ថ្ងៃទី​​ ៤ ខែមេសា ឆ្នាំ​ ២០២៣​ អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ ឬ​ហៅ​កាត់​ថា IMF​ បាន​លើកឡើងថា វិបត្តិ​ធនាគារ​នៅ​សហរដ្ឋ​អា​មេ​រិ​ក និង​អឺរ៉ុប​នាពេល​ថ្មីៗ​នេះ​អាច​នឹង​រីក​រាលដាល​ដល់​ស្ថាប័ន​មិនមែន​ធនាគារ​សំខាន់ៗ​ដូចជា មូលនិធិ​សោធន​និវត្តន៍ ក៏ដូចជា​អាច​ជំរុញឱ្យមាន​ភាពស្មុគស្មាញ​កាន់តែខ្លាំង​ដល់​ការប្រយុទ្ធ​ប្រឆាំងនឹង​អតិ​ផ​​រណា​របស់​ធនាគារកណ្តាល​នៅតាម​បណ្ដា​ប្រទេស​នានា​។​

​អ្នកជំនាញ​សេដ្ឋកិច្ច​របស់​អង្គ​ការ ​IMF បានលើកឡើង​នៅក្នុង​អត្ថបទ​មួយ​ថា​៖ «​ហានិភ័យ​របស់​វិស័យ​ធនាគារ​អាច​នឹង​កើនឡើង​នៅ​ប៉ុន្មាន​ខែ​ខាងមុខនេះ​ចំពេល​មានការ​រឹតបន្តឹង​គោលនយោបាយ​រូបិយវត្ថុ​ទូទាំង​សកលលោក​»​។​

​លោក​បាន​បន្ថែមថា​៖ «​ហា​និ​ភ័យ​នេះ​ក៏បាន​រីក​រាលដាល​ដល់​វិស័យ​មិនមែន​ធនាគារ​ដែលជា​ប់​ពាក់ព័ន្ធ​ជា​បន្តបន្ទាប់​។ វិស័យ​មិនមែន​ធនាគារ​ទាំងអស់នោះ​ផងដែរ​មានតម្លៃ​ស្ទើរតែ​ពាក់កណ្តាល​នៃ​ទំហំ​ហិរញ្ញវត្ថុ​ទាំងអស់​នៅលើ​ពិភពលោក​»​។​


​គួរ​ដឹង​ដែរ​ថា អត្ថបទ​របស់​អ្នក​ជំនាញ​សេដ្ឋកិច្ច​ខាងលើ​ត្រូវបាន​បោះផ្សាយ​ស្រប​ទៅ នឹង​របាយ​​ការណ៍​ប្រចាំឆ្នាំ​របស់​អង្គការ​ IMF ស្តីពី​ស្ថិរភាព​ហិរញ្ញវត្ថុ​សកល​។ ជាការ​កត់សម្គាល់​ធនា​គារ​កណ្តាល​នៅ​សហគមន៍​អឺរ៉ុប និង​នៅ​សហ​​រដ្ឋ​អាមេរិក បាននិងកំពុង​ដាក់ចេញ​វិធានការ​ដោះស្រាយ​ដ៏​ត្រឹមត្រូវ​មួយ ដើម្បី​ដោះស្រាយ​បញ្ហា​អត្រា​អតិផរណា​ដែល កំពុង​កើនឡើង​ខ្ពស់​ខ្លាំង​តាមរយៈ​ការដំឡើង​អត្រា​ការប្រាក់​ដើម្បី​អាចជួយ​សម្រួល​ដល់​វិស័យ​ធនាគារ​ដែល​កំពុង​ជួប​បញ្ហា​បង្កឡើង​ដោយ​ការ​ដួល​​រលំ​ធនាគារ​ Silicon Valley​។​

​ធនាគា​ផ្តល់​ប្រាក់កម្ចី​ផ្នែក​បច្ចេក​វិទ្យា​ដែលមាន​ទីស្នាក់ការ​កណ្ដា​ល​នៅ​រដ្ឋ​កាលីហ្វ័រ​នីញ៉ា​មួយ​នេះ​បាន​ក្ស័យធន​បន្ទាប់ពី​បាន​ដំឡើង​អត្រា​ការប្រាក់​ខ្ពស់​ហួសហេតុ អំឡុង​ពេលដែល​ធនាគា​រ​កណ្តាល​អាមេរិក​បានចាប់ផ្តើម​យុទ្ធនា​ការដំឡើង​អត្រា​ការប្រាក់​កាលពី​ឆ្នាំ​ ២០២២​។​


​គួរ​ដឹង​ដែរ​ថា ចំនួន​ស្ថាប័នហិរញ្ញវត្ថុ​ដែល​មិនមែនជា​ធនាគារ ឬ​ហៅ​កាត់​ថា NBFIs រួមមាន​ដូចជា​ស្ថាប័ន​មូលនិធិ​សោធន​និវត្តន៍ និង​មូលនិធិ​វិនិយោគ​ផ្សេងៗ បាន​កើនឡើង​ច្រើន​រាប់​ចាប់តាំងពី​វិបត្តិ​ហិរញ្ញវត្ថុ​ពិភពលោក​ឆ្នាំ​ ២០០៨ ដោយសារតែ​កាលនោះ និយតករ​នៅតាម​បណ្ដា​ប្រទេស​ភាគច្រើន​បាន​រឹតបន្តឹង​ច្បាប់​ស្ដីពី​ធនាគារ​។​

​អង្គការ IMF បាន​លើក ឡើង​ថា «NBFIs មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ធនាគារ​ហើយ​អាច​ក្លាយជា​កត្តារួម​ចំណែក​ដ៏​សំខាន់​ដល់​វិបត្តិ​ហិរញ្ញវត្ថុ​»​។​សេដ្ឋវិទូ​របស់​អង្គការ ​IMF ខាងលើ​បានសរសេរថា «​វិស័យ​ NBFIs ​ដែល​អាច​ដំណើរការ​ទៅបាន​ដោយ​រលូន​មាន​សារៈសំខាន់​ណាស់​សម្រាប់​ស្ថិរភាព​ហិរញ្ញវត្ថុ​»​។​

​ដើម្បី​ដោះស្រាយ​បញ្ហា​ឱ្យបាន​ត្រឹមត្រូវ អង្គការ ​IMF បានផ្ដល់​ជា​អនុសាសន៍​ថា អ្នកបង្កើត​គោល​នយោបាយ​ទាំងឡាយ​ត្រូវតែ​ប្រើ​ប្រាស់​គ្រប់​មធ្យោបាយ​រួមមាន​ដូចជា ការអនុម័ត​វិធានការ​ត្រួតពិនិត្យ​និង​បទ​ប្បញ្ញត្តិ​ផ្សេងៗ​នៅក្នុង​វិស័យ​ហិរញ្ញវត្ថុ​ឱ្យបាន​កាន់តែ​រឹងមាំ​ជាង​មុន និង​ចាត់វិធានការ​ឱ្យ​ក្រុមហ៊ុន​បង្ហាញ​ទិន្នន័យ​អំពី​ហានិភ័យ​ដែល​ពួកគេ​កំពុង​ជួបប្រទះ​។​

​ធនាគារកណ្តាល​របស់​បណ្ដា ប្រទេស​នីមួយៗ​ក៏មាន​តួនាទី​សំខាន់​ផងដែរ​ដោយ​ត្រូវ​ផ្តោតលើ​គោលដៅ​គាំទ្រ​ជា​លក្ខណៈ​បណ្តោះអាសន្ន​ដល់​វិស័យ NBFIs ដោយសារតែ​ពួកគេ​មាន​ឥទ្ធិពល​ខ្លាំង​ដល់​ស្ថិរភាព​ហិរញ្ញ​វត្ថុ និង​ស្ថាប័ន​ដទៃទៀត​ដែល​ត្រូវបាន​ចាត់ទុកថា មាន​សារៈសំខាន់​នៅក្នុង​វិស័យ​មួយ​នេះ​៕