​មន្ត្រី​​តាលីបង់​​ម្នាក់​​បាន​ឱ្យ​ដឹង​​​​ថា​ ស្ថានីយវិទ្យុ​​ដែល​​គ្រប់​គ្រង​​ដោយ​​ស្ត្រី​​​​នៅ​​ភាគ​​ឦសាន​​នៃ​​ប្រទេស​​អាហ្វហ្គានី​ស្ថាន​ ត្រូវ​បាន​បិទ​កាល​ពី​សប្ដាហ៍​មុន​​ ដោយ​សារ​តែ​វិទ្យុ​នោះចាក់​បទ​ចម្រៀង​ក្នុង​​អំឡុង​​​​បុណ្យ​​រ៉ាម៉ាដាន​។


វិទ្យុ​ ​Sadai Banowan​​ (​សំឡេង​​​ស្ត្រី​​ជា​ភាសា​​​ Dari) ​គឺ​ជា​ស្ថានីយ​​វិទ្យុ​​គ្រប់​គ្រង​ដោយ​ស្ត្រី​តែ ១​ គត់​របស់​​អា​ហ្វហ្គានីស្ថាន​​ ដែល​ចាប់​ផ្ដើម​ដំណើរ​ការ​កាល​ពី​​ ១០ ឆ្នាំ​មុន​។ ​វិទ្យុ​នេះ​មាន​បុគ្គលិក​ ៨​ នាក់​ ក្នុង​នោះ ​៦ នាក់​ជា​ស្រ្តី​​។


​លោក​ Moezuddin Ahmadi ​នាយក​ផ្នែក​ព័ត៌មាន​ និង​វប្បធម៌​ក្នុង​ខេត្ត​ Badakhshan ​របស់​ក្រុម​តាលីបង់​ បាន​និយាយ​ថា​ វិទ្យុ​ ​SadaiBanowanបាន​​​រំលោភ​លើ​ «​ច្បាប់ ​និង​បទ​ប្បញ្ញត្តិ​របស់​អ៊ិស្លាម​អេមីរ៉ាត​»​ ជា​ច្រើន​ដង​ដោយ​ការ​ចាក់​​ផ្សាយ​បទ​ចម្រៀង​​ក្នុង​អំឡុង​​បុណ្យ​រ៉ាម៉ាដន​ ហើយ​​ត្រូវ​​បិទ​ដោយ​សារ​តែ​ការ​រំ​លោភ​បំពាន​នេះ​។


លោក​ ​​Ahmadi ​បាន​និយាយ​ថា​​៖ «​ប្រសិន​បើ​ស្ថានីយវិទ្យុ​នេះ​ ទទួល​យក​គោល​នយោបាយ​របស់​រដ្ឋ​អ៊ិស្លាម​អេមីរ៉ាត​អាហ្វហ្គានីស្ថាន​ ហើយ​ផ្តល់​ការ​ធានា​ថា​ នឹង​មិន​ធ្វើ​រឿង​បែប​នេះ​ម្តង​ទៀត​ទេ​ យើង​នឹង​អនុញ្ញាត​ឱ្យ​វា​បើក​ដំណើរការ​ឡើង​វិញ​»។​


យ៉ាង​ណា​មិញ​ ​ប្រធាន​ស្ថានីយ លោក​ស្រី​​ NajiaSorosh​បាន​បដិសេធ​ថា​ វិទ្យុ​មិន​​បាន​​រំលោភ​បំពាន​​អ្វី​នោះ​​ទេ​ ​ហើយ​ហៅ​ការ​បិទ​ថា​ ជា​ផែនការ​របស់​ពួក​តាលីបង​​។ លោក​ស្រី​​និយាយ​ថា​ ពួក​តាលីបង់​បាន​ប្រាប់​ថា​​ វិទ្យុ​បាន​ចាប់​បទ​ចម្រៀង​ ប៉ុន្តែ​ ​«​យើង​​មិន​​បាន​​ចាក់​​ផ្សាយ​​​ចម្រៀង​​ប្រភេទ​​ណា​​នោះ​​ទេ​»​។

​​​យោង​តាម​សមាគម​អ្នក​កាសែត​ឯករាជ្យ​អាហ្វហ្គានីស្ថាន​ ​អ្នក​សារព័ត៌មាន​ជា​ច្រើន​បាន​បាត់​បង់​ការងារ​បន្ទា​ប់​ពី​ពួក​តាលីបង់​ចូល​កាន់​កាប់​ប្រទេស​ក្នុង​ខែ​សីហា​ឆ្នាំ​ ២០២១​។ ​ស្ថាប័ន​​ប្រព័ន្ធ​ផ្សព្វ​ផ្សាយមួយ​ចំនួន​​ បាន​បិទ​ដោយ​សារ​តែ​ខ្វះ​មូលនិធិ​ ឬ​ដោយ​សារ​តែ​បុគ្គលិក​ធ្វើ​ការ​ចាក​ចេញ​ពី​ប្រទេស​។

ចំណែក​ឯ​អ្នក​សារព័ត៌មាន​ក្នុង​ស្រុក​អាហ្វហ្គានីស្ថាន​ ដែល​បដិសេធ​មិន​គោរព​តាម​គោល​នយោបាយ​របស់​ពួក​តាលី បង់​ ត្រូវ​បាន​ចាប់​ខ្លួន​ ហើយ​ខ្លះ​រង​ការ​រំលោភ​បំពាន​ និង​ធ្វើ​ទារុណ​កម្ម​ក៏​មាន​។ ​កន្លង​មក​ តាលីបង់​បាន​បិទ​សិទ្ធិ​ស្រ្តី​ពី​ការ​ងារ​ជា​ច្រើន​ រួម​ទាំង​មិន​ឱ្យ​ចូល​រៀន​លើស​ពី​ថ្នាក់​ទី​៦​ និង​សាកល​វិទ្យាល័យ​ផង​ដែរ​។ យ៉ាង​ណា​មិញ​ មិន​​មាន​ការ​ហាម​ឃាត់​មិន​ឱ្យ​ស្ដាប់​ចម្រៀង​ជា​ផ្លូវការ​នោះ​ទេ​៕