ប្រទេស​ហ្វាំងឡង់​ ក្លាយជា​សមាជិក​ទី៣១​ នៃ​អង្គការ​ណាតូ​នៅ​ថ្ងៃ​អង្គារនេះ​ នៅ​ក្នុង​ការផ្លាស់​ប្តូរ​យុទ្ធសាស្ត្រ​ជា​ប្រវត្តិ សាស្ត្រ​ដែល​បង្កឡើង​ដោយ​សង្រ្គាម​របស់​ទី​ក្រុង​ម៉ូស្គូ​លើ​អ៊ុយក្រែន ដែលធ្វើ​ឱ្យ​ព្រំដែន​សម្ព័ន្ធមិត្ត​ដឹកនាំ​ដោយ អាមេរិក​ជា​មួយ​រុស្ស៊ី​កើន​ឡើង​ទ្វេដង​។

កាល​ពី​ឆ្នាំ​មុន ការ​លុកលុយ​ពេញទំហឹង​របស់​វិមាន​ក្រឹមឡាំង​ទៅ​លើ​អ៊ុយក្រែន ​បាន​ធ្វើឱ្យ​​ទិដ្ឋភាព​សន្តិសុខ​របស់​អឺរ៉ុប ក្រឡាប់ចាក់ និង​បាន​ជំរុញឱ្យ​ប្រទេស​ហ្វាំងឡង់​ និង​ស៊ុយអែត​ប្រទេស​ជិត​ខាង​ ទម្លាក់​ចោល​ការ​មិន​ចូល​បក្ស​សម្ព័ន្ធ​រាប់​ទសវត្សរ៍​ហើយ​នោះ។

សម្ព័ន្ធមិត្ត​ថ្នាំងថ្នាក់​មាន​តូកគី និង​ហុងគ្រី សម្រាប់​ហេតុ​ផលផ្សេង​គ្នា​រៀងៗខ្លួន ​បាន​ពន្យារ​ពេល​កិច្ចខិត​ខំ​ប្រឹងប្រែង​របស់​ប្រទេស​ហ្វាំងឡង់ ដើម្បី​មក​នៅ​ក្រោមឆ័ត្រ​របស់​អង្គការណាតូ ​ហើយការ​រីកច​ម្រើន​របស់​ទីក្រុង​ Stockholm ​នៅតែ​ត្រូវ​បាន​គេ​រារាំង​។


ប៉ុន្តែ​កាលពី​សប្តាហ៍មុន សភា​តួកគី​បា​នបោះឆ្នោត ​ដើម្បី​ជម្រះ​ឧបសគ្គ​ចុ​ងក្រោយ​របស់​ប្រទេស​ហ្វាំងឡង់​។

ការ​បញ្ចប់ការ​ផ្តល់​សច្ចាប័ន​ក្នុង​រយៈពេល ១ឆ្នាំ​ នៅតែធ្វើឱ្យ​ដំណើរ​ការ​សមាជិក​ភាព​លឿន​បំផុត​ នៅ​ក្នុង​ប្រវត្តិសាស្រ្តថ្មីៗ​របស់​សម្ព័ន្ធ​មិត្ត។


អ្វី​ដែល​នៅ​សេស​សល់​នោះ​ គឺ​ជា​ភាព​ត្រឹម​ត្រូវ​តាម​ច្បាប់ត្រូវ​បាន​រៀបចំ​យ៉ាង​ច្បាស់លាស់​នៅ​ថ្ងៃ​អង្គារ​នេះ​ នៅ​ទីស្នាក់​ការ​អង្គការ​ណាតូ​។

រដ្ឋមន្ត្រីការបរទេសហ្វាំងឡង់ នឹងប្រគល់ឯកសារចូលជាធរមានជាផ្លូវការដល់រដ្ឋមន្ត្រីការបរទេសអាមេរិកលោក អង់តូនី​ ប្លីង​កែន ជា​អ្នករក្សា​សន្ធិ​សញ្ញា​បង្កើត​អង្គការ​ណាតូ​។

បន្ទាប់មក ទង់ជាតិពណ៌ខៀវ-សរបស់ប្រទេសនេះ នឹងត្រូវលើកឡើងនៅជាប់នឹងសម្ព័ន្ធមិត្តថ្មីរបស់ខ្លួន រវាងប្រទេសអេស្តូនី និងបារាំង នៅពីមុខទីស្នាក់ការកណ្តាលដ៏ភ្លឺស្វាង នៅទីក្រុងប្រ៊ុចសែល។

អគ្គលេខាធិការអង្គការ​ណាតូ លោក ​ជេន​ ស្តូល​ថេនប៊ឺក​ បាន​និយាយថា៖«នេះ​ពិតជា​ថ្ងៃ​ប្រវត្តិ​សាស្ត្រ​។​ វាជា​ថ្ងៃ​ដ៏​អស្ចារ្យ​សម្រាប់​សម្ព័ន្ធ​មិត្ត​នេះ​»៕