អាស៊ែបៃហ្សង់ និងអាមេនី បាននិយាយកាលពីថ្ងៃអង្គារថា ទាហាន ៧ នាក់ បានស្លាប់នៅក្នុងការបាញ់ប្រហារមួយ នៅតាមបណ្តោយព្រំដែនរួមគ្នារបស់ពួកគេដែលជាការកើនឡើងកម្តៅថ្មីបំផុតរវាងសត្រូវដែលជាប់គាំងនៅក្នុងជម្លោះទឹកដីជាច្រើនទសវត្សរ៍នោះ។
អតីតប្រទេសតំបន់ Caucasus របស់សូវៀតទាំង ២ នេះបានប្រយុទ្ធគ្នា ២ លើកនៅតំបន់ Nagorno-Karabakh ដែលភាគច្រើនជាជនជាតិអាមេនីនៅអាស៊ែបៃហ្សង់ ហើយអរិភាពចុងក្រោយបំផុតបានបញ្ចប់នៅឆ្នាំ ២០២០ ជាមួយនឹងបទឈប់បាញ់សម្របសម្រួលដោយរុស្ស៊ី។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការពារជាតិនៅទីក្រុងបាគូ បាននិយាយថា៖ «ទីតាំងកងទ័ពអាមេនីដែលដាក់ពង្រាយនៅជិតការតាំងលំនៅរបស់អ្នកភូមិអាមេនី (នៅតាមព្រំដែនរួមគ្នារបស់ ប្រទេសទាំង ២) បានបើកការបាញ់ប្រហារយ៉ាងធ្ងន់ធ្ងរទៅលើទីតាំងកងទ័ពអាស៊ែបៃហ្សង់ ដោយបានបន្ថែមថា ទាហានអាស៊ែបៃហ្សង់ ក៏បានបាញ់តវិញដែរ»។
ប៉ុន្មានម៉ោងក្រោយមកក្រសួង បាននិយាយថា ទាហាន ៣ នាក់ត្រូវបានសម្លាប់នៅក្នុងការប៉ះទង្គិចគ្នា។ក្រសួងការពារជាតិអាមេនី បានរាយការណ៍ថា ទាហាន ៤ នាក់បានស្លាប់ និង ៦ នាក់រងរបួស។
ក្រសួងបានស្តីបន្ទោសទីក្រុងបាគួចំពោះការចាប់ផ្តើមការបាញ់ប្រហារនោះ។ក្រសួងបានបន្ថែមថា នៅម៉ោង ១៦:០០ (១២០០ ម៉ោងសកល) កាលពីថ្ងៃអង្គារកងកម្លាំងប្រដាប់អាវុធ អាស៊ែបៃហ្សង់ បានបើកការបាញ់ប្រហារសំដៅលើទាហានអាមេនី ដែលកំពុងធ្វើការងារវិស្វកម្មនៅជិតព្រំដែន។
ក្រោមកិច្ចព្រមព្រៀងបទឈប់បាញ់ដែលសម្របសម្រួល ដោយរុស្ស៊ីនៅរដូវស្លឹកឈើជ្រុះឆ្នាំ ២០២០ អាមេនី បានប្រគល់ទឹកដីដែលខ្លួនគ្រប់គ្រងអស់ជាច្រើនទសវត្សរ៍មកហើយនោះ ហើយទីក្រុងម៉ូស្គូ បានដាក់ពង្រាយកងរក្សាសន្តិភាព ដើម្បីត្រួតពិនិត្យបទឈប់បាញ់ដ៏ផុយស្រួយនោះ៕