ការវាយប្រហារ​ផ្លូវអាកាស​របស់​អ៊ី​ស្រា​អែលបានកំណត់​គោលដៅ​ទៅលើ​រដ្ឋធានី​ដា​ម៉ាស​នៃ​ប្រទេស​ស៊ី​រី​ កាលពី​ថ្ងៃ​អង្គារ ជាការ​វាយប្រហារ​លើក​ទី​៤ ទៅលើ​តំបន់​ដែល​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​នៃ​ប្រទេស​ដែលហែកហួរដោយ​សង្គ្រាម​នេះ ចាប់​តាំង​ពីថ្ងៃ​ព្រហស្បតិ៍ សប្តាហ៍​មុន​។​

​ក្នុងអំឡុងពេល​ជាង ​១​ ទសវត្សរ៍​នៃ​សង្គ្រាមស៊ីវិល​នៅក្នុង​ប្រទេស​ស៊ី​រី អ៊ី​ស្រា​អែល​បាន​បើក​ការវាយប្រហារ​ផ្លូវអាកាស​រាប់រយ​ដង​ទៅលើ​ទឹក​ដី​ស៊ី​រី ដោយ​ផ្តោត​សំខាន់​ទៅលើ​កងកម្លាំង​គាំទ្រ​ដោយ​អ៊ី​រ៉ង់ និង​ក្រុម​សកម្មប្រយុទ្ធ​ហេស​បូ​ឡា​លី​បង់ និង​ទីតាំង​ឈរជើង​របស់​កងទ័ព​ស៊ី​រី​។​

​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ SANA បាន​និយាយថា​៖ ប្រព័ន្ធ​ការពារ​ដែន​អាកាស​របស់​យើង បាន​ស្ទាក់ចាប់​គោលដៅ​អរិភាព​នៅក្នុង​ដែន​អា​កាស​ទីក្រុង​ដា​ម៉ាស ដោយ​សំដៅ​ទៅលើ​មី​ស៊ី​ល​របស់​អ៊ី​ស្រា​អែល។​


​ទីភ្នាក់ងារ​នេះ បាន​រាយការណ៍​ថា​៖ «​ការផ្ទុះ​មួយ​ត្រូវ​បានឮ​នៅក្នុង​តំបន់​ជុំវិញ​ទីក្រុង​ដា​ម៉ាស​»​។​

​ក្រុម​ឃ្លាំមើល​សិទ្ធិមនុស្ស​ស៊ី​រីបាន​និយាយថា​៖ «​មី​ស៊ី​លអ៊ី​ស្រា​អែល បានកំណត់​គោលដៅ​លើ​តំបន់​អាកាសយានដ្ឋាន​អន្តរជាតិ​ដា​ម៉ាស បរិវេណ​អ៊ី​រ៉ង់​នៅ​ជិត​តំបន់ Sayyidah Zeinab និង​ទីតាំង​ ​១ ​ទៀត​នៅក្នុង​ទីក្រុង alKiswah​។​


​ក្រុម​ឃ្លាំមើល​នោះ បាន​បន្ថែមថា ប្រព័ន្ធ​ការពារ​ដែនអាកាស​រប​ស់​ប្រទេស​ស៊ី​រី បាន​ស្ទាក់ចាប់​មី​ស៊ី​ល​យ៉ាងតិច ​២ ​គ្រាប់​។​

​កាលពី​ថ្ងៃអាទិត្យ ក្រុម​សកម្ម​ប្រយុទ្ធ​ដែលមាន​សម្ព័ន្ធភាព​ជាមួយ​អ៊ី​រ៉ង់​ ២ ​នាក់ ត្រូវបាន​សម្លាប់​នៅក្នុង​ការវាយប្រហារ​ផ្លូវអាកាស​របស់​អ៊ី​ស្រា​អែលទៅលើ​គោលដៅ​នានា​ក្នុងប្រទេស​ស៊ី​រី​។ នេះ​បើ​យោងតាម​ក្រុម​ឃ្លាំមើល​ដែលមាន​មូលដ្ឋាន​នៅ​ចក្រភព​អង់គ្លេស​ជាមួយនឹង​បណ្តាញ ជាច្រើន​នៅក្នុង​ប្រទេស​ដោយ SANA បាន​រាយការណ៍​ថា ទាហាន​ស៊ី​រី ៥ ​នាក់ បាន​រងរបួស​។​

​អ៊ី​ស្រា​អែល បាន​វាយប្រហារ​នៅ​ព្រឹក​ថ្ងៃអាទិត្យ នៅ​ជិត​ទីក្រុង​ហូ​ម​ស៍ ភាគ​ខាងលិច​ប្រទេស​ស៊ី​រី ក្រោយពី​វាយប្រហារ​រដ្ឋធានី​ស៊ី​រី កាលពី​ថ្ងៃ​​ព្រហស្បតិ៍ និង​ព្រឹក​ថ្ងៃ​សុក្រ​។​

​ការ​បំផ្ទុះ​គ្រាប់បែក​ក្នុង​រថយន្ត​ដ៏​កម្រ​មួយ បានធ្វើឱ្យ​កក្រើក​ទីក្រុង​ដា​ម៉ាស​កាលពី​ថ្ងៃអាទិត្យ ដោយ​មិនមាន​អ្នកស្លាប់ និង​គ្មាន​ភាគី​ណា ​១ ទទួលខុសត្រូវ​ឡើយ​៕