ប្រធានាធិបតី​បេឡា​រុស លោក Alexander Lukashenko បាន​និយាយថា អាវុធ​នុយក្លេអ៊ែរ​យុទ្ធ​សាស្ត្រ​របស់​រុស្ស៊ី​អាច​នឹងត្រូវ​បានដាក់​ពង្រាយ​នៅក្នុង​ប្រទេស​បេឡា​​រុស រួមទាំង​ឃ្លាំង​អាវុធ​នុយក្លេអ៊ែរ​យុទ្ធសាស្ត្រ​របស់​រុស្ស៊ី​ទៀតផង​។​

​ការលើកឡើង​នេះ ស្របទៅនឹង​ការ​ថ្លែង​របស់​ធានា​ធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន (Vladimir Putin) ដែល​បានប្រកាស​ឱ្យដឹង​កាលពី​សប្ដាហ៍​មុន​ថា រុស្ស៊ី​គ្រោង​នឹងដាក់​ពង្រាយ​អាវុធ​នុយក្លេអ៊ែរ​រយៈ​ចម្ងាយ​ខ្លី​ដែលមាន​កម្លាំង​ផ្ទុះ​តូច នៅក្នុង​ប្រទេស​បេឡា​រុស​ដែលជា​ប្រទេសជិតខាង​របស់ខ្លួន​។​

​អាវុធ​នុយក្លេអ៊ែរ​យុទ្ធសាស្ត្រ ដូចជា​ក្បាល​គ្រាប់​មី​ស៊ី​ល ដែល​លោក Lukashenko បានលើកឡើង​ក្នុង​សុន្ទរកថា គឺជា​ការ​គំរាមកំហែង​កាន់តែខ្លាំង​ឡើង ប្រសិនបើ​ទីក្រុង​ម៉ូស្គូ​សម្រេច​បញ្ជូន​អាវុធ​ទាំងអស់នោះ​ទៅកាន់​ទឹកដី​បេឡា​រុស​ពិតមែន​។​


​គួរ​បញ្ជាក់ថា ទាំង​ប្រធានាធិបតី​បេឡា​រុស និង​ប្រធានាធិបតី​រុស្ស៊ី​តែងតែបាន​ចោទប្រកាន់ថា មហា​អំណាច​លោក ខាងលិច​មានបំណង​ចង់​កម្ទេច​ប្រទេស​រុស្ស៊ី និង​បេឡា​រុស​។​

​មេដឹកនាំ​បេឡា​រុស​រូបនេះ​បាន​លើកឡើងថា ៖ «​ប្រសិនបើ​ចាំបាច់ លោកពូ​ទីន និង​ខ្ញុំ នឹង​សម្រេច​ណែនាំ​អំពី​អាវុធ​យុទ្ធសាស្ត្រ​ហើយ​ពួកគេ​ត្រូវតែ​យល់​ឱ្យបាន​ច្បាស់​អំពី​រឿងនេះ​។ សព្វថ្ងៃនេះ​ជន​បោក​ប្រាស់​នៅ​បរទេស​ទាំងអស់នោះ​កំពុង​ព្យាយាម​បំផ្លាញ​ពួកយើង​»​។ លោក​បន្ថែមថា​៖​ «​យើង​នឹងធ្វើ​អ្វីៗ​គ្រប់យ៉ាង​ដើម្បី​ការពារ​ប្រទេស​របស់​យើង រដ្ឋ​របស់​យើង និង​ប្រជា​ជន​របស់​ពួកយើង​»​។​


​មេដឹកនាំ​រូបនេះ​បាន​បន្ថែម ថា លោក​មិន​ខ្លាច​ការដាក់ទណ្ឌកម្មរ​បស់​លោកខាងលិច​មក​លើ​ប្រ​ទេស​បេឡា​រុស​ទេ ដោយ​លោក​បាន​អះអាងថា ទីក្រុង​មីន​ស្កិ៍ (Minsk)​ ត្រូវបាន​បង្ខំ​ឱ្យធ្វើ​បែប​នេះ ពោលគឺ​ដោយសារតែ​សម្ពាធ​របស់លោក​ខាងលិច​ដែល​មិន​ធ្លាប់មាន​ពីមុនមក​។ លោក​ក៏បាន​ទទូចថា ការដាក់​ពង្រាយ​អាវុធ​នុយ​ក្លេ​អ៊ែរ​នេះ​មិនបាន​បំពាន​លើ​កិច្ច​ព្រមព្រៀង​អន្តរជាតិ​ឡើយ​។​

​លោក​ប្រធានាធិបតី Lukashenko ក៏បាន​បញ្ជាក់ដែរថា ទីក្រុង​មីន​ស្កិ៍ បាន​រៀបចំខ្លួន​រួចជាស្រេច ដើម្បី​ការពារ​អធិបតេយ្យភាព​របស់ខ្លួន​តាមរយៈ​មធ្យោបាយ​ណាមួយ​ដែល​ចាំបាច់ រួមទាំង​អាច​នឹង​ប្រើ​ប្រាស់​អាវុធ​នុយក្លេអ៊ែរ​ទៀតផង​ដែរ​។ លោក​បាន​អះអាងថា ការ​គាំ​ទ្រ​របស់លោក​ខាងលិច​ចំពោះ​ទីក្រុង​កៀវ​ (Kyiv)​ បាន​បង្កើន​លទ្ធភាព​ដ​ល់​ការផ្ទុះ​សង្គ្រាម​នុយ​ក្លេ​អ៊ែរ​បន្ថែម​ទៀតហើយ​កង​កម្លាំង​ពិសេស​របស់​បេឡា​រុស​កំពុង​ឈរ​ជើង​នៅតាម​ព្រំដែន​ភាគខាងត្បូង​ជាប់​នឹង​អ៊ុយ​ក្រែ​ន​ដើម្បី​ការពារ​ការបង្ក​ហេតុ​ណាមួយ​ដែល​អាច​កើតមានឡើង​។​

​យ៉ាងណាក៏ដោយ​លោក​បាន​អំពាវនាវ​ឱ្យមាន​បទ​ឈប់​បាញ់​ដោយ​គ្មាន​លក្ខខណ្ឌ​រវាង​រដ្ឋា​ភិ​​បាល​ក្រុង​ម៉ូស្គូ និង​រដ្ឋាភិបាល​ក្រុង​កៀវ​។ លោក​បាន​មានប្រសាសន៍ថា​៖ «​យើង​ត្រូវតែ​បញ្ឈប់​ឥឡូវនេះ មុនពេល​ជម្លោះ​កាន់តែខ្លាំង​ផ្ទុះ ឡើង​។ ខ្ញុំ​ស្នើឱ្យ​បញ្ចប់​ការសម្លាប់​គ្នា​បន្ថែមទៀត ហើយ​សុំឱ្យ​មានការ​បង្កើត​បទ​ឈប់​បាញ់​ឡើង​»​។​

​ប្រធានាធិបតី​ដែល​បាន​ឡើងកាន់​អំណាច​ចាប់តាំងពី​ឆ្នាំ​ ១៩៩៤ រូបនេះ​បាន​បន្ថែមថា​៖ «​ការកសាង​ទឹកដី​ឡើងវិញ សន្តិសុខ និង​បញ្ហា​ទាំងអស់​គួរតែ​ត្រូវបាន​ដោះស្រាយ​នៅលើ​តុ​ចរចា​ដោយ​គ្មាន​លក្ខ​ខណ្ឌ​»​។

​លោក​បន្តថា ៖ «​ជាល​ទ្ធ​ផល​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​សហរដ្ឋអាមេរិក និង​ផ្កាយរណប​របស់​ពួកគេ​បាន​បង្ក​ឱ្យ​កើតមាន​សង្គ្រាម​ទ្រង់ទ្រាយ​ធំ​មួយ​ផ្ទុះឡើង ហើយ​សង្គ្រាមលោកលើកទី ​៣ ជាមួយនឹង​ភ្លើង​អាវុធ​នុយក្លេអ៊ែរ កំពុងតែ​ឈាន​ជិត​មកដល់​»​។​

​ដោយឡែក វិមាន​ក្រឹម​ឡាំង​បាន​បដិសេធ​ការអំពាវនាវ​របស់លោក​ Lukashenko កាលពី​ថ្ងៃ​សុក្រ ដែលថា ចង់ឱ្យមាន​សន្តិភាព​ឡើងវិញ​។ នេះ​បើ​យោង​តាម​ការលើកឡើង​រប​ស់​អ្នក​នាំ​ពាក្យ​រុស្ស៊ី​លោក ឌី​មី​ទ្រី ប៉េ​ស្កូវ​ (Dmitry Peskov)​។

អ្នក​នាំ​ពាក្យ​រូបនេះ​បាន​និយាយថា​៖ «​គ្មានអ្វី​ផ្លាស់ប្តូរ​នៅក្នុង​បរិបទ​អ៊ុយ​ក្រែ​ន​នោះទេ ហើយ​ប្រតិបត្តិ​ការ​យោធា​ពិសេស​នឹង​នៅតែ​បន្ត ព្រោះនេះ​ជា​មធ្យោបាយ​តែ​ ១ ​គត់​ដើម្បី​សម្រេចបាន​គោលដៅ​ដែល​រុស្ស៊ី​មាន​សព្វថ្ងៃ​»​។​

​គួរឱ្យ​ដឹង​ដែរ​ថា ប្រទេស​បេឡា​រុស​បាន​អនុញ្ញាតឱ្យ​កងកម្លាំង​រុស្ស៊ី​ប្រើប្រាស់​ទឹកដី​របស់ខ្លួន​ជា​កន្លែង​ឈរជើង​ដើម្បី​បាញ់​បង្ហោះ​គ្រាប់​​មី​ស៊ី​ល និង​ធ្វើការ​វាយលុក​ទៅកាន់​ប្រទេស​អ៊ុយ​ក្រែ​ន ប៉ុន្តែ​រហូតមក​ដល់ពេលនេះ​ប្រធានាធិបតី​បេ​ឡា​រុស​តែងតែបាន​បដិសេធ​មិន​បញ្ជូន​កងទ័ព​របស់​ខ្លួន​ទៅកាន់​ព្រំដែន​អ៊ុយ​ក្រែ​ន​ទេ​៕