កងកម្លាំង​អ៊ី​ស្រា​អែល និង​ក្រុម​ប្រដាប់អាវុធ​ប៉ា​ឡេ​ស្ទី​ន នៅ​ព្រឹក​ថ្ងៃទី​ ៣ ខែឧសភា ​បាន​ព្រមព្រៀងគ្នា​លើ​បទ​ឈប់​បាញ់​មួយ បន្ទាប់ពី​អ៊ី​ស្រា​អែល​ធ្វើការ​ទម្លាក់​គ្រាប់បែក​លើ​តំបន់​ហ្គា​ហ្សា​ស្ទ្រី​ប​កាលពី​យប់​ថ្ងៃទី​ ២ ខែឧសភា ជុំវិញ​ភាព​តានតឹង​ចុងក្រោយ​ដែល​កើនឡើង បន្ទាប់ពី​ការស្លាប់​របស់លោក Khader Adnan ដែលជា​អ្នកទោស​ប៉ា​ឡេ​ស្ទី​ន​ដ៏​ល្បីឈ្មោះ​ម្នាក់​ស្ថិតនៅក្រោម​ការឃុំ​ឃាំងរ​បស់​អ៊ី​ស្រា​អែល។

​ប្រភព​ ២ រូប​ដែល​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រថា បទ​ឈប់​បាញ់​ទៅវិញទៅមក និង​ក្នុងពេល​ដំណាលគ្នា បាន​ចូល​ជាធរ​មាននៅ​ម៉ោង​ប្រមាណ ៣​ កន្លះ​ទៀបភ្លឺ ក្រោម​កិច្ចខិតខំ​ប្រឹងប្រែង​សម្របសម្រួល​ពី​មន្ត្រី​អេ​ហ្ស៊ី​ប កាតា និង​អង្គការសហប្រជាជាតិ​។​

​បើតាម​ការបញ្ជាក់​ពី​អ្នកនាំពាក្យ​ក្រុម​ជី​ហាដ​អ៊ីស្លាម លោក ​Tareq Selmi ការប្រយុទ្ធ​គ្នា​បានបញ្ចប់​ទៅ​នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​ពុធ ខណៈ​ក្រុម​ហា​ម៉ាស់​ដែលជា​ក្រុម​ប្រដាប់អាវុធ​ប៉ា​ឡេ​ស្ទី​ន​មួយ​ដែរនោះ​បានឱ្យដឹង​ក្នុង​សេចក្ដីថ្លែងការណ៍​ថា ក្រុម​ហា​ម៉ា​សបាន​ចូលរួម​កិច្ចពិភាក្សា​ជាមួយ​មន្ត្រី​អេ​ហ្ស៊ី​ប កាតា និង​អង្គការ​ស ហ​ប្រជាជាតិ ដើម្បី​បញ្ចប់ ​«​ការឈ្លានពាន​របស់​អ៊ី​ស្រា​អែល​លើ​តំបន់​ហ្គា​ហ្សា​»​។​


​ក្រុម​ហា​ម៉ាស់ បាន​និយាយថា​មេដឹកនាំ​ក្រុម​គឺ លោក​ Ismail Haniyeh បាន​ជួបពិភាក្សា​ជាមួយ​មន្ត្រី​នៃ​ប្រទេស​ទាំង ​២ (​អេ​ហ្ស៊ី​ប និង​កាតា​) និង​អង្គការសហប្រជាជាតិ ដើម្បី​បញ្ចប់​ការវាយប្រហារ​របស់​អ៊ី​ស្រា​អែល ដែល​ប្រើ​យន្តហោះ​ចម្បាំង​ទម្លាក់​គ្រាប់ និង​រថក្រោះ​ដើម្បី​វាយប្រហារ​លើ​តំបន់​ហ្គា​ហ្សា​ស្ទ្រី​ប​នៅ​យប់​ថ្ងៃ​អង្គារ​។

​គួរ​បញ្ជាក់ដែរថា សកម្មភាព​យោធា​អ៊ី​ស្រា​អែល ធ្វើឡើង​បន្ទាប់ពី​ក្រុម​ហា​ម៉ាស់ និង​ជី​ហាដ​អ៊ិ​ស្លាម បាន​បាញ់​គ្រាប់​រ៉ុក្កែត​ចេញពី​តំបន់​ហ្គា​ហ្សា​ស្ទ្រី​ប​ទៅលើ​អ៊ី​ស្រា​អែល​កាលពី​ព្រឹក​ថ្ងៃ​អង្គារ បន្ទាប់ពី​ការស្លាប់​របស់លោក Adnan ដែល​បានធ្វើ​កូដកម្ម​បង្អត់អាហារ​រយៈពេល ៨៧ ​ថ្ងៃ​។


​យោធា​អ៊ី​ស្រា​អែល បាន​និយាយថា ក្រុម​ប្រដាប់អាវុធ​ប៉ា​ឡេ​ស្ទី​ន​បាន​បាញ់​គ្រាប់​រ៉ុក្កែត​យ៉ាងហោចណាស់ ៣០​ គ្រាប់ ទៅលើ​អ៊ី​ស្រា​អែល ដោយមាន​២ ​គ្រាប់​ធ្លា​ក់នៅ​ទីក្រុងអ៊ី​ស្រា​អែលភាគខាងត្បូង Sderot ហើយ​ធ្វើឱ្យ​មនុស្ស​ ៣​ នាក់​រងរបួស​។ ក្រុម​ប្រដាប់អាវុធ​ប៉ា​ឡេ​ស្ទី​ន រួមទាំង​ក្រុម​ហា​ម៉ាស់ និង​ក្រុម​ជី​ហាដ​អ៊ិ​ស្លាម បាន​អះអាង​ទទួលខុសត្រូវ​ចំពោះ​ការវាយប្រហារ​ទាំងនេះ​ថា ជាការ​ឆ្លើយតប​ទៅនឹង​ការស្លាប់​របស់លោក Adnan​។

​ប្រភព​មួយ​របស់​ប៉ា​ឡេ​ស្ទី​ន​បាន​ប្រាប់​Al Jazeera Arabic ថា បទ​ឈប់​បាញ់​គឺជា​លទ្ធផល​នៃ​ភាគី​ជាច្រើន​ចូលរួម​កិច្ចពិភាក្សា ដើម្បី​ការពារ​កុំឱ្យ​ការវាយប្រហារ​របស់​អ៊ី​ស្រា​អែល​លើ​តំបន់​ហ្គា​ហ្សា​កើនឡើង​។ យ៉ាងណាមិញ​គេ​មិនឃើញ​មាន​របាយការណ៍​ពី​អ្នកស្លាប់ ឬ​ការខូចខាត​ក្នុងការ​វាយប្រហារ​រប​ស់​អ៊ី​ស្រា​អែលលើ​តំបន់​ហ្គា​ហ្សា​នៅឡើយ​ទេ គិត​ត្រឹម​ព្រឹក​ថ្ងៃ​ពុធ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​បណ្ដាញ​ព័ត៌មាន Al Jazeera​។​

​យោងតាម​ប្រភព​សន្តិសុខ និង​សាក្សី​នៅ​ប៉ា​ឡេ​ស្ទី​ន ការវាយប្រហារ​តាម​អាកាស​របស់​អ៊ី​ស្រា​អែល បានកំណត់​គោលដៅ​លើ​ទីតាំង​ជាច្រើន​នៅក្នុង​តំបន់​ហ្គា​ហ្សា ដែលមាន​ប្រជាជន​ជាង ២​ លាន​នាក់​រស់នៅ​។ លោក Issam Adwan អ្នកកាសែត និង​ជា​អ្នករស់នៅ​ក្នុង​តំបន់​បាន​ប្រាប់​ Al Jazeera ថា លោក​បានឮ​ការផ្ទុះ​ជាច្រើន​នៅ​ជិត​ផ្ទះ​របស់លោក ហើយ​ថា វា​ជា​ការមិនពិត​នោះទេ​ដែល​កងកម្លាំង​អ៊ី​ស្រា​អែល​អះអាងថា​ការវាយប្រហារ​របស់​ពួកគេ​ផ្ដោត​តែ​លើ​ទីតាំង​យោធា​៕