នាយកដ្ឋានពន្លត់អគ្គិភ័យអាល្លឺម៉ង់នៃទីក្រុង Hamburg បានចេញសេចក្តីព្រមានពីបរិមាណផ្សែងបំពុលដែលកំពុងហើរពាសពេញទីក្រុង បន្ទាប់ពីអណ្តាតភ្លើងបានឆាបឆេះចេញពីឃ្លាំងផ្ទុកអីវ៉ាន់ក្នុងទីក្រុងនេះ កាលពីថ្ងៃទី ៩ ខែមេសា ឆ្នាំ ២០២៣។
យោងតាមសារព័ត៌មាន DPA បានឱ្យដឹងថារោងចក្រចំនួន២ នៅក្នុងសង្កាត់ Rothenburgsort បានឆាបឆេះឡើងនាវេលាម៉ោងប្រហែល ២ និង ៣០ នាទីព្រឹក និងបានបណ្តាលឱ្យទីក្រុង Hamburg គ្របដណ្តប់ទៅដោយឧស្ម័នពុលអ៊ីដ្រូហ្ស៊ែនយ៉ាងខ្មៅងងឹត។ មិនតែប៉ុណ្ណោះផ្លូវរវាងទីក្រុង Büchen និងទីក្រុង Hamburg ត្រូវបានបិទនិងរថភ្លើងរវាងទីក្រុង Berlin និង Hamburg ក៏ត្រូវបានពន្យារពេលផងដែរ។ស្របពេលជាមួយគ្នានេះដែរប្រជាជននៅក្នុងទីក្រុង Hamburg ត្រូវបានបង្គាប់ឱ្យបិទទ្វារបិទបង្អួចនិងបិទរាល់ម៉ាស៊ីនដែលប្រើប្រាស់ភ្លើង ខណៈពេលដែលប្រជាជនជាង ១៤០ នាក់ ត្រូវបានជម្លៀសចេញពីតំបន់ឆេះភ្លាមៗ។
សូមបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះគេ នៅមិនទាន់បានផ្តល់ព័ត៌មានពិតប្រាកដនៅឡើយទេហើយក្រុមអ្នកពន្លត់អគ្គិភ័យក៏កំពុងតែស្វះស្វែងពន្លត់អណ្តាតភ្លើងផងដែរ ដើម្បីចៀសវាងការឆេះរាលដាល និងឧស្ម័នបំពុល៕