អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានលើកឡើងថា នៅថ្ងៃទី៤ ខែមេសា ប្រទេសហ្វាំងឡង់ ក្លាយជាសមាជិកទី៣១ នៃអង្គការសម្ព័ន្ធមិត្តយោធាដ៏ធំបំផុតនៅលើពិភពលោក។ ការណ៍នេះ បានជំរុញឱ្យរុស្ស៊ីធ្វើការព្រមានថា ខ្លួននឹងពង្រឹងការការពារនៅតាមព្រំដែនបន្ថែមទៀត ប្រសិនបើអង្គការណាតូហ៊ានដាក់ពង្រាយកងទ័ពទៅក្នុងប្រទេសសមាជិកថ្មីនេះ។
លោក Stoltenberg បានប្រាប់អ្នកសារព័ត៌មាននៅមុនថ្ងៃនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមកពីបណ្ដាប្រទេសសមា ជិកអង្គការណាតូនៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្ស៊ិកថា «សប្តាហ៍នេះនឹងក្លាយជាព្រឹត្តិការណ៍ ប្រវត្តិសាស្ត្រ»។
លោកបន្តថា «ចាប់ពីថ្ងៃអង្គារទៅ ប្រទេសហ្វាំងឡង់នឹងក្លាយជាសមាជិកពេញលេញនៃអង្គការសម្ព័ន្ធភាពណាតូ»។ លោកក៏បានសង្ឃឹមផងដែរថា ប្រទេសស៊ុយអែតនឹងអាចចូលជាសមាជិកអង្គការណាតូនៅប៉ុន្មានខែខាងមុខនេះ។
នៅរសៀលថ្ងៃអង្គារ អតីតនាយករដ្ឋមន្ត្រីប្រទេសន័រវែស បានថ្លែងថា «យើងនឹងលើកទង់ជាតិរបស់ប្រទេសហ្វាំងឡង់ជាលើកដំបូងនៅទីនេះ គឺទីស្នាក់ការអង្គការណាតូ។
វានឹងក្លាយជាថ្ងៃដ៏ល្អមួយសម្រាប់សន្តិសុខរបស់ប្រទេសហ្វាំងឡង់ សន្តិសុខប្រទេសក្នុងតំបន់ណ័រឌិក (Nordic countries) និងដើម្បីអង្គការណាតូទាំងមូល។
អគ្គលេខាធិការអង្គការណាតូ ក៏បានរំលេចដែរថា «ប្រទេសតួកគីដែលជាប្រទេសចុងក្រោយដែលបានផ្តល់សច្ចាប័នលើសមាជិកភាពរបស់ប្រទេសហ្វាំងឡង់ នឹងប្រគល់លិខិតផ្លូវការរបស់ខ្លួនជូនរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក អង់តូនី ប្ល៊ីនកែន (Antony Blinken) នៅថ្ងៃអង្គារនេះ។
លោក Stoltenberg ក៏បានបញ្ជាក់បន្ថែមដែរថា លោកនឹងធ្វើការអញ្ជើញភាគីហ្វាំងឡង់ឱ្យធ្វើដូចគ្នាផងដែរ។ គួរដឹងដែរថា ប្រធានាធិបតីប្រទេសហ្វាំងឡង់ លោក Sauli Niinistö រដ្ឋមន្ត្រីក្រសួងការពារជាតិលោក Antti Kaikkonen និង រដ្ឋមន្ត្រីក្រសួងការបរទេស លោក PekkaHaavisto ក៏នឹងចូលរួមក្នុងពិធីនេះជាមួយគ្នាផងដែរ។
«វាគឺជាពេលវេលាក្នុងប្រវត្តិសាស្ត្រមួយសម្រាប់ពួកយើង។ សម្រាប់ប្រទេសហ្វាំងឡង់ គោលបំណងដ៏សំខាន់បំផុតនៅក្នុងកិច្ចប្រជុំនេះ គឺដើម្បីបញ្ជាក់ពីការគាំទ្ររបស់អង្គការណាតូទៅកាន់ប្រទេសអ៊ុយក្រែនដែលរុស្ស៊ី កំពុងបន្តធ្វើការឈ្លានពានដោយខុសច្បាប់»។ នេះជាប្រសាសន៍របស់លោក Haavisto ដែលបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយ។
លោកបានបញ្ជាក់បន្ថែមថា៖«យើងនឹងធ្វើគ្រប់មធ្យោបាយដើម្បីលើកកម្ពស់ស្ថិរភាព និងសន្តិសុខនៅទូទាំងតំបន់អឺរ៉ុប និងអាមេរិកខាងជើង ឬហៅថាតំបន់អឺរ៉ូអាត្លង់ទិក(Euro-Atlantic)។
យ៉ាងណាក៏ដោយ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Alexander Grushko បានព្រមានថា «ទីក្រុងម៉ូស្គូនឹងឆ្លើយតបទៅនឹងការដែលប្រទេសហ្វាំងឡង់បានក្លាយជាសមាជិករបស់អង្គការណាតូ តាមរយៈការពង្រឹងប្រព័ន្ធការពាររបស់ខ្លួនបន្ថែមទៀត ប្រសិនបើកាលៈទេសៈចាំបាច់ឈានមកដល់»។
លោក Grushko បានថ្លែងនៅក្នុងសុន្ទរកថាដែលធ្វើឡើងដោយទីភ្នាក់ងារ ព័ត៌មានរុស្ស៊ីមួយឈ្មោះថា RIA Novosti ថា «យើងនឹងពង្រឹងសក្តានុពលយោធារបស់យើងនៅភាគខាងលិច និងនៅភាគពាយ័ព្យ។
ក្នុងករណីដែលអង្គការណាតូដាក់ពង្រាយកងកម្លាំងរបស់ពួកគេនៅលើទឹកដីប្រទេសហ្វាំងឡង់ យើងនឹងចាត់វិធានការបន្ថែមទៀត ដើម្បីអាចធានាបាននូវសន្តិសុខយោធារបស់រុស្ស៊ី»។
គួរកត់សម្គាល់ថា នាយករដ្ឋមន្ត្រីឆ្វេងនិយម លោកស្រី សាន ម៉ារីន (Sanna Marin) បានទទួលជោគជ័យក្នុងការដែលបានដឹកនាំប្រទេសហ្វាំងឡង់ឱ្យចូលជាសមាជិកអង្គការណាតូ ប៉ុន្តែលោកស្រីបានបាត់បង់ឱកាសក្នុងការបន្តដឹកមួយអាណត្តិទៀតដោយបានចាញ់ឆ្នោតកាលពីចុងសប្តាហ៍កន្លងទៅ ប៉ុន្តែការចូលជាសមាជិកអង្គការណាតូទទួលបានការគាំទ្រទូទាំងប្រទេស ហើយក៏មិនត្រូវបានគេមើលឃើញថាជាមូលហេតុនៃការចាញ់ឆ្នោតរបស់លោកស្រីនោះទេ។
កន្លងមកសម្ព័ន្ធមិត្តទាំង ៣០ប្រទេសរបស់អង្គការណាតូ បានចុះហត្ថលេខាលើពិធីសារសុំចូលជាសមាជិករបស់ហ្វាំងឡង់ និងស៊ុយអែត រួចមកហើយ ប៉ុន្តែប្រទេសតួកគី និងប្រទេសហុងគ្រីបានពន្យារពេលដំណើរការពិធីសារនោះអស់ជាច្រើនខែ តែទីបំផុតក៏បានអនុញ្ញាតឱ្យប្រទេសហ្វាំងឡង់ចូលជាសមាជិកបានសម្រេច។
ប្រទេសតួកគីតែងតែបានស្វែងរកការធានាពីសំណាក់ប្រទេសទាំង២ ជាពិសេសលើការដោះស្រាយបញ្ហាជ្រុលនិយមនៅក្នុងប្រទេសរបស់ពួកគេ។ ដោយឡែក ប្រទេសហុងគ្រី ហាក់ដូចជាមិនបានលើកឡើងឱ្យបានច្បាស់ពីការទាមទាររបស់ខ្លួននោះទេ។
ជាគោលការណ៍ ការចូលជាសមាជិកថ្មីរបស់អង្គការណាតូ គឺតម្រូវឱ្យមានការយល់ព្រមជាឯកច្ឆន្ទពីសមាជិកទាំងអស់ ហើយសមាជិកភាគច្រើនមានបំណងចង់ឱ្យប្រទេសស៊ុយអែត ចូលជាសមាជិកឱ្យបានមុនពេល ដែលប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) និងសមភាគីសម្ព័ន្ធមិត្ត រៀបចំកិច្ចប្រជុំកំពូលនៅរដ្ឋធានីវីលនីញូស (Vilnius) ប្រទេសលីទុយអានី នៅថ្ងៃទី១១ និងទី១២ ខែកក្កដាខាងមុខនេះ។
លោក Stoltenberg បានលើកឡើងថា «ស៊ុយអែត មិនត្រូវបានទុកឱ្យនៅម្នាក់ឯងនោះទេ ហើយស៊ុយអែត ជាប្រទេសដែលមានភាពជិតស្និទ្ធដូចទៅនឹងសមាជិកពេញសិទ្ធិរបស់អង្គការណាតូទៅហើយ»។ បន្ថែមលើនេះ លោកក៏បានជំរុញឱ្យប្រទេសតួកគីផ្តល់សច្ចាប័នលើពិធីសារចូលជាសមាជិករបស់ប្រទេសនេះឱ្យបានឆាប់រហ័សផងដែរ៕