អ្នកការទូត​ជាន់ខ្ពស់​មួយរូប​របស់​បារាំង កាលពី​ថ្ងៃទី​ ៣០ ខែមីនា ឆ្នាំ​ ២០២៣ បានបង្ហាញ​ក្តីសង្ឃឹម​ថា ពាក្យស្នើសុំ​ចូល​ជា​សមាជិក​អង្គការ​ណា​តូ​របស់​ប្រទេស​ស៊ុយអែត (Sweden) និង​ហ្វាំ​ង​ឡង់ (Finland) នឹងត្រូវ​បានផ្តល់​សច្ចា​ប័ន​យ៉ាង​ឆាប់​នាពេលខាងមុខ ខណៈដែល​សភា​តួ​ក​គី​ត្រូវបាន​គេ​រំពឹងថា​នឹងធ្វើ​ការបោះឆ្នោត​ក្នុងពេល​ឆាប់ៗ​នេះ​ផងដែរ ដើម្បី​សម្រេច​ថា​តើ​ហ្វាំ​ង​ឡង់​គួរតែ​ចូល​ជា​សមាជិក​របស់​សម្ព័ន្ធ​ភាព​ណា​តូ​ដែលមាន​សមាជិក ៣០ ប្រទេស​ស្រាប់​ហើយ​ដែរ​ឬក៏​យ៉ាងណា​។

​ការលើកឡើង​របស់រ​ដ្ឋ​មន្ត្រី​ក្រសួងការបរទេស​បារាំង​លោកស្រី Catherine Colonna នេះ​គឺ​សំដៅ​ទៅលើ​កិច្ចប្រជុំ​កំពូល​របស់​អង្គការ​ណា​តូ​ដែល​នឹង​ធ្វើឡើង​នាពេលខាងមុខ នៅ​រដ្ឋធានី​របស់​ប្រទេស​លី​ទុយ​អា​នី (Lithuanian) ក្នុង​ខែកក្កដា​។ លោកស្រី​បាន​បន្ថែមថា «​យើង​សង្ឃឹមថា​កិច្ចប្រជុំ​កំពូល​នេះ​នឹង​ទទួលបាន​ជោគជ័យ ហើយ​នឹងមាន​ប្រទេស​ចំនួន ៣២ នៅក្នុង​កិច្ចប្រជុំ​កំពូល​នៅ​ទីក្រុង​វី​ល​នី​ញូ​ស (Vilnius) ប្រទេស​លី​ទុយ​អា​នី​»​។

​លោកស្រី​បាន​ថ្លែង​ឡើង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ថា «​ពាក្យស្នើសុំ​របស់​ប្រទេស​ស៊ុយអែត និង​ហ្វាំ​ង​ឡង់ គួរតែ​ត្រូវ​បានផ្តល់​សច្ចាប័ន​ឱ្យបាន​ឆាប់រហ័ស​»​។ គួរ​ដឹង​ដែរ​ថា ទាំង​ប្រទេស​ស៊ុយអែត និង​ហ្វាំ​ង​ឡង់ បានដាក់​ពាក្យស្នើសុំ​ចូល​ជា​សមាជិក​អង្គការ​ណា​តូ​តាំងតែ​ពី​ខែឧសភា ឆ្នាំ​២០២២ ដោយបាន​បោះបង់​គោលការណ៍​មិន​ចូលបក្ស​សម្ព័ន្ធ​របស់ខ្លួន​អស់​ជាច្រើន​ទសវត្សរ៍​មកនេះ បន្ទាប់ពី​មានការ​ឈ្លានពាន​ពី​សំណាក់​ប្រទេស​រុស្ស៊ី​ទៅលើ​ទឹកដី​អ៊ុយ​ក្រែ​ន​។ យ៉ាងណាក៏ដោយ អង្គការ​ណា​តូ​ជាគោលការណ៍​គឺ​ត្រូវ​ទាមទារ​ឱ្យមាន​ការយល់ព្រម​ជា​ឯកច្ឆ័ន្ទ​ពី​សមាជិក​របស់ខ្លួន​ទាំងអស់ ក្នុងការ​ទទួលយក​ប្រទេស​សមាជិក​ថ្មី​។


​កាលពី​ថ្ងៃ​ចន្ទ ក្រុម​សមាជិកសភា​ហុង​គ្រី បានផ្តល់​សច្ចាប័ន​លើ​សំណើ​របស់​ប្រទេស​ហ្វាំ​ង​ឡង់​ឱ្យចូល​ជា​សមាជិក​អង្គការ​ណា​តូ​។ យ៉ាងណាមិញ ការយល់​ព្រមឱ្យ​ប្រទេស​ស៊ុយអែត​ចូល​ជា​សមាជិក​ដែរ បាន​ជាប់គាំង ដោយសារតែ​មានការ​ប្រឆាំង​ពី​ប្រទេស​តួ​ក​គី និង​ហុង​គ្រី​។

​រដ្ឋាភិបាល​តួ​ក​គី​បាន​ចោទប្រកាន់​ប្រទេស​ស៊ុយអែត​ថា ជា​ប្រទេស​ទន់ជ្រាយ​ចំពោះ​ចំណាត់ការ​លើ​ក្រុម​ដែល​តួ​ក​គី​ចាត់ទុកថា​ជា​អង្គការ​ភេរវកម្ម​។ ប្រធានាធិបតី​តួ​ក​គី​លោក Recep Tayyip Erdogan បានឱ្យដឹងថា រដ្ឋាភិបាល​ទីក្រុង​អង់កា​រ៉ា (Ankara) ប្រទេស​តួ​ក​គី ត្រូវការ​ការធានា​បន្ថែមទៀត មុន​ពេលដែល​ខ្លួន​នឹង​សម្រេច​ផ្តល់​សច្ចាប័ន​ចុងក្រោយ​គេ​។


​សមាជិក​មកពី​គណបក្សកាន់អំណាច​រប​ស់​ប្រទេស​ហុង​គ្រី បាន​រំលេច​ថា ពួកគេ​នឹង​រង់​ចាំមើល​រដ្ឋាភិបាល​ក្នុង​ទីក្រុង​ស្តុក​ខុល (Stockholm) ប្រទេស​ស៊ុយអែត លុបបំបាត់​ការខ្វែងគំនិត​គ្នា មុនពេល​បោះឆ្នោត​នៅក្នុង​សភា​ឈាន​មកដល់​។ រដ្ឋាភិបាល​ទីក្រុង​ប៊ុ​យ​ដា​ប៉ែស (Budapest) ប្រទេស​ហុង​គ្រី បាន​ចោទប្រកាន់ថា អ្នកនយោបាយ​ស៊ុយអែត​មួយចំនួន​បានធ្វើ​សេចក្តីថ្លែងការណ៍​ចំអក​អំពី​ស្ថានភាព​នៃ​លទ្ធិប្រជាធិបតេយ្យ​របស់​ប្រទេស​ហុង​គ្រី ដែល​ធ្វើឱ្យ​មូលនិធិ​រាប់ពាន់​លាន​ដុល្លារ​នៅក្នុង​សហភាព​អឺរ៉ុប ត្រូវបាន​បង្កក​ដោយសា​រ​ការចោទប្រកាន់ថា មានការ​រំលោភច្បាប់ និង​លទ្ធិប្រជាធិបតេយ្យ​នៅក្នុង​ប្រទេស​តួ​ក​គី​។

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​ស៊ុយអែត​បាន​រាយការណ៍​ថា រដ្ឋមន្ត្រី​ក្រសួងការបរទេស​ស៊ុយអែត​លោក Tobias Billström បាន​មានប្រសាសន៍ថា «​យើង​មើលមិនឃើញ​ហេតុផល​ចាំបាច់​អ្វី​នោះទេ​ថា ហេតុអ្វី​បានជា​យើង​មិនគួរ​ត្រូវ​បានផ្តល់​សច្ចាប័ន​។ ហេតុផល​ទាំងនោះ​មិន​ជាប់​ពាក់ព័ន្ធ​នឹង​ពាក្យស្នើសុំ​ចូល​អង្គការ​ណា​តូ​របស់​ប្រទេស​ស៊ុយអែត​នោះទេ​។ វា​មាន​ភាពខុសគ្នា​ទាំងស្រុង​ពី​ទស្សន​ដែល​សហភាព​អឺរ៉ុប​មាន​ចំពោះ​ប្រទេស​ហុង​គ្រី​»​។

​គួរ​បញ្ជាក់ថា លោកស្រី Colonna កំពុងស្ថិត​នៅក្នុង​ទីក្រុង​វី​ល​នី​ញូ​ស ដើម្បី​ចូលជួប​ជាមួយ​រដ្ឋមន្ត្រីការបរទេស​លី​ទុយ​អា​នី​លោក Gabrielius Landsbergis ដើម្បី​ពិភាក្សា​អំពី​កិច្ចប្រជុំ​កំពូល​របស់​អង្គការ​ណា​តូ​នាពេលខាងមុខ​នៅ​ទីក្រុង​វី​ល​នី​ញូ​ស នៅ​ថ្ងៃទី​១១ និង​១២ ខែកក្កដា​។ លោកស្រី​ក៏​គ្រោង​នឹង​ជួប​ជាមួយ​នាយករដ្ឋមន្ត្រី​លី​ទុយ​អា​នី​លោកស្រី Ingrida Simonyte និង​ទៅ​ទស្សនកិច្ច​កងទ័ព​បារាំង​ដែល​កំពុង​ដាក់ពង្រាយ​នៅក្នុង​បណ្ដា​ប្រទេស​នៅ​តំបន់​បាល់​ទិ​ក (Baltic) ដែលជា​ផ្នែក​មួយ​នៃ​បេសកកម្ម​ប៉ូលិស​ដែនអាកាស​របស់​អង្គការ​ណា​តូ​៕