​រដ្ឋ​មន្ត្រី​ការ​បរទេស​នៃ​ក្រុម​ប្រទេស​អ្នក​មាន​ទាំង​៧​ (G-7)​ នៅ​ថ្ងៃ​អង្គារ​​ទី​ ១៨ ខែ​មេសា​​ បាន​ទាម​ទារ​ឱ្យ​កូរ៉េ​ខាង​ជើង​ ចៀស​​វាង​ការ​សាក​ល្បង​នុយក្លេអ៊ែរ​​​ និង​​ការ​បាញ់​មីស៊ីល​ផ្លោង​​​ ដោយ​​ព្រមាន​អំពី​ការ​ឆ្លើយ​តបដ៏​​​ខ្លាំង​ក្លា​។

ការ​ព្រមាន​ដែលចេញ​​ក្រោយ​កិច្ច​​ប្រជុំរដ្ឋ​មន្រ្តី​ការបរទេស ​​G-7 នៅប្រទេស​​ជប៉ុន​ ធ្វើ​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណេះ​បន្ទាប់​ពី​​​ទីក្រុង​ព្យុងយ៉ាង​បាន​អះ​អាង​​ថា​ ខ្លួន​បាន​សាក​ល្បង​ដោយ​ជោគ​ជ័យ​នូវ​មីស៊ីល​ផ្លោង​អន្តរទ្វីបដែល​ប្រើ​​ឥន្ធនៈ​រឹង​​ ​​ដោយ​សាទរ​វា​ថា​ជា​របក​គំហើញ​មួយ​សម្រាប់​សមត្ថភាព​វាយ​ប្រហារ​នុយក្លេអ៊ែរ​របស់​ខ្លួន​។

​​​ក្រុម​មន្រ្តី​ការទូត​កំពូល​ៗ​និយាយ​​​ក្នុង​សេចក្តី​ថ្លែងការណ៍រួម​​ថា​​​​​៖​ «​​យើង​ទាម​ទារ​ឱ្យ​កូរ៉េ​ខាង​ជើង​ ចៀស​​វាង​​សកម្មភាព​បង្ក​អស្ថិរភាព​ ឬ​បង្ក​ហេតុ​ណា​មួយ​ រួម​ទាំង​ការ​សាក​ល្បង​នុយក្លេអ៊ែរ​​បន្ថែម​ទៀត​ ឬ​ការ​បាញ់​បង្ហោះ​ដែល​ប្រើ​បច្ចេកវិទ្យា​មីស៊ីល​ផ្លោង»​។ ក្រុម​អ្នក​ការទូត​បន្ត​ថា​៖ «​​​សកម្មភាព​បែប​នេះ​ ត្រូវ​តែ​ឆ្លើយ​តបដោយ​​យ៉ាង​រហ័ស​​រួប​​រួ​ម​​ និង​ខ្លាំង​ក្លា​​ជា​​អន្តរជាតិ​​ រួម​ទាំង​វិធានការ​សំខាន់​ៗ​បន្ថែម​ទៀត​ ដែល​ត្រូវ​ចាត់​វិធានការ​ដោយ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ (UNSC)»​។


គួរ​គូស​បញ្ជាក់​ថា​ ការ​សាក​ល្បង​មីស៊ីល ដែល​ប្រើ​​ឥន្ធនៈ​រឹង​​​បំពាក់​ដោយ​​បច្ចេក​វិជ្ជា​​ជឿន​លឿន​ គឺ​ជា​គោលដៅ​មួយ​របស់​មេ​ដឹក​នាំ​កូរ៉េ​ខាង​ជើង​ លោក ​គីម ​ជុងអ៊ុន ​នៅ​ក្នុង​យុទ្ធនាការ​ទំនើបកម្ម​យោធា​​​ដែល​មាន​​ប្រកាស​​ក្នុង​របាយ​ការណ៍​ឆ្នាំ​ថ្មី​របស់​​លោក​។ មីស៊ីល​ប្រភេទ​​នេះ​ ​​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​រក្សា​ទុក​ និង​ដឹក​ជញ្ជូន​​​និង​មាំ​ទាំ​​ក្នុង​​ការ​​រៀប​​ចំ​សម្រាប់​ការ​បាញ់​បង្ហោះ ​ហើយ​ដូច្នេះ​វា​កាន់​តែ​ពិបាក​ក្នុង​ការ​ឱ្យ​សត្រូវ​រក​ឃើញ ​​និង​​កម្ទេច​​ចោល​​ជា​​មុន​​​។​

​រដ្ឋ​មន្ត្រី​ការទូត​G-7​បាន​និយាយ​ថា​​៖ «​យើង​ថ្កោល​ទោស​យ៉ាង​ដាច់​អហង្ការ​ចំពោះ​ការ​បាញ់​មីស៊ីល​ផ្លោង​ខុស​ច្បាប់​ជា​ច្រើន​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​របស់​កូរ៉េ​ខាង​ជើង​ រួម​ទាំង​ការ​បាញ់​បង្ហោះ​កាល​ពី​ថ្ងៃ​ទី​១៣​ ខែ​មេសា ​​​ដែល​កូរ៉េ​ខាង​ជើង​បាន​អះ​អាង​ថា​ ជា​មីស៊ីល​អន្តរទ្វីប​ដែល​ប្រើ​ឥន្ធនៈ​រឹង​»​។


ក្រុម​អ្នក​ការទូត​បន្ត​ថា​ ​«​រាល់​ការ​បាញ់​បង្ហោះ​ទាំង​នេះ​ បាន​រំលោភ​លើ​​សេចក្ដី​សម្រេច​​ជា​ច្រើន​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​»​ ហើយ​ «​​សកម្មភាព​របស់​កូរ៉េ​ខាង​ជើង​ដែល​រួម​ជាមួយ​នឹង​ការ​កើន​ឡើង​​នៃ​វោហាស័ព្ទ​រ​ទាក់​ទង​នឹង​ការ​ប្រើ​ប្រាស់​អាវុធ​នុយក្លេអ៊ែរ​​ ធ្វើ​ឱ្យ​ខូច​ស្ថិរភាព​ក្នុង​តំបន់​ និង​បង្ក​ការ​គំរាម​កំហែង​យ៉ាង​ធ្ងន់​ធ្ងរ​ដល់​សន្តិភាព​ និង​សណ្ដាប់​ធ្នាប់​​អន្តរជាតិ​»​៕