អ្នកនាំពាក្យ​ UN​ បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា អង្គការ​សហ​ប្រជាជាតិ បានបង្ហាញ​ជា​ផ្លូវការ​ទៅកាន់​អាមេរិក​នូវ​ការព្រួយបារម្ភ​របស់​ស្ថាប័ន​ពិភពលោក​ជុំវិញ​របាយការណ៍​តាមដាន​លោក​អគ្គ​លេខាធិការ​អង្គការសហប្រជាជាតិ អង់​តូ​នី​ញ៉ូ ហ្គុ​យ​តឺ​រេស​។

​លោក Stephane Dujarric អ្នកនាំពាក្យ​របស់លោក​ហ្គុ​យ​តឺ​រេស បាន​និយាយថា​ ៖«​អង្គការ​សហ​ប្រជាជាតិ​បានបង្ហាញ​ជា​ផ្លូវការ​ចំពោះ​ប្រទេស​ម្ចាស់ផ្ទះ​នូវ​ការ​ព្រួយ​បារម្ភ​របស់ខ្លួន​ទាក់ទង​នឹង​របាយ​ការណ៍​ថ្មីៗ​ដែលថា ទំនាក់ទំនង​របស់លោក​អគ្គលេខាធិការ និង​មន្ត្រីជាន់ខ្ពស់​ដទៃទៀតរ​បស់​អង្គ​ការ​សហប្រជាជាតិ គឺជា​កម្មវត្ថុ​នៃ​ការឃ្លាំមើល និង​ការជ្រៀតជ្រែក​ពី​រដ្ឋាភិបាល​អាមេរិក​»​។​

​លោក​បាន​បន្ថែមថា​៖ «​អង្គការ​សហប្រជាជាតិ បានបញ្ជាក់​យ៉ាងច្បាស់​ថា សកម្មភាព​បែបនេះ​មិន​សមស្រប​នឹង​កាតព្វកិច្ច​របស់​អា​មេ​​រិ​ក ដែល​មានចែង​ក្នុង​ធម្មនុញ្ញ​អង្គ​ការ​សហប្រជាជាតិ និង​អនុសញ្ញា​ស្តីពី​សិទ្ធិ និង​អភ័យឯកសិទ្ធិ​របស់​អង្គការសហប្រជាជាតិ​»​។​


​កាសែត Washington Post កាលពី​ថ្ងៃ​ចន្ទ បាន​រាយការណ៍​ថា យោងតាម​របាយការណ៍​ចំនួន​ ៤ ដែល​កាសែត​ទទួលបាន អាមេរិក​បាន​លួច​ស្តាប់ និង​ប្រមូល​ព័ត៌មាន​សម្ងាត់​លើ​លោក​ហ្គុ​យ​តឺ​រេស​។​

​កាសែត​បាន​រាយការណ៍​ថា​ឯក​សារ​ចំនួន​ ២ ​ក្នុងចំណោម​ឯកសារ​ទាំងនោះ​ដែល​មិនត្រូវ​បាន​រាយ​ការណ៍​ពីមុន​ទេ សង្ខេប​ការសន្ទនា​ជាច្រើន​ដែល​ចាប់បាន​ដែល​បង្ហាញ អំពី​ការទំនាក់ទំនង របស់លោក​អគ្គ​លេខាធិការ​ UN​ ជាមួយ​មន្ត្រី​កំពូលៗ​របស់​អង្គការសហប្រជាជាតិ និង​មេដឹកនាំ​ពិភពលោក​៕