ូ​ហ៊ីង​យ៉ា​រាប់ពាន់នាក់ ដែល​ភាគច្រើន​ត្រូវគេ​ធ្វើទុក្ខ​បុក​ម្នេញ​ក្នុងប្រទេស​មី​យ៉ាន​ម៉ា ប្រថុយ​ជីវិត​ជា​រៀងរាល់ឆ្នាំ ដោយ​ធ្វើដំណើរ​តាម​សមុទ្រ​ដ៏​វែងឆ្ងាយ និង​ថ្លៃៗ ជារឿយៗ​ជិះទូក​ដែលមាន​គុណភាព​អន់ ក្នុងការ​ប៉ុនប៉ង​ទៅកាន់​ប្រទេស​ម៉ាឡេស៊ី ឬ​ឥណ្ឌូនេស៊ី​។​

​អ្នកស្រុក​នៅ​ទីក្រុង Peureulak​ នៃ​ខេត្ត​អា​សេ​ភាគ​ខាងកើត បាន​ជូនដំណឹង​ដល់​ប៉ូលិស​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ បន្ទាប់ពី​បាន​រកឃើញ ក្រុម​ដែល​មន្ត្រី​បាន​និយាយ​នោះ រួមមាន​បុរស​ ៩៤ ​នាក់ ស្ត្រី ៧០ ​នាក់ និង​ក្មេង​ ២០ នាក់​។​


​លោក Nasri ប្រធាន​សង្កាត់ Peureulak​ដូច​ជនជាតិ​ឥណ្ឌូនេស៊ី​ជាច្រើន​ទៀត បាន​ប្រាប់​សារព័ត៌មាន​ AFP ថា​៖ «​គ្មាន​ទូក​នៅលើ​ឆ្នេរ​ទេ​ពេល​ពួកគេ​មកដល់​»​។ «​ជនភៀសខ្លួន​មួយចំនួន មើលទៅ​ទន់ខ្សោយ ពួកគេ​ប្រហែលជា​មិនបាន​ហូប​អាហារ​ច្រើន​ថ្ងៃ​ហើយ​»​។​

​លោក​បាន​បន្ថែមថា យ៉ាងតិច​ ៥ នាក់ ត្រូវបាន​គេ​បញ្ជូនទៅ​មន្ទីរពេទ្យ ខណៈ​អ្នក​ខ្លះទៀត ត្រូវបាន​គេ​យកទៅ​កាន់​បរិវេណ​វិហារ​អ៊ិ​ស្លាម​សម្រាប់​ទីជម្រក អាហារ និង​ព្យាបាល​ជំងឺ​។​


​មន្ត្រី​ម្នាក់​មកពី​ទីភ្នាក់ងារ​កិច្ចការ​សង្គម​ខេត្ត​អា​សេ​ភាគ​ខាងកើត លោក Saharani បានបញ្ជាក់​ពី​ចំនួន​សរុប​នៃ​អ្នក​មកដល់ ទៅកាន់​សារព័ត៌មាន AFP​។​

​អ្នកនាំពាក្យ​ទីភ្នាក់ងារ​ជន​ភៀស​ខ្លួន​អង្គការសហប្រជាជាតិ (UNHCR) បាន​និយាយថា ខ្លួន​នៅតែ​ប្រមូល​ព័ត៌មាន​អំពី​អ្នក​មកដល់​ថ្មី​។​

​យោងតាម​ម្នាក់​ក្នុងចំណោម​អ្នក​ដំណើរ​ជាច្រើន ពួកគេ​ត្រូវបាន​ទម្លាក់ចោល​នៅ​ឆ្នេរសមុទ្រ ហើយ​ប្រាប់​ឱ្យ​ហែល​ទៅ​គោក​ដោយ​ម្ចាស់​ទូក​។

​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា Ali បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ Antara ថា​៖ «​បន្ទាប់ពីនោះ ទូក​ដែល​យើង​ជិះ បាន​ចាកចេញ​ភ្លាមៗ​។ លោក​ Ali បាន និយាយថា ជនភៀសខ្លួន កំពុង​ព្យាយាម​ទៅដល់​ម៉ាឡេស៊ី​ពី​មី​យ៉ាន់​ម៉ា​៕