​អង្គការសហប្រជាជាតិ (​អ​. ស​.​ប​.) បាន​ប្រាប់​បុគ្គលិក​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​ប្រហែល ៣ ៣០០​ នាក់ ឱ្យនៅ​ផ្ទះ ហើយ​ផ្អាក​ធ្វើការ​រយៈពេល ​២ ​ថ្ងៃ បន្ទាប់ពី​អាជ្ញាធរ​តា​លី​បង់​បានផ្តល់​សញ្ញា​កាលពី​ថ្ងៃ​អង្គា​រថា ពួកគេ​នឹង​អនុវត្ត​ការហាមឃាត់​មិនឱ្យ​ស្ដ្រី​របស់​ស្ថាប័ន​នេះ​ធ្វើការ​។

​អ្នកនាំពាក្យ​អ​.​ស​.​ប​. លោក ស្តេ​ហ្វិ​ន ឌូ​ចារិក ​(Stephane Dujarric) បាន​ប្រាប់​អ្នកយក​ព័ត៌មាន​នៅ​ទីក្រុង​ញូវយ៉ក​នៅ​ថ្ងៃ​អង្គារ​ទី​ ៤ ខែមេសា​ថា មន្ត្រី អ​.​ស​.​ប​.​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​ «​បានទទួល​ពាក្យ​បញ្ជា​ដោយ​អាជ្ញាធរ ​(​តា​លី​បង់​)​ ផ្ទាល់ ដែល​ហាមឃាត់​បុគ្គលិក​ជាតិ​ជា​ស្ត្រី​នៃ អង្គការសហប្រជាជាតិ​មិនឱ្យ​ធ្វើ​ការ​»​។ នេះ​បើតាម​ការ​ស្រង់​សម្ដី​របស់​ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រ​។

​លោក ឌូ​ចារិក បាន​និយាយថា​អ​.​ស​.​ប​. កំពុង​ពិនិត្យមើល​ផល​ប៉ះពាល់ ហើយនឹង​ជួប​ជាមួយ​មន្ត្រី​ក្រសួងការបរទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​នៅ​ទីក្រុង​កា​ប៊ុល​នា​ថ្ងៃ​ពុធ ដើម្បី​ស្វែងរក​ភាពច្បាស់លាស់​បន្ថែមទៀត​។​


​បច្ចុប្បន្ននេះ ស្ត្រី​អា​ហ្វ​ហ្គា​នី​ស្ថាន​ប្រមាណ ៤០០​ នាក់ កំពុង​បម្រើ​ការឱ្យ​អ​.​ស​.​ប​.​។ ប្រភព​ ២ ​រូប​ពី​អ​.​ស​.​ប​. បាន​ប្រាប់​រ៉​យ​ទ័​រថា ការ​បារម្ភ​លើ​ការអនុវត្ត​ច្បាប់​បាន​ជំរុញ​ឱ្យ​អង្គការ​សុំឱ្យ​បុគ្គលិក​ទាំងអស់ ទាំងប្រុស​ទាំងស្រី កុំ​ឱ្យមក​ធ្វើការ​រយៈពេល​៤៨​ម៉ោង ពោលគឺ​នៅ​ថ្ងៃ​ពុធ និង​ព្រហស្បតិ៍​។ ថ្ងៃ​សុក្រ និង​ថ្ងៃ​សៅរ៍ ជាធម្មតា​ជា​ថ្ងៃ​ចុង​សប្តាហ៍​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​ដែល​មានន័យថា បុគ្គលិក​របស់​អ​.​ស​.​ប​. នឹង​ចូលធ្វើការ​វិញ​នៅ​ថ្ងៃអាទិត្យ​។

​កាលពី​ព្រឹក​ថ្ងៃ​អង្គារ បេសកកម្ម​របស់​អង្គការសហប្រជាជាតិ​ប្រចាំ​អា​ហ្វ​ហ្គា​នី​ស្ថាន​ (UNAMA)​ បាន​សម្តែង​ការព្រួយបារម្ភ​ថា បុគ្គលិក​ជា​ស្ត្រី​នៅក្នុង​ខេត្ត​ Nangarhar ត្រូវបាន​បញ្ឈប់​មិនឱ្យ​ទៅធ្វើ​ការ​។​


​អគ្គលេខាធិការ​អង្គការ​សហ​ប្រជាជាតិ​លោក អង់​តូ​នី​ញ៉ូ ហ្គុ​យ​​តឺ​រេ​សបាន​ថ្កោលទោស​ការអនុវត្ត​បម្រាម​លើ​ស្ត្រី​នៅ​ខេត្ត​ភាគ​ខាង​កើត​មួយ​នេះ ដោយ​បង្ហោះ​សារ​នៅលើ​បណ្ដាញ​សង្គម​ធ្វី​ត​ធើ​រថា​៖ «​ប្រសិនបើ​វិធានការ​នេះ​មិន​ត្រូវបាន​ផ្លាស់ប្តូរ​ទេនោះ វា​នឹង​ធ្វើឱ្យ​ខូច​សមត្ថភាព​របស់​យើង​ក្នុងការ​ផ្តល់ជំនួយ​សង្គ្រោះ​ជីវិត​ដល់​ប្រជាជន​ដែល​ត្រូវការ​វា​ដោយ​ចៀស​មិន​រួច​»​។​

​បន្ថែម​ពីលើ​នេះ លោក ឌូ​ចារិក បាន​និយាយថា បុគ្គលិក​ជា​ស្ត្រី​របស់​អង្គការ​មាន​ភាពចាំបាច់​ណាស់​ក្នុងការ​ផ្តល់ជំនួយ​សង្គ្រោះ​ជីវិត ហើយ​បន្ថែមថា មនុស្ស​ប្រហែល​ ២៣ ​លាន​នាក់​ដែល​ច្រើនជាង​ពាក់កណ្តាល នៃ​ចំនួន​ប្រជាជន​អា​ហ្វ​ហ្គា​នី​ស្ថាន កំពុង​ត្រូវការ​ជំនួយ​មនុស្សធម៌​។​

​ជុំវិញ​បញ្ហា​ដដែល​នេះ​គេ​មិនឃើញ​មាន​រដ្ឋបាល​របស់​ពួក​តា​លី​បង់​ចេញ​ការបកស្រាយ​យ៉ាងណាទេ ខណៈ​នាពេល​កន្លងមក​ស្ត្រី​ត្រូវបាន​ហាមឃាត់​មិនឱ្យ​ធ្វើការ​ជាច្រើន​មុខ​ក៏ដូចជា​មិនឱ្យ​ចូលរៀន​នៅ​សាកលវិទ្យាល័យ​ជាដើម​។ តា​លី​បង់ ដែល​ឡើងកាន់​អំណាច​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​ក្នុង​ខែសីហា ឆ្នាំ​ ២០២១ ចេញ​ការ​រឹតត្បិត​សិទ្ធិ​ស្ត្រី ដោយ​អនុលោម​តាម​ការ​បកស្រាយ​ច្បាប់​អ៊ិ​ស្លា​មយ៉ាង​តឹងរ៉ឹង​របស់ខ្លួន​។

​គួររំឭកថា កាលពី​ខែធ្នូ អាជ្ញាធរ​តា​លី​បង់​បាន​បញ្ឈប់​បុគ្គលិក​ជា​ស្ត្រី​ដែល​ធ្វើការ​ខាង​ជំនួយ​មនុស្ស​ធម៌​ភាគច្រើន​មិនឱ្យ​ធ្វើការ ដែល​ធ្វើឱ្យមាន​ការលំបាក​បន្ថែ​ម​ទៀត​ក្នុងការ​ផ្ដល់ជំនួយ​ជាពិសេស​ស្ត្រី និង​អាច​នាំឱ្យ​ម្ចាស់​បិទ​ការផ្តល់​មូលនិធិ​។

​យ៉ាងណាមិញ​ការ​រឹតបន្តឹង​កាល​​ពី​លើក​នោះ មិនបាន​អនុវត្ត​ចំពោះ​អ​.​ស​.​ប​. និង​អង្គការ​អន្តរជាតិ​មួយចំនួនទៀត​ទេ​៕