ប្រធានាធិបតី​តួកគី​ លោក​រ៉េសិប ​តៃយីប អេរដូហ្គែន បាន​ថ្លែង​ប្រាប់​បទ​សម្ភាសន៍​ជាមួយ​ទូរទស្សន៍​ក្នុង​ស្រុក​ ​ TRT Turk កាល​ពី​ថ្ងៃ​អាទិត្យ​​ទី​៣០ ខែ​មេសា​ ថា​ ​កង​កម្លាំង​ចារកម្ម​តួកគី​ បាន​សម្លាប់​មេ​ដឹក​នាំ​រដ្ឋ​អ៊ិស្លាម​​ លោក​ Abu Hussein al-Qurashi​ នៅ​ក្នុង​ប្រទេស​ស៊ីរី​។

​លោក អេរដូហ្គែន បាន​​គូស​បញ្ជាក់​ថា​ ​ចារកម្ម​តួកគី​បាន​តាម​ប្រមាញ់​ លោក​​ Qurashi​ អស់​រយៈ​ពេល​ជា​យូរ​មក​ហើយ​ មុន​ចារកម្មជាតិ​តួកគី​ធ្វើ​ប្រតិបត្តិការ​វាយ​ឆ្មក់​កាល​ពី​ថ្ងៃ​សៅរ៍​។

​ប្រភព​សន្តិសុខ​ក្នុង​​ស្រុក​​​ស៊ីរី ​បាន​ឱ្យ​​ដឹង​ថា​​ ការ​​វាយ​​ឆ្មក់​​ធ្វើ​ឡើង​នៅ​ក្នុង​ទីក្រុងភាគ​ខាង​ជើង​ស៊ីរី​​ Jandaris ដែល​ជា​ក្រុង​​គ្រប់​គ្រង​ដោយ​ក្រុម​ឧទ្ទាម​គាំទ្រដោយ​តួកគី​។ នេះ​បើ​តាម​ការ​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន​រ៉យទ័រ​។


ជុំ​វិញ​​ប្រតិបត្តិការ​នេះ​ កង​ទ័ព​ជាតិ​ស៊ីរី​ ដែល​ជា​ក្រុម​ប្រឆាំងដែល​​មាន​វត្តមាន​កង​ទ័ព​ក្នុង​តំបន់​វាយ​ឆ្មក់​ដែរ​នោះ​ មិន​បាន​ចេញ​ការ​បក​ស្រាយ​យ៉ាង​ណា​នោះ​ទេ​។

​បន្ថែម​ពី​លើ​នេះ​ រ៉យទ័រ ​បាន​ស្រង់​សម្ដី​របស់​ប្រជាជន​រស់​នៅ​ក្នុង​តំបន់​ដែល​និយាយ​ថា​ ការ​ប៉ះ​ទង្គិចក្នុង​ប្រតិបត្តិការ​វាយ​ឆ្មក់​​នៅ​ជាយ​ក្រុង​ Jandaris បាន​កើត​ឡើង​នៅ​យប់​ថ្ងៃ​សៅរ៍​ឈាន​ចូល​ថ្ងៃ​អាទិត្យ​ ដោយ​មាន​រយៈ​ពេល​១​ម៉ោង​ មុន​ពេល​គេ​ឮ​សំឡេង​ផ្ទុះ​ដ៏​កក្រើក​មួយ​បាន​កើត​ឡើង​។ ​ក្រោយ​មក​ ​​កម្លាំង​​សន្តិសុខ​បាន​​ឡោម​​ព័ទ្ធ​តំបន់​ទាំង​មូល​ ដោយ​​​មិន​​ឱ្យ​មាន​ការ​ចេញ​ចូល​ផ្ដេស​ផ្ដាស​នោះ​ទេ​។


គួរ​បញ្ជាក់​ថា​ លោក​ al-Qurashi ត្រូវ​បាន​តែង​តាំង​ឱ្យ​ធ្វើជា​មេដឹកនាំ​របស់​ក្រុម​​រដ្ឋ​អ៊ិស្លាម​កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ​មុន​ បន្ទាប់​ពី​មេដឹកនាំ​ក្រុម​​ចាស់​ត្រូវ​បាន​សម្លាប់​​ក្នុង​ប្រតិបត្តិការ​ប្រដាប់​អាវុធ​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ស៊ីរី​។

​ក្រុម​រដ្ឋ​អ៊ិ​ស្លាម​ បាន​កាន់​កាប់​ទឹក​ដី​ដ៏​ធំ​​នៅ​អ៊ីរ៉ាក់​ និង​ស៊ីរី​​ក្នុង​ឆ្នាំ​ ២០១៤​ ​ប៉ុន្តែ​​បាន​បាត់​បង់​ការ​កាន់​កាប់​របស់​ខ្លួន​​វិញ​ ​​បន្ទាប់​ពីមាន​​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​​ដោយ​កង​កម្លាំង​គាំទ្រ​ដោយ​សហរដ្ឋ​អាមេរិក​នៅ​​ស៊ីរី ​និង​អ៊ីរ៉ាក់​ ក៏​ដូច​ជា​កង​កម្លាំង​ស៊ីរី​គាំទ្រ​ដោយ​អ៊ីរ៉ង់​ រុស្ស៊ី ​និង​កង​កម្លាំង​ប្រដាប់​អាវុធ​ផ្សេងៗ​​។

​ក្រុម​សកម្ម​ប្រយុទ្ធ​រាប់​ពាន់​នាក់​ដែល​នៅ​សេស​សល់​របស់​ក្រុម​រដ្ឋ​អ៊ិស្លាម​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ភាគ​ច្រើន​បាន​លាក់​ខ្លួន​នៅ​តំបន់​ដាច់​ស្រយាល​នៃ​​ប្រទេស​ទាំង​​២​ ​ទោះ​បី​ជា​ពួក​គេ​នៅ​តែ​មាន​សមត្ថ ភាព​ធ្វើ​ការ​វាយ​ប្រហារ​​ផ្សេង​ៗ​ក៏​ដោយ​៕