មន្ត្រី​អង្គការសហប្រជាជាតិ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ បាន​ព្រមាន​កាលពី​ថ្ងៃ​អង្គា​រថា សេរីភាព​សារព័ត៌មាន កំពុង​រង​ការវាយប្រហារ​នៅ​គ្រប់​ជ្រុង​នៃ​ពិភពលោក​ដោយមាន​អ្នកកាសែត បន្ត​យាយី ចាប់​ដាក់គុក និង​សម្លាប់​។​

​ដោយ​ថ្លែង​នៅមុន​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក​នៅ​ថ្ងៃ​ពុធ អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក អង់​តូ​នី​ញ៉ូ ហ្គុ​យ​តឺ​រេស បានចេញ​សេចក្តីអំពាវនាវ​ដល់​អ្ន​ក​សារព័ត៌មាន និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទូទាំង​ពិភពលោក​។​

​លោក​បាន​និយាយ​ក្នុង​សារ​វីដេអូ​មួយ​ថា​៖​ «​សេរីភាព​ទាំងអស់​របស់​យើង​អាស្រ័យ​លើ​សេរីភាព​សារព័ត៌មាន​» ដោយ​ហៅ​វា​ថា​ជា «​គ្រឹះ​នៃ​លទ្ធិប្រជាធិបតេយ្យ និង​យុត្តិធម៌​» និង «​ឈាម​ចាំបាច់​ចំពោះ​ជីវិត​នៃ​សិទ្ធិមនុស្ស​»​។​


​ដោយ​ថ្លែង​សុន្ទរកថា​នៅក្នុង​សន្និសីទ​ដែល​ធ្វើឡើង​នៅ​ទីស្នាក់ការ​អង្គការសហប្រជាជាតិ​ក្នុង​ទីក្រុង​ញូវយ៉ក លោក​ហ្គុ​យ​តឺ​រេស បាន​បន្ថែមថា​៖ «​ប៉ុន្តែ​នៅ​គ្រប់​ជ្រុង​នៃ​ពិភពលោក​សេរីភាព​សារព័ត៌មាន​កំពុង​រង​ការវាយប្រហារ​»​។

​ដោយ​គូសបញ្ជាក់​អំពី​បញ្ហា នេះ​អង្គការ​យូណេស្កូ បានប្រគល់​រង្វាន់​សេរីភាព​សារព័ត៌មាន​ពិភពលោក​ឆ្នាំ​ ២០២៣ របស់ខ្លួន​ដល់​ស្ត្រី​ជនជាតិ​អ៊ី​រ៉ង់​ ៣​ នាក់ អ្នកកាសែត ២​ នាក់ និង​សកម្មជន​សិទ្ធិមនុស្ស ១ ​នាក់​ ដែល​ត្រូវបាន​ជាប់ពន្ធនាគារ​។​


​ខណៈពេលដែល​លោក​ ហ្គុ​យតឺ​រេស មិនបាន​ស្តីបន្ទោស​លើ​ប្រទេស​ជាក់លាក់​នោះ វាគ្មិន​ផ្សេងទៀត​បានលើកឡើង​ពី​ករណី​បុគ្គល ដូចជា​អ្នករាយការណ៍​របស់ Wall Street Journal លោក Evan Gershkovich ដែល​ត្រូវបាន​ឃុំខ្លួន​នៅក្នុង​ប្រទេស​រុស្ស៊ី​ពីបទ​ចារកម្ម​ដែល​គាត់​បាន​បដិសេធ​។​

​អ្នក​បោះពុម្ពផ្សាយ Wall Street Journal លោក Almar Latour បាន​ប្រាប់​វេទិកា​ថា​៖ «​ការប្រយុទ្ធ ដើម្បី​សេរីភាព​សារព័ត៌មាន​ការប្រយុទ្ធ​សម្រាប់​ការ​ដោះ លែង Evan គឺជា​ការប្រយុទ្ធ ដើម្បី​សេរីភាព​របស់​មនុស្ស​គ្រប់គ្នា​»៕​