ប្រទេស​អូស្ត្រាលី​ នឹងដាក់​ចេញ​វិធានការ​ហាមឃាត់​ការជក់បារី​អេឡិចត្រូនិក ឬ​ហៅថា «​វ៉ែ​ប​» ដោយ​អ្នកជំនាញ​បាន​លើកឡើងថា ការជក់បារី​អេឡិចត្រូនិក​នេះ​កំពុងមាន​ការរីក​រាល​ដាល​ខ្លាំង​។ យ៉ាងណាក៏ដោយ​ការដាក់​លក់​នៅតែ​អាចធ្វើ​ទៅបាន ប៉ុន្តែ​ត្រូវមាន​ការណែនាំ​ពី​ស្តង់ដា​គុណភាព​អប្បបរមា និង​អាច​លក់​បានតែ​នៅ​ឱសថស្ថាន​តែប៉ុណ្ណោះ​។​

​ជាទូទៅ​សារជាតិ​នីកូទីន​ដែលមាន​នៅក្នុង​បារី​ប្រភេទ​នេះ ត្រូវតម្រូវ​ឱ្យមាន​វេជ្ជបញ្ជា​ពី​គ្រូពេទ្យ​ឱ្យបាន​ច្បាស់លាស់ ប៉ុន្តែ​ឧស្សាហកម្ម​ផលិត​បារី​នេះ​ហាក់​មិនទាន់​ធ្វើបាន​តាម​ការណែនាំ ហើយ​ទីផ្សារងងឹត​ទៀតសោត​ក៏​កំពុង​រីកដុះដាល​ដូចគ្នា​។​

​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​អូស្ត្រាលី លោក ម៉ាក បាត​ឡឺ (Mark Butler)​​ បាន​មានប្រសាសន៍ថា​៖ «​ផលិតផល​ទាំងនេះ​កំពុង​ធ្វើឱ្យ​អ្នកញៀន​ជាតិ​នីកូទីន​កាន់តែច្រើន នៅ​ប្រទេស​អូស្ត្រាលី ជាពិសេស​មនុស្ស​ជំនាន់​ក្រោយ​»​។


គួរ​ដឹង​ដែរ​ថា បារី​អេឡិចត្រូនិក ជា​បារី​ដែល​ដុត​កម្តៅ​អង្គធាតុ​រាវ និង​ជាធម្មតា វា​មាន​ផ្ទុក​សារជាតិ​នីកូទីន​។ វា​អាច​បញ្ចេញ​ចំហាយ​ផ្សែង​នៅពេល​អ្នកប្រើប្រាស់​ស្រូបខ្យល់​ចូល​។ បារី​នេះ​ត្រូវបាន​គេ​យល់ឃើញថា ជា​ផលិតផល​ប្រើ​សម្រាប់​ជួយ​ដល់​អ្នក​ជក់បារី​ឱ្យ​ឈប់​ជក់បារី​បាន​។​

​ជាទូទៅ​បារី​អេឡិចត្រូនិក​ត្រូវបាន​គេ​ចាត់ទុកថា​មាន​សុវត្ថិភាព​ជាង​បារី​ធម្មតា ព្រោះ​វា​មិនមាន​ថ្នាំជក់​ដែល​បង្ក​គ្រោះថ្នាក់​នោះទេ​។​


​ជាក់ស្ដែង អង់គ្លេស​ថែមទាំង​បាន​ចែកចាយ​ដល់​អ្នក​ជក់បារី​មួយចំនួន​ដោយ​ឥតគិតថ្លៃ​ដើម្បីឱ្យ​ពួកគេ​កាត់ផ្ដាច់​ការជក់បារី​ធ​ម្ម​តា​។ ប៉ុន្តែ​អ្នកជំនាញ​ផ្នែក​សុខភាព​បាន​ណែនាំ​ថា បារី​អេឡិចត្រូនិក​មិនមែន​មិនមាន​គ្រោះថ្នាក់​ទាំងស្រុង​នោះទេ​ព្រោះ​វា​អាច​ផ្ទុក​សារធាតុ​គីមី ហើយ​ផលប៉ះពាល់​ក្នុង​រយៈពេល​វែង​ពី​ការប្រើប្រាស់ ក៏​មិនទាន់មាន​ការស្រាវជ្រាវ​ឱ្យដឹង​ច្បាស់​នៅឡើយ​ដែរ​។​

​បន្ថែម​លើ​នេះ រដ្ឋាភិបាល​អូស្ត្រាលី​ក៏​អះអាងថា បារី​ប្រភេទ​នេះ ជាការ​គំរាមកំហែង​ដល់​សុខភាព​សាធារណៈ ពិសេស​ប៉ះពាល់​ដល់​យុវជន ដែល​ភាគច្រើន ពួកគេ​មិនដែល​ធ្លាប់បាន​ជក់បារី​ពីមុនមក​នោះទេ​។​ការស្រាវជ្រាវ​មួយ​បាន​បង្ហាញថា​ជនជាតិ​អូស្ត្រាលី ១​ នាក់​ក្នុងចំណោម ៦​ នាក់​ដែលមាន​អាយុ​ពី ​១៤ ដល់ ១៧​ ឆ្នាំ​បាន​ជក់បារី​អេឡិចត្រូនិក​នេះ និង​ ១​ នាក់​ក្នុងចំណោម​មនុស្ស ៤​នាក់​ដែលមាន​អាយុ​ពី ១៨ ទៅ ២៤​ ឆ្នាំ​បាន​ជក់​វា​ដូចគ្នា​។​

​លោក បាត​ឡឺ ដែលមាន​អាយុ ៥២ ​ឆ្នាំ​បាន​លើកឡើងថា​៖ «​មានតែ​ ១ ​នាក់​ប៉ុណ្ណោះ​ក្នុងចំណោម ៧០ ​នាក់​ដែល​អាយុ​ស្មើ​ខ្ញុំ​ដែលមាន​បារី​អេឡិចត្រូនិក​សម្រាប់​ជក់​»​។

​លោក​បាន​បន្តថា អ្នកលក់​បារី​ប្រភេទ​នេះ​បាន​ផ្ដោត​គោលដៅ​របស់​ពួកគេ​ទៅកាន់​ក្មេងៗ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​បារី​នេះ​ក៏​អា​ចរក​ទិញ​បាន​យ៉ាង​ងាយស្រួល​នៅតាម​ហាង​លក់​នំ​ឡូ​លី និង​សូកូឡា​ជាដើម​។​

​អូស្ត្រាលី​ជា​ប្រទេស​ដែលមាន​ច្បាប់​ប្រឆាំង​ការជក់បារី​ខ្លាំង​បំផុត​មួយ​នៅលើ​ពិភពលោក​។ ជាក់ស្ដែង​អូស្ត្រាលី​បាន​ហាមឃាត់​មិនឱ្យ​មានការ​ប្រើប្រាស់​បារី​អេឡិចត្រូនិក​ណា​ដែល​មិនមាន​វេជ្ជបញ្ជា​ត្រឹមត្រូវ​ឡើយ​។​

​វេជ្ជបញ្ជា​ពិតជា​ចាំបាច់​ណាស់​សម្រាប់​បារី​ប្រភេទ​នេះហើយ​ក៏​នឹងត្រូវ​តម្រូវឱ្យ​មានការ​វេច​ខ្ចប់​ដូច​ទៅនឹង​ឱសថ​ផងដែរ​។

​បន្ថែម​លើ​នេះ​ច្បាប់​រឹតបន្តឹង​លើ​រសជាតិ​ពណ៌ ជាតិ​នីកូទីន និង​សារធាតុ​ផ្សំ​ផ្សេងទៀត​ក៏​នឹង​ត្រូវបាន​ដាក់ចេញ​ឱ្យ​អនុវត្ត​ទៀតផង​។​

​ក្រុមប្រឹក្សា​ជំងឺមហារីក​បាន​យល់ឃើញថា វិធានការ​នេះ គឺ​ពិតជា​ល្អ​ដើម្បី​កុំឱ្យ​ប្រវត្តិសាស្ត្រ​អាច​កើតឡើង​ម្តងទៀត​ទៅលើ​ប្រជាជន​អូស្ត្រាលី​ជំនាន់​ក្រោយ​។ ដោយឡែក​អ្នកនយោបាយ ស្ថាប័ន​ឧស្សាហកម្ម និង​អ្នកជំនាញ​សុខភាព​មួយចំនួន បាន​យល់ឃើញថា អូស្ត្រាលី​គួរតែ​បន្ធូរបន្ថយ​ច្បាប់​របស់ខ្លួន​។ រីឯ​អ្នកផ្សេង ទៀត​បាន​សម្តែង​ការព្រួយបារម្ភ​ថា ការ​រឹតត្បិត​កាន់តែខ្លាំង អាច​បណ្ដាលឱ្យ​មនុស្ស​កាន់តែច្រើន​ងាក​ទៅរក​ទីផ្សារ​ខុសច្បាប់​ដែល​មិនមាន​ការគ្រប់គ្រង​បាន​ត្រឹមត្រូវ​៕