នៅពេលបញ្ជូនទ័ពឱ្យចូលឈ្លានពានអ៊ុយក្រែនកាលពីជាង ១ ឆ្នាំមុន រុស្ស៊ីបានប្រើហេតុផលជាច្រើន ដើម្បីបង្ហាញពីភាពត្រឹមត្រូវនៃសកម្មភាពយោធារំលោភលើច្បាប់អន្តរជាតិ ដែលខ្លួនហៅថា «ប្រតិបត្តិការយោធាពិសេស»។
ហេតុផល ឬលេសមួយក្នុងចំណោមនោះ គឺការព្រួយបារម្ភផ្នែកសន្តិសុខរបស់រុស្ស៊ី ដែលរងការគំរាមកំហែងដោយសារតែ «ការពង្រីកខ្លួន» ទៅភាគខាងកើតរបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ឬណាតូ ដែលជាសម្ព័ន្ធភាពយោធា។
ជាង១ឆ្នាំក្រោយមក ការរំលោភលើដែនដីអធិបតេយ្យភាពរបស់អ៊ុយក្រែនដែលជាប្រទេសក្បែរខាងរបស់រុស្ស៊ី បែរជាបង្កើតលទ្ធផលផ្ទុយពីមហិច្ឆតារបស់វិមានក្រឹមឡាំងទៅវិញ ពោលគឺការបង្កើននូវអ្វីដែលក្រុងមូស្គូតែងតែទទូចមិនដាក់ពីមាត់នាពេលកន្លងមកថាជា «ការគំរាមកំហែងសន្តិសុខ»។
ប្រទេសហ្វាំងឡង់ដែលជាអ្នកជិតខាងរបស់រុស្ស៊ីមួយទៀត បានសម្រេចចិត្តទម្លាក់ចោលគោលនយោ បាយអព្យាក្រឹតរបស់ខ្លួន និងរត់ទៅចាប់យកខែលថ្មី ដើម្បីការពារខ្លួនឱ្យមានសុវត្ថិភាពជាងមុន។ ខែលនោះគឺ សមាជិកភាពទី៣១ នៃអង្គការយោធាណាតូ ដែលហ្វាំងឡង់ទទួលបានពេញសិទ្ធិកាលពីថ្ងៃអង្គារ ទី៤ ខែមេសា។
ការចូលជាសមាជិកពេញលេញរបស់ហ្វាំងឡង់ គឺជារបត់ភូមិសាស្រ្តនយោបាយដ៏សំខាន់ ដែលគេអាចចាត់ទុកថា ជាជ័យជម្នះមួយសម្រាប់សម្ព័ន្ធភាពយោធារបស់លោកខាងលិច និងជាការខកបំណង ឬការចាញ់ជាយុទ្ធសាស្រ្តសម្រាប់រុស្ស៊ី ដែលមានព្រំដែនជាប់ហ្វាំងឡង់ជាង ១ ៣០០ គីឡូម៉ែត្រ។
ឥឡូវនេះ ណាតូបានពង្រីកព្រំដែនរបស់ខ្លួនកាន់តែវែងជាប់រុស្ស៊ី និងមានប្រទេសដែលមានយោធារឹងមាំ និងប្រវត្តិទប់ទល់ប្រឆាំងរុស្ស៊ីដ៏ស្វិតស្វាញ ក្លាយជាបក្សពួក។ យ៉ាងណាមិញ ការប្តេជ្ញាចិត្តរបស់សម្ព័ន្ធភាព ចំពោះការការពារជាសមូហភាព កាន់តែធំជាងមុន។ ប្រសិនបើហ្វាំងឡង់រងការវាយប្រហារដូចអ៊ុយក្រែន រដ្ឋសមាជិកទាំងអស់នឹងលូកដៃជួយ ក្រោមមាត្រាទី៥របស់ណាតូ ដែលកំណត់ថា ការវាយប្រហារលើរដ្ឋណាមួយ គឺជាការវាយប្រហារសមាជិកណាតូទាំងមូល។
អគ្គលេខាធិការអង្គការណាតូ លោក ជេន ស្តូលថេនប៊ឺក បាននិយាយនៅថ្ងៃអង្គារថា៖ «ប្រធានាធិបតី[រុស្ស៊ី លោក វ្ល៉ាឌីមៀរ] ពូទីន ធ្វើសង្រ្គាមជាមួយអ៊ុយក្រែនដោយមានគោលបំណងច្បាស់លាស់នោះ គឺការឱ្យណាតូនៅតូច។ ប៉ុន្តែលោកបានទទួលអ្វីដែលផ្ទុយខ្លាំងទៅវិញ»។
លោក ស្តូលថេនប៊ឺក បន្តថា ហ្វាំងឡង់បានក្លាយជាសមាជិកពេញសិទ្ធិរបស់ណាតូ។ លោកបន្តថា៖«ហ្វាំងឡង់មានសុវត្ថិភាព និងរឹងមាំជាងមុនហើយយើងទាំងអស់ក៏កាន់តែមានសុវត្ថិភាព»។
បើតាមមន្រ្តីលោកខាងលិច រួមទាំងប្រធានាធិបតីអាមេរិកលោក ចូ បៃដិន សមាជិកភាពណាតូរបស់ហ្វាំងឡង់ គឺជាសារទៅកាន់លោក ពូទីន ថា រុស្ស៊ីមិនអាចសម្រេចបានគោលបំណង «បែងចែកអឺរ៉ុប និងណាតូ» ដែលលោកគិតក្រោយចូលឈ្លានពានអ៊ុយក្រែននោះទេ ដោយមានតែធ្វើឱ្យសម្ព័ន្ធភាពរបស់លោកខាងលិច និងណាតូកាន់តែរឹងមាំទៅវិញ។
ចំណែកឯប្រធានាធិបតីហ្វាំងឡង់ លោក ស៊ូលី នីនីស្តូ(Sauli Niinisto) ក្នុងពេលចូលរួមខួបលើកទី៧៤ ឆ្នាំរបស់ណាតូ ដែលធ្វើឡើងនៅថ្ងៃដែលហ្វាំងឡង់ទទួលបានសមាជិកភាព បានប្រកាសឡើងថា៖«វាជាថ្ងៃដ៏អស្ចារ្យសម្រាប់ហ្វាំងឡង់»។ លោកបន្ថែមថា រុស្ស៊ីបានព្យាយាមរឹតបន្តឹងសេរីភាពក្នុងការជ្រើសរើសរបស់ហ្វាំងឡង់និងព្យាយាមដាក់ឥទ្ធិពលលើហ្វាំងឡង់។
គួរគូសបញ្ជាក់ថា ហ្វាំងឡង់គឺជាប្រទេសដែលមានយោធាដ៏ខ្លាំងបំផុតមួយរបស់អឺរ៉ុប។ កងកម្លាំងកាំភ្លើងធំរបស់ហ្វាំងឡង់ គឺជាកងកម្លាំងធំជាងគេ និងបំពាក់អាវុធល្អបំផុតក្នុងចំណោមសមាជិកណាតូអឺរ៉ុបដោយមានកាំភ្លើងធំផ្លោងចំនួន ១ ៥០០ ដើម កាំភ្លើងធំHowitzer ចំនួន ៧០០ គ្រឿង កាំភ្លើងត្បាល់ធុនធ្ងន់ចំនួន ៧០០ គ្រឿង និងប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែតចំនួន ១០០ ដើម។ នេះបើតាមការចុះផ្សាយរបស់កាសែតញូវយ៉កថែមស៍ដែលស្រង់ទិន្នន័យនៃការវិភាគមួយចេញផ្សាយកាលពីឆ្នាំមុន។ សមាជិកភាពរបស់ហ្វាំងឡង់ មិនត្រឹមតែពង្រឹកកងកម្លាំងយោធាណាតូប៉ុណ្ណោះទេ ប៉ុន្តែក៏បើកផ្លូវឱ្យណាតូ ចូលទៅច្រកកំពង់ផែ ដែនអាកាស និងផ្លូវសមុទ្ររបស់ហ្វាំងឡង់ ដែលនឹងពង្រឹងសមត្ថភាពការពាររបស់សម្ព័ន្ធភាពទប់ទល់នឹងរុស្ស៊ីបានយ៉ាងខ្លាំងផងដែរ។
ឧត្តមនាវីឯកអាមេរិកចូលនិវត្តន៍ និងជាអតីតមេបញ្ជាការយោធាណាតូលោកJames G. Stavridis បានថ្លែងថា តាមភូមិសាស្ត្រ ការក្លាយជាសមាជិកណាតូរបស់ហ្វាំងឡង់ ធ្វើឱ្យស្មុគស្មាញដល់ការគណនារបស់លោក ពូទីន»។ លោកនិយាយថា៖ «វាជាការចំណេញដ៏ធំមួយសម្រាប់ណាតូ»។
ប្រតិកម្មទៅនឹងការវិវត្តន៍ចុងក្រោយ អ្នកនាំពាក្យវិមានក្រឹមឡាំងរបស់រុស្ស៊ី លោក ឌ្មីទ្រី ប៉េស្កូវ បាននិយាយកាលពីថ្ងៃអង្គារថា សមាជិកភាពណាតូរបស់ហ្វាំងឡង់ គឺជាការវាយប្រហារលើសន្ដិសុខ និងផលប្រយោជន៍ជាតិរបស់រុស្ស៊ី។ លោកបានបន្តថា៖«នេះបង្ខំយើងឲ្យចាត់វិធានការតបតតាមយុទ្ធ សាស្ត្រ»។
ក្នុងការលើកឡើងដាច់ដោយឡែក ក្រសួងការបរទេសរុស្ស៊ី បានរំឭកឡើងវិញនូវការគំរាមរបស់ខ្លួន ក្នុងការចាត់វិធានការ«យោធា យុទ្ធសាស្រ្ត និងវិធានការសងសឹកផ្សេងទៀត» ដើម្បីឆ្លើយតបទៅនឹង«ការគំរាមកំហែង» សម្រាប់រុស្ស៊ី ពេលព្រំដែនណាតូ-រុស្ស៊ី បានកើនឡើងទ្វេដង ក្រោយហ្វាំងឡង់ក្លាយជាសមាជិកណាតូ។
រុស្ស៊ីប្តេជ្ញាថា នឹងចាត់វិធានការការពាររឹងមាំជាជំហានៗ មិនថាណាតូបង្កើតហេដ្ឋារចនាសម្ព័ន្ធនៅហ្វាំងឡង់ ឬដាក់ពង្រាយអាវុធក្នុងប្រទេសនេះនោះទេ។ រុស្ស៊ី ក៏បានឱ្យដឹងផងដែរថា ខ្លួននឹងពង្រឹងសន្តិសុខយោធាតាមបណ្ដោយព្រំដែនភាគខាងលិចរបស់ខ្លួន ជាប់នឹងរដ្ឋណាតូទាំងអស់ ទាំងហ្វាំងឡង់ ឡេតូនី អេស្តូនី និងលីទុយអានី។
គួរគូសបញ្ជាក់ផងដែរថា ព័ត៌មានលម្អិតជាច្រើនអំពីរបៀបដែលហ្វាំងឡង់នឹងធ្វើសមាហរណកម្មទៅក្នុងណាតូ នៅមិនទាន់លាតត្រដាងឱ្យច្បាស់នៅឡើយទេ។ យ៉ាងណាមិញ បញ្ហាផ្សេងៗ វាអាស្រ័យទៅលើរដ្ឋាភិបាលដែលទើបនឹងជាប់ឆ្នោតថ្មីរបស់ហ្វាំងឡង់ ក្នុងការសម្រេចចិត្ត ថាតើត្រូវដាក់ពង្រាយកងទ័ព ឬសូម្បីតែអាវុធនុយក្លេអ៊ែរពីសំណាក់រដ្ឋជាសមាជិកណាតូលើទឹកដីខ្លួន ឬយ៉ាងណានោះ៕