ប្រទេសអាស៊ែបៃហ្សង់ បានឱ្យដឹងកាលពីថ្ងៃទី ២៣ ខែមេសាថា ខ្លួនបានដាក់របាំង បង្កើតកន្លែងត្រួតពិនិត្យមួយនៅលើកំណាត់ផ្លូវ ដែលជាច្រកចេញចូលតែមួយគត់ទៅតំបន់ជម្លោះជាមួយអាមេនី គឺតំបន់ណាហ្គូណូ-ការ៉ាបាក់ (Nagorno-Karabakh) ដែលជាជំហានមួយធ្វើឱ្យភាពតានតឹងរវាងប្រទេសទាំង ២ កើនឡើងជាថ្មី។
ក្រសួងការបរទេសអាស៊ែបៃហ្សង់បាននិយាយថា ការបង្កើតកន្លែងត្រួតពិនិត្យចូលក្នុងតំបន់ណាហ្គូណូ-ការ៉ាបាក់ គឺជាវិធានការចាំបាច់ ដោយចោទប្រកាន់អាមេនីថា ប្រើផ្លូវនេះដើម្បីដឹកជញ្ជូនអាវុធ។
ក្រសួងថា អាស៊ែបៃហ្សង់៖ «បានចាត់វិធានការសមស្របដើម្បីបង្កើតការគ្រប់គ្រងនៅចំណុចចាប់ផ្តើមនៃផ្លូវ»ព្រោះ«ការផ្តល់សន្តិសុខតាមព្រំដែន ក៏ដូចជាការធានាសុវត្ថិភាពចរាចរណ៍នៅលើដងផ្លូវ គឺជាសិទ្ធិរបស់រដ្ឋាភិបាលអាស៊ែបៃហ្សង់ និងជាលក្ខខណ្ឌចាំបាច់សម្រាប់សន្តិសុខជាតិអធិបតេយ្យភាពរដ្ឋ និងនីតិរដ្ឋ»។
គួរបញ្ជាក់ថា តំបន់ណាហ្គូណូ-ការ៉ាបាក់ ដែលត្រូវបានបំបែកចេញពីអាស៊ែបៃហ្សង់ក្នុងសង្គ្រាមនៅដើមទសវត្សរ៍ឆ្នាំ ១៩៩០ មានការទទួលស្គាល់ជាអន្តរជាតិថា ជាផ្នែកមួយនៃប្រទេសអាស៊ែបៃហ្សង់ ប៉ុន្តែប្រជាជនប្រមាណជាង ១២០ ០០០ ដែលរស់នៅក្នុងតំបន់នេះភាគច្រើនជាជនជាតិអាមេនី។
ប្រតិកម្មទៅនឹងវិធានការរបស់អាស៊ែបៃហ្សង់ ប្រទេសអាមេនី បាននិយាយថា កន្លែងត្រួតពិនិត្យក្នុងច្រករបៀង Lachin ដែលជាផ្លូវចូលតំបន់ ណាហ្គូណូ-ការ៉ាបាក់ គឺជាការបំពានយ៉ាងធ្ងន់ធ្ងរលើកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលបញ្ចប់ជម្លោះបង្ហូរឈាមនៅឆ្នាំ ២០២០។
បន្ថែមពីនេះ អាមេនី បានអំពាវនាវឱ្យរុស្ស៊ីអនុវត្តកិច្ចព្រមព្រៀងដែលចែងថា ច្រករបៀង Lachin ដែលជាផ្លូវតែមួយគត់ភ្ជាប់ពីអាមេនីទៅតំបន់ណាហ្គូណូ-ការ៉ាបាក់ ត្រូវតែស្ថិតនៅក្រោមការគ្រប់គ្រងរបស់កងរក្សាសន្តិភាពរុស្ស៊ី។
គួរបញ្ជាក់ថា អាស៊ែបៃហ្សង់ និងអាមេនី តែងមានជម្លោះជាមួយគ្នាជារឿយៗទាំងទ្រង់ទ្រាយតូច និងធំ នៅតាមតំបន់ព្រំដែនដែលមានជម្លោះ រួមទាំងតំបន់ណាហ្គូណូ-ការ៉ាបាក់ តាមរយៈការប៉ះទង្គិចរវាងកងទ័ពនៃប្រទេសទាំង ២ ដែលការទង្គិចតែងតែបង្កឱ្យមានភាពតានតឹងកើនឡើង។ ជម្លោះក្នុងឆ្នាំ ២០២០ ដែលបញ្ចប់ដោយកិច្ចព្រមព្រៀងក្រោមការសម្រួបសម្រួលរបស់រុស្ស៊ី បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៦ ០០០ នាក់៕