សហភាព​អឺរ៉ុប​ ​(EU)​ បានឱ្យដឹង​កាលពី​ថ្ងៃអាទិត្យ​ថា សកម្មភាព​ឯកតោ​ភាគី​លើ​ពាណិជ្ជកម្ម​របស់​រដ្ឋ​ជាស​មា​ជិ​ក គឺ​មិនអាច​ទទួលយក​បានទេ បន្ទាប់ពី​ប៉ូឡូញ និង​ហុង​គ្រី បានប្រកាស​ពី​ការបិទ​ការនាំ​ចូល​ចូល​គ្រាប់​ធញ្ញជាតិ និង​ផលិតផល​ស្បៀងអាហារ​ផ្សេងទៀត​ពី​អ៊ុយ​ក្រែ​ន ដើម្បី​ការពារ​វិស័យ​កសិកម្ម​ក្នុងស្រុក​របស់ខ្លួន​។

​អ្នកនាំពាក្យ​របស់​គណៈ​កម្ម​ការ​អឺរ៉ុប បាន​និយាយ​នៅក្នុង​សេចក្តី​ថ្លែង​ការណ៍​ថា​៖ «​យើង​ដឹង​ពី​សេចក្តី​ប្រកាស​របស់​ប៉ូឡូញ និង​ហុង​គ្រី ទាក់​ទង​នឹង​ការហាមឃាត់​ការនាំ​ចូល​គ្រាប់​ធញ្ញជាតិ និង​ផលិតផល​កសិកម្ម​ផ្សេងទៀត​ពី​អ៊ុយ​ក្រែ​ន​»​។ នេះ​បើតាម​ការចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រ​។

​អ្នកនាំពាក្យ​បន្តថា​៖ «​នៅក្នុង​បរិបទ​នេះ វា​ជាការ​សំខាន់​ណាស់​ដែល​ត្រូវ​គូសបញ្ជាក់ថា គោលនយោបាយ​ពាណិជ្ជកម្ម គឺជា​បញ្ហា​រួម​របស់​សហ​ភាព​អឺរ៉ុប​ហើយ ដូច្នេះ​សកម្មភាព​ឯកតោភាគី មិនអាច​ទទួលយកបាន​ទេ​។ ក្នុងពេល​វេលា​ដ៏​លំបាក​បែបនេះ វា​មាន​សារៈសំខាន់​ណាស់​ក្នុងការ​សម្របសម្រួល និង​ធ្វើឱ្យ​ស្របតាម​ការ​សម្រេចចិត្ត​ទាំងអស់​នៅក្នុង​សហ​ភាព​អឺរ៉ុប​»​។​


​គួររំឭកថា ក្រោយ​រុស្ស៊ី​ចូលលុកលុយ​អ៊ុយ​ក្រែ​ន ផលិតផល​កសិកម្ម ដូចជា​គ្រាប់​ធញ្ញជាតិ​របស់​អ៊ុយ​ក្រែ​ន​ជាច្រើន ដែលមាន​តម្លៃថោក​ជាង​ផលិតផល​ដូច​គ្នា​ក្នុង​សហភាព​អឺរ៉ុប ត្រូវ​នៅជាប់​គាំង​ក្នុង​បណ្ដា​រដ្ឋ​អឺរ៉ុប​កណ្ដាល ដោយសារតែ​បញ្ហា​ភ័ស្តុភារ​នៅ​សមុទ្រ​ខ្មៅ​ក្រោម​ការបិទ​ខ្ទប់​របស់​រុស្ស៊ី ដែល​បន្ធូរបន្ថយ​វិញ​ក្រោយ​មាន​កិច្ចព្រមព្រៀង​រវាង​អ៊ុយ​ក្រែ​ន​-​រុស្ស៊ី​។ ការជាប់គាំង ធ្វើឱ្យប៉ះពាល់​ដល់​តម្លៃ​ទីផ្សារ​នៃ​ផលិតផល​កសិកម្ម​រប​ស់​ប្រជាកសិករ​នៅ​បណ្ដា​ប្រទេស​ទាំងអស់នោះ​។

​បញ្ហា​នេះ បាន​បង្កើតជា​បញ្ហា​ន​យោបាយ​សម្រាប់​គណបក្ស​ច្បាប់​ជាតិ​​និយម និង​យុត្តិធម៌ (PiS) ដែល​កំពុង​កាន់អំណាច​របស់​ប៉ូឡូញ សម្រាប់​ការ​បោះឆ្នោត​ក្នុងឆ្នាំនេះ ខណៈ​វា​ធ្វើឱ្យ​ប្រជាជន​នៅ​តំបន់​ជនបទ ដែលជា​ទូទៅ​មាន​អត្រា​គាំទ្រ​បក្ស PiS ខ្ពស់ មានការ​ខឹងសម្បា​។​


​អ្នកនាំពាក្យ​រដ្ឋាភិបាល​ប៉ូឡូញ លោក​ Piotr Muller បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​ PAP ថា រដ្ឋាភិបាល​កំពុង​ទាក់ទង​ជាមួយ​គណៈកម្មការ​អឺរ៉ុប​អំពី​បញ្ហា​នេះ ហើយ​ថា ការហាមឃាត់ ដែល​នឹង​បន្ត​រហូតដល់​ចុងខែ​មិថុនា​នេះ អាចធ្វើ​ទៅបាន​ដោយសារតែ​សេចក្ដី​-​ប្រកាស​សន្តិសុខ​។

​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ប៉ូឡូញ លោក Robert Telus និយាយ​នៅ​ថ្ងៃអាទិត្យ​ថា ការហាមឃាត់​នេះ គឺ​ចាំបាច់​ដើម្បី «​បើកភ្នែក​របស់​សហភាព​អឺរ៉ុប ចំពោះ​ការពិត​ដែលថា ការសម្រេចចិត្ត​បន្ថែមទៀត គឺ​ចាំបាច់​ដែល​នឹង​អនុញ្ញាតឱ្យ​ផលិតផល​ពី​អ៊ុយ​ក្រែ​ន​ចូល​ជ្រៅ​ទៅក្នុង​ទ្វីបអឺរ៉ុប និង​មិន​ជាប់​ត្រឹមតែ​ប្រទេស​ប៉ូឡូញ​ប៉ុណ្ណោះ​ទេ​»​។

​គួរ​គូសបញ្ជាក់ថា ប៉ូឡូញ និង​ហុង​គ្រី​មាន​ជម្លោះ​ដ៏​រ៉ាំរ៉ៃ​ជាមួយ​ប្លុក​របស់ខ្លួន ជុំ​វិញ​បញ្ហា​នានា រួមមាន​ទាំង​ឯករាជភាព​របស់​តុលាការ សេរីភាព​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ និង​សិទ្ធិ​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា ហើយ​ប្រទេស​ទាំង​២ ត្រូវបាន​ដក​ហូត​មូលនិធិ​ពី​ប្លុក​ដោយសារតែ​ការ​ព្រួយបារម្ភ​អំពី​នីតិរដ្ឋ​៕