ថ្ងៃទី​​ ១ ខែឧសភា ឆ្នាំ​ ២០២៣​ សារព័ត៌មាន ​AlJazeera បាន​រាយការណ៍​ថា អ្នកឆ្លើយឆ្លង​​ព័ត៌មាន​របស់ខ្លួន​ម្នាក់​ដែល​ត្រូវបាន​ឃុំខ្លួន​នៅក្នុង​ប្រទេស​អេ​ហ្ស៊ី​ប តាំងពី​ឆ្នាំ​ ២០១៩ ត្រូវបាន​ដោះ​​លែង​ពី​ពន្ធនាគារ​មុន​ថ្ងៃ​កាត់ក្ដី​នៅ​សវនាការ​ឈាន​មកដល់​។

​អ្នកឆ្លើយឆ្លង​ព័ត៌មាន​លោក ហ៊ី​សាម អាប​ដេ​ល អា​ហ្ស៊ី​ស​ (Hisham Abdel Aziz)​ គឺជា​អ្នក​ផលិត​វីដេអូ​សម្រាប់​កម្មវិធី​Al Jazeera Mubasher ដែល​ត្រូវ​បានផ្តល់​មូលនិធិ​ទ្រទ្រង់​ដោយ​ប្រទេស​កាតា​។​

​យ៉ាងណាក៏ដោយ​អាជ្ញាធរ​អេ​​ហ្ស៊ី​ប​មិន​ទទួលស្គាល់​ការដោះលែង​រូបលោក​ទេ ហើយ​ក្រសួង​ការ​ បរទេស​អេ​ហ្ស៊ី​ប ក៏​មិនបាន​ឆ្លើយ​ តប​ភ្លាមៗ​ចំពោះ​សំណើសុំ​ការ​​អត្ថាធិប្បាយ​នោះដែរ​។ លោក ខាល​ឡេ​ដ អែល​បាល​ស៊ី (Khaled elBalshy) ប្រធាន​សហភាព​អ្នកកាសែត​អេ​ហ្ស៊ី​ប​បានឱ្យដឹងថា​លោក អាប​ដេ​ល អា​ហ្ស៊ី​ស ត្រូវបាន​ដោះលែង​កាលពី​ថ្ងៃអាទិត្យ ហើយ​ភរិយា​របស់លោក​បា​នប​ង្ហោះ​រូប​​ភាព​របស់លោក​នៅលើ​បណ្ដាញ​​សង្គម ដោយបាន​អរគុណ​ព្រះ​ជា​​ម្ចាស់​ដែល​បាន​ជួយ​រូបលោក​។​


​សារព័ត៌មាន Al Jazeera​ បានបញ្ជាក់​ឱ្យដឹងថា លោក អាប​ដេ​ល អា​ហ្ស៊ី​ស ជា​ជនជាតិ​អេ​ហ្ស៊ី​ប​ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​​កាតា​ដើម្បី​ធ្វើការ​លើ​រឿង​កិច្ចការ​សាធារណៈ​។

​លោក​ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ទីក្រុង​ខាយ​រ៉ូ ​(Cairo) ប្រទេស​​អេ​ហ្ស៊ី​ប​ក្នុង​ខែមិថុនា ឆ្នាំ ​២០១៩ ខណៈពេលដែល​លោក​កំពុង​ធ្វើ​​ដំណើរ​កម្សាន្ត​ជា​លក្ខណៈ​គ្រួសារ​។ មនុស្ស​ជាច្រើន​បាន​និយាយថា លោក​ត្រូវបាន​បាត់​ខ្លួន​ដោយ​បង្ខំ​ប្រហែលជា​១​ខែ មុនពេល​គេ​ឃើញ​លោក​ស្ថិតនៅក្នុង​មន្ទីរឃុំឃាំង​។


​ចាប់តាំងពី​ពេលនោះ​មក​អាជ្ញាធរ​បាន​អនុវត្ត​ការឃុំខ្លួន​បណ្ដោះ​អា​​សន្ន​រយៈពេល ៤៥​ ថ្ងៃ​ម្តង​ហើយ ម្តង ទៀត​ទៅលើ​រូបលោក​អស់​ជា​ច្រើនដង​រហូតមកដល់​សព្វថ្ងៃនេះ​។​

​សូម​ជម្រាប​ដែរ​ថា សារព័ត៌មាន Al Jazeera ត្រូវបាន​អាជ្ញាធរ​នៅ​ទីក្រុង​ខាយ​រ៉ូ​កំណត់​មុខសញ្ញា​ជា​យូរយារ​ណាស់​មកហើយ​ពោលគឺ​ចាប់តាំងពី​អេ​ហ្ស៊ី​ប​ត្រូវបាន​គ្រប់គ្រង​ដោយ​ពួកយោធា​នៅ​ឆ្នាំ​២០១៣​ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​​សេនីយ៍ អាប់​ដែល ហ្វា​តា អែល​ស៊ី​ស៊ី ​(Abdel Fattah elSissi)​ដែល​បាន​ឡើងកាន់តំណែង​ជា​ប្រធានាធិបតី​។

​គួរ​រំឭក​ផងដែរ​ថា ប្រទេស​កាតា​ជា​ប្រទេស​ដែល​ធ្លាប់បាន​គាំទ្រ​អតីត​ប្រធានាធិបតី​របស់​អេ​ហ្ស៊ី​ប គឺ​លោក ម៉ូ​ហា​ម៉េ​ដ ម៉ូ​ស៊ី (Mohammed Morsi)​ដែលជា​អ្នក​កាន់សាសនា​អ៊ិ​ស្លាម និង​ដែលជា​អ្នក​ជាប់ឆ្នោត​ក្រោយ​ព្រឹត្តិការណ៍​និ​ទាឃ​រដូវ​នៅ​ឆ្នាំ ​២០១១ បាន​បញ្ចប់ទៅ​។​

​លោក ម៉ូ​ស៊ី គឺជា​ផ្នែក​មួយ​នៃ​អង្គការ​ភាតរភាព​មូស្លីម (Muslim Brotherhood)​ ជា​អង្គការ​អ៊ិ​ស្លាម​ដែលមាន​គោលបំណង​បង្រួបបង្រួម​ប្រជាជន​មូស្លីម​នៅ​ទូទាំងប្រទេស​ផ្សេងៗ​គ្នា​ក្នុង​តំបន់​។ យ៉ាងណាក៏ដោយ បណ្ដា​ប្រទេស​អារ៉ាប់​នៅ​តំបន់​ឈូង​សមុទ្រ​មួយចំនួន​បាន​ចាត់​​ទុក​ក្រុម​នេះ​ថា ជាការ​គំរាមកំហែង​ដល់​ការគ្រប់គ្រង​តាមបែប​ប្រ​​ពៃ​ណី​របស់​ពួកគេ​ដែល​ធ្លាប់តែ​ផ្អែកលើ​ពូជពង្សវង្សត្រកូល​រប​ស់​ពួកគេ​។​

​ក្នុង​ឆ្នាំ​ ២០១៣ ​នោះ​ផងដែរ Al Jazeera បានធ្វើ​ការផ្សាយ​បន្ត​ផ្ទាល់​អំពី​ព្រឹត្តិការណ៍​ទាមទារ​តវ៉ា​របស់​អង្គការ​ភាតរភាព​មូស្លីម​ដែល​បានធ្វើឱ្យ​រដ្ឋាភិបាលយោធា​ខឹងសម្បា​យ៉ាងខ្លាំង​។ ជា​លទ្ធផល អេ​ហ្ស៊ី​ប​បាន​ដកហូត​អាជ្ញាប័ណ្ណ​របស់ Al Jazeera និង​បាន​ចុះ​ត្រួត​​ពិនិត្យ​ការិយាល័យ​របស់​ពួកគេ ថែមទាំង​បាន​ចាប់ខ្លួន​អ្នកសារព័ត៌មាន​ជាច្រើន​នាក់​ទៀតផង​។​

​ក្នុងនោះ​អ្នកកាសែត Al Jazeera ៣​ នាក់​គឺ​លោក​ភី​ធើ ហ្រ្គេស (Peter Greste) លោក ម៉ូ​ហា​ម៉េ​ដ ហ្វា​មី (Mohamed Fahmy) ​និង​លោក បា​ហេ ម៉ូ​ហា​ម៉េ​ដ (Baher Mohamed) ត្រូវបាន​ចាប់ខ្លួន និង​កាត់ទោស​ឱ្យ​ជាប់ពន្ធនាគារ​រយៈ​​ពេល ១០​ឆ្នាំ ដែល​បង្កឱ្យមាន​ការ​​រិះគន់​ពី​សំណាក់​អន្តរជាតិ​យ៉ាងខ្លាំង​។ ក្រោយមក​ពួកគេ​ត្រូវបាន​ដោះលែង​នៅ​ឆ្នាំ ​២០១៥​។​

​យ៉ាងណាក៏ដោយ ការដោះលែង នេះ​ធ្វើឡើង​នៅពេលដែល​ប្រទេស​​កាតា បាននិងកំពុង​បង្កើន​ទំនាក់​​ទំនង​ការទូត​ឡើងវិញ​ជាមួយ​ប្រទេស​ក្នុង​តំបន់​។ ជាក់ស្ដែង​លោក អែល ស៊ី​ស៊ី បាន​ចូលរួម​ក្នុង​កម្មវិធី​បើក​ការប្រកួត FIFA World Cup កាលពី​ឆ្នាំមុន​នៅ​ប្រទេស​កាតា តប​តាម​ការអញ្ជើញ​របស់​មេ​ដឹកនាំ​ប្រទេស​កាតា​។ សារព័ត៌មាន Al Jazeera បានឱ្យដឹងថា អ្នកកាសែត​របស់ខ្លួន​ ២​ នាក់​ទៀត​នៅតែ​ត្រូវបាន​ឃុំខ្លួន​ដោយ​អាជ្ញាធរ​អេ​ហ្ស៊ី​ប ពោលគឺ​ត្រូវបាន​ចាប់ខ្លួន​អំឡុង​ពេលដែល​ពួកគេ​កំពុង​សម្រាក​លំហែកាយ​នៅ​ទីនោះ​ដូចគ្នា​៕