​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​កំពុងធ្វើការ​ជំរុញឱ្យមាន​កិច្ច​ព្រមព្រៀង​សន្តិភាព​ជាមួយ​ក្រុម​ចលនា​ប្រយុទ្ធ​ដែល​គាំទ្រ ដោយ​រដ្ឋាភិបាល​អ៊ី​រ៉ង់​នៅ​ប្រទេស​យេ​ម៉ែន ខណៈដែល​សង្គ្រាម​នៅក្នុង​ប្រទេស​យេ​ម៉ែន​នេះ កំពុង​បង្ក​ការភ័យខ្លាច​ដល់ទី​ផ្សារ​ប្រេង និង​បាន​បំផ្លិចបំផ្លាញ​ប្រទេស​ក្រីក្រ​បំផុត​នៅលើ​ឧបទ្វីប​អារ៉ាប់ មួយ​នេះ​ឱ្យ​ខ្ទេចខ្ទី​គ្មាន​សល់​។​

​គួរ​បញ្ជាក់ថា ប៉ុន្មាន​ថ្ងៃ​មកនេះ ក្រុមមន្ត្រី​អារ៉ាប៊ី សាអ៊ូឌីត ​បាន​ជួបពិភាក្សា​ពី​កិច្ច​ព្រម​ព្រៀង​ឈប់​បាញ់​ជាមួយ​សមា​ជិ​ក​ក្រុមប្រឹក្សា​ប្រធានាធិបតី​នៃ​ប្រទេស​យេ​ម៉ែន​នៅ​ទីក្រុង​រី​យ៉ា​ដ ប្រទេស​អារ៉ាប៊ី សាអ៊ូឌីត​។ នេះ​បើ​យោងតាម​ប្រភព​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​រាយការណ៍​អំពី​បញ្ហា​នេះ​។

​ជំនួប​នេះ កើតឡើង​បន្ទាប់ពី​កិច្ចពិភាក្សា​រវាង​ប្រទេស​អារ៉ាប៊ី សាអ៊ូឌីត និង​ចលនា​ប្រយុទ្ធ​ហ៊ូ​ធី (Houthi)​​ ដែលជា​ច​ល​នា​គាំទ្រ​ដោយ​រដ្ឋាភិបាល​​អ៊ីរ៉ង់​។ ឥឡូវនេះ ក្រុមមន្ត្រី អារ៉ាប៊ី សាអ៊ូឌីត និង​អូ​ម៉​ង់ កំពុងស្ថិត​នៅក្នុង​រដ្ឋ​ធានី​សា​ណា (Sanaa) ប្រទេស​យេ​ម៉ែន​ដើម្បី​រៀបចំ​កិច្ចព្រមព្រៀង​នេះ​ឡើង​។​


​មួយរយៈ​ចុងក្រោយ​នេះ អារ៉ាប៊ី សាអ៊ូឌីត បាន​ខិតខំ​យ៉ាងខ្លាំង​ក្នុងការ​បញ្ចប់​ជម្លោះ​នៅ​យេ​ម៉ែន​ដែល​អូសបន្លាយ​អស់​រយៈពេល ៩​ឆ្នាំ​មកនេះ​។ កន្លងមក ការវាយប្រហារ​ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក​របស់​ក្រុម​ចលនា​ប្រយុទ្ធ​​ហ៊ូ​ធី និង​ការបាញ់​គ្រាប់​មី​ស៊ី​ល​ជាច្រើន​ទៅលើ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត បាន​បំផ្លិចបំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ ជាពិសេស​បានក​ម្ទេ​ចរោ​ង​ចក្រ​ផលិត​ប្រេង​របស់​អារ៉ាប៊ី សាអ៊ូឌីត​ កាលពី​ឆ្នាំ​​ ២០១៩ ទៀតផង​។​

​ប៉ុន្តែ អារ៉ាប៊ី សាអ៊ូឌីត តែងតែ​ព្យាយាម​បញ្ចប់​ជម្លោះ​មួយ​នេះ ដើម្បី​បន្ធូរបន្ថយ​ភាព​តានតឹង​នៅក្នុង​តំបន់​។


​ជាក់ស្ដែង បទ​ឈប់​បាញ់​ក៏​ធ្លាប់​ត្រូវបាន​បង្កើតឡើង​ម្ដងមកហើយ​ដែរ ប៉ុន្តែ​បាន​ផុតកំណត់​កាលពី​ខែតុលា ឆ្នាំ ២០២២​ កន្លងទៅ​។​ហើយ​ផែនការ​រៀបចំ​កិច្ចព្រមព្រៀង​សន្តិភាព​ថ្មី​នេះ អាច​នឹងត្រូវ​បានប្រកាស​នៅ​ ២ ​សប្តាហ៍​ខាងមុខនេះ​ពោល គឺ​មុនពេល​ដែល​ថ្ងៃ​ពិសេស​របស់​ជនជាតិ​មូស្លីម​ដែល​គេ​ហៅថា បុណ្យ​រ៉ា​ម៉ា​ដន កន្លងផុតទៅ​។ នេះ​បើ​យោងតាម​ប្រភព​សុំ​មិន​បញ្ចេញ ឈ្មោះ​មួយ​។​

​ប្រភព​ខាងលើ បាន​បន្ថែម​ឱ្យដឹងថា តាមរយៈ​ផែនការ​នៃ​ការរៀបចំ​កិច្ចព្រមព្រៀង​សន្តិ​ភាព​ថ្មី​នេះ គឺជា​ការបន្ត​បទ ឈប់​បាញ់​សាជាថ្មី ពោលគឺ​ធ្វើឱ្យមាន​សុពលភាព​រយៈ​ពេល ៦ ​ខែ បន្ថែមទៀត​។ ក្រោយ​កិច្ចព្រមព្រៀង​នេះ​ត្រូវបាន​ដាក់ចេញ​សាជាថ្មី នោះ​ផ្លូវ​សំខាន់ៗ នឹងត្រូវ​បាន​បើក​ឡើងវិញ ហើយ​ការ​រឹតបន្តឹង​លើ​ជើងហោះហើរ និង​កំពង់ផែ​ទាំងអស់​នឹងត្រូវ​បាន​លុប ចេញ​វិញ​។​

​ភាគី​យេ​ម៉ែន​វិញ ក៏​នឹង​យល់​ព្រម​ចូល​តុ​ចរចា​ក្នុង​កិច្ច​ព្រម​ព្រៀង​សន្តិភាព​នេះ​ដើម្បី​ពិភាក្សា ពី​ការរំសាយ​គ្រឿង​សព្វាវុធ បង្កើត​គណៈរដ្ឋមន្ត្រី និង​ក្រុម​​ប្រឹក្សា​ប្រធានាធិបតី​ថ្មី ក៏ដូចជា​ការបង្រួបបង្រួម​ធនាគារកណ្តាលឡើងវិញ​។

​ផែនការ​ទាំងអស់នេះ ទំនងជា​នឹងត្រូវ​ប្រើ​រយៈពេល ២ ឆ្នាំ​។ យ៉ាងណាក៏ដោយ ក្រុម​​មន្ត្រី​អារ៉ាប៊ី សាអ៊ូឌីត និង​យេ​ម៉ែន បាន​បដិសេធ​ផ្ដល់​ការធ្វើ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​។​

​គួរ​រំឭក​ដែរ​ថា កិច្ចខិតខំផ្សះផ្សា​ជាមួយ​ក្រុម​ចលនា​ប្រយុទ្ធ​ហ៊ូ​ធី​នេះ កើតឡើង​បន្ទាប់ពី​អារ៉ាប៊ីសាអ៊ូឌីត និងអ៊ី​រ៉ង់បាន​ព្រមព្រៀងគ្នា​ក្នុងការ​ស្ដារ​ទំនាក់ទំនង​ការទូត​ឡើង វិញ​នៅក្នុង​កិច្ចចរចា​មួយ​កាល​ពី​ខែ​មុន ដែល​មានការ​សម្រប​សម្រួល​ដោយ​ប្រទេស​ចិន​។

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​អារ៉ាប៊ី សាអ៊ូឌីត បានឱ្យដឹងថា រដ្ឋមន្ត្រី​ការពារជាតិ​អារ៉ាប៊ី សាអ៊ូឌីត លោក​ Khalid bin Salman បាន​ជួប​ជាមួយ​ប្រធានាធិបតី​យេ​ម៉ែន លោក Rashad Al-Alimi​ នៅ​ទីក្រុង​រី​យ៉ា​ដ កាលពី​សប្តាហ៍​មុន​៕