ការ​ស្ទង់មតិ​មួយ បាន​បង្ហាញ​កាល​ពី​ថ្ងៃអាទិត្យ​ថា ប្រជាជន​កូរ៉េខាងត្បូង ​ប្រហែល ៥៦ % គាំទ្រ​ការអភិវឌ្ឍ​អាវុធនុយ​ក្លេអ៊ែរ ដើម្បី​ទប់ទល់​នឹង​ការ​គំរាមកំហែង​នុយក្លេអ៊ែរ​ ដែល​កំពុង​កើន​ឡើង​របស់​កូរ៉េខាងជើង។​

ការ​ស្ទង់​មតិលើ​មនុស្ស​ពេញវ័យ​ចំនួន​១០​០៨ នាក់​ដែលធ្វើ​ឡើង​ដោយ​អ្នក​ស្ទង់មតិ​ Realmeter កាល​ពី​សប្តាហ៍​មុន បាន​រក​ឃើញថា ​៥៦,​៥ % នៃ​អ្នកឆ្លើយ​តប​ និយាយថា ​ពួកគេ​គាំទ្រ​ការ​កសាង​អាវុធនុយ​ក្លេអ៊ែរ​ផ្ទាល់ខ្លួន ហើយ​បញ្ហា​ចាំបាច់​ត្រូវ​ពិភាក្សា​នៅក្នុង​កិច្ច​ប្រជុំ​កំពូល​នាពេលខាងមុខ​រវាង​ប្រធានា​ធិបតី​Yoon Suk Yeol និង​ប្រធានាធិបតី​អាមេរិក​លោក ចៃ បៃ​ដិន។

តែផ្ទុយ​ទៅ​វិញ ៤០,៨ % ​បាន​និយាយ​ថា ពួកគេ​ប្រឆាំង​នឹង​ការ​អភិវឌ្ឍ​អាវុធ​នុយ​ក្លេអ៊ែរ​។


នៅ​ពេលត្រូវ​បានសួរ​ថា ហេតុអ្វី​បានជា​ពួកគេ​គាំទ្រការ​អភិវឌ្ឍ​អាវុធនុយ​ក្លេអ៊ែរ ៤៥, ២ % ​បាន​ឆ្លើយថា ទីក្រុង​សេអ៊ូល គួរតែ «ប្រឈម​មុខ»ការ​គំរាមកំហែង​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាងជើង​។

ដោយត្រូវ​សួររកហេតុផលសម្រាប់ការប្រឆាំងអាវុធនុយក្លេអ៊ែរ ​៤៤,២ % ​បាន​និយាយ​ថា វា​នឹង​ជំរុញ​ឱ្យ​កូរ៉េ ខាងត្បូង​ទទួល​រងនូវ​ទណ្ឌកម្ម​ជា​សកល ប្រសិន​បើទី​ក្រុងសេអ៊ូល​បន្ត​អភិវឌ្ឍន៍​អាវុធនុយ​ក្លេអ៊ែរ​ក្នុង​ស្រុក។


លោក Yoon គ្រោងនឹង​ចេញ​ដំណើរ​ទៅកាន់​ អាមេរិក​នៅថ្ងៃ​ចន្ទ​សម្រាប់​ដំណើរ​ទស្សន​កិច្ច​ផ្លូវ​រដ្ឋរយៈពេល​ ៦ថ្ងៃ​ដើម្បី​រំឭក​ខួប​លើកទី ​៧០​នៃ​សម្ព័ន្ធភាព​របស់​ប្រទេស​ទាំង២​ ជា​មួយនឹង​ការ​គំរាមកំហែង​នុយក្លេអ៊ែរ និង​មីស៊ីល ​របស់​កូរ៉េខាងជើង​នៅក្នុង​របៀបវារៈ​។

ការ​ស្ទង់មតិ​មាន​កំហុស​តិចតួច​ បូក ឬ ដក ៣,​១%​ នៅ​កម្រិត​ទំនុក​ចិត្ត គឺ ៩៥%៕