អង្គការសហប្រជាជាតិ​បានឱ្យដឹង​កាលពី​ថ្ងៃទី​ ១៨ ខែមេសា​ថា ចំនួន​ប្រជាជន​អា​ហ្វ​ហ្គា​នី​ស្ថាន កំពុងស្ថិត​នៅក្នុង​ស្ថានភាព​ក្រីក្រ ដែល​ចំនួន​ពលរដ្ឋ​នេះ​បាន​កើន​​ឡើងដល់​ជាង ​៣៤ ​លាន​នាក់ ចាប់តាំងពី​រដ្ឋាភិបាល​តា​លី​បង់​ឡើងកាន់​កាប់​ប្រទេស​នេះ​។​

​វិបត្តិ​សេដ្ឋកិច្ច​របស់​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ត្រូវបាន​ធ្លាក់ចុះ​យ៉ាងធ្ងន់ធ្ងរ ចាប់តាំងពី​ដើមឆ្នាំ ​២០២១ ​ក្រោយពេល​តា​លី​បង់​ផ្តួល​រលំ​របប​សាធារណរដ្ឋ​គាំទ្រ​ដោយ​រដ្ឋាភិបាល​អាមេរិក​ដែល​បណ្តាលឱ្យ​អង្គការ​បរទេស​ឈប់​ផ្តល់ជំនួយ​និង​បដិសេធ​ដោះស្រាយ​ជាដាច់ខាត​ជាមួយនឹង​អាជ្ញាធរ​តា​លី​បង់​។​

​ស្របពេល​ជាមួយគ្នានេះ​អង្គ​ការ​សហប្រជាជាតិ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល ក៏បាន​និយាយ​ដែរ​ថា ខ្លួន​កំពុង​ពិចារណា​ក្នុង​ការបន្ត​ផ្តល់ជំនួយ និង​ការងារ​ដល់​ស្ត្រី​អា​ហ្វ​ហ្គា​​នី​ស្ថាន​ខណៈពេលដែល​ពួកគេ​ត្រូវបាន​តា​លី​បង់​គំរាម​ឱ្យ​ឈប់​ពី​ការងារ​។​


​យោងតាម​កម្មវិធី​អភិវឌ្ឍន៍​របស់​អង្គការសហប្រជាជាតិ (UNDP) កាលពី​ថ្ងៃ​អង្គារ​បានឱ្យដឹងថា តួលេខ​នៃ​ប្រជាជន​អា​ហ្វ​ហ្គា​នី​ស្ថាន​ក្រីក្រ​បាន​កើនឡើង​ទ្វេដង បើ​ប្រៀប​ធៀប​ទៅនឹង​ឆ្នាំ​ ២០២០ ដែលមាន​ចំនួន​ប្រមាណ ​១៥ ​លាន​នាក់​។​

UNDP បានឱ្យដឹងថា​៖ «​ប្រជា​ជន​ខ្លះ ត្រូវបាន​បង្ខំ​ឱ្យ​លក់​ផ្ទះ​ដី​ឬ​ទ្រព្យសម្បត្តិ​ដើម្បី​បង្កើត​ប្រាក់​ចំណូល ចំណែក​អ្នក​ខ្លះទៀត ដើម្បី​ជួយ​ដោះស្រាយ​ការលំបាក​គ្រួសារ​ត្រូវ​បង្ខំ​កូន​ធ្វើជា​កម្មករ និង​កូនស្រី​​តូច​ត្រៀមខ្លួន​ក្នុងការ​រៀបការ​ដើម្បី​យកលុយ​ផងដែរ​»​។​ 


​នៅ​ចន្លោះ​ខែធ្នូ ឆ្នាំ ​២០២១ ដល់​ខែមករា ឆ្នាំ​ ២០២៣ ប្រាក់​ជំនួយ​ជាង ១,៨ ពាន់​លាន​ដុល្លារ ត្រូវបាន​ផ្គត់​ផ្គង់​ដល់​ប្រជាជន​អា​ហ្វ​ហ្គា​នី​ស្ថាន​ដើម្បី​ទប់ស្កាត់​ការធ្លាក់ចុះ​នៃ​សេដ្ឋ​កិច្ច​ជាតិ ប៉ុន្តែ​នា​ដើមឆ្នាំ​នេះ​អង្គ​​ការ​សហប្រជាជាតិ បាន​ព្រមាន​ថា​ប្រសិនបើ​រដ្ឋាភិបាល​តា​លី​បង់​នៅតែ​បន្ត​រារាំង​មនុស្ស​មិនឱ្យ​ធ្វើការ​នោះ​ជំនួយ​នឹងត្រូវ​កាត់បន្ថយ​។​ 

​សូម​រំឭក​ផងដែរ​ថា អត្រា​ប្រាក់​​ចំណូល​របស់​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ក្នុង​ឆ្នាំ​ ២០២៣ ​មាន​ត្រឹមតែ​ ៥ ​ភាគរយ​ប៉ុណ្ណោះ​នៃ​គោលដៅ​ ៤,៦​ ពាន់​លាន​ដុល្លារ​របស់ខ្លួន​ដោយ​អង្គការ​ជាច្រើន​បាន​ផ្អាក​ប្រតិបត្តិការ​របស់​ពួកគេ​បន្ទាប់ពី​ការបរាជ័យ​ក្នុង​ការតវ៉ា​ប្រឆាំងនឹង​ច្បាប់​មិនឱ្យ​ស្ត្រី​ចូល​បម្រើ​ការងារ តាំងពី​ខែធ្នូ​កន្លងមក​។​

​លោក Abdallah Al Dardari​ តំណាង UNDP ប្រចាំ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​៖ «​ប្រសិនបើ​ជំនួយ​បរទេស​ត្រូវបាន​កាត់បន្ថយ​នៅ​ឆ្នាំនេះ​អា​ហ្វ​ហ្គា​នី​ស្ថាន អាច​នឹង​ធ្លាក់​ពី​គែម​ជ្រោះ​ចូលទៅក្នុង​ទី​ជ្រៅ​បំផុត​»​។​

​កាល​ពីស​ប្តា​ហ៏​មុន​ផងដែរ​បុគ្គលិក​អា​ហ្វ​ហ្គា​នី​ស្ថាន​ទាំងប្រុស​ទាំងស្រី​ត្រូវបាន​បង្គាប់​ឱ្យនៅ​ឆ្ងាយ​ពី​ការិយាល័យ​របស់ខ្លួន ដោយ​ប្តូរ​ធ្វើការ​ពី​ផ្ទះ​មកវិញហើយ​ពួកគេ​នឹង​បន្ត​ទទួលបាន​ប្រាក់ខែ​ដដែល​ពី​អង្គការក្រៅរដ្ឋាភិបាលរ​បស់​ខ្លួន​៕